អ្នកវិភាគថា គណបក្សថ្មី នឹងទទួលបានការជេរស្ដី និងសើចចំអកពីពលរដ្ឋ ជាងសាទរ
អ្នកវិភាគមើលឃើញថា គណបក្សថ្មីរបស់ក្រុមអ្នកសុំសិទ្ធិធ្វើនយោបាយ ដែលជាអតីតមន្ត្រីនៃគណបក្សសង្គ្រោះជាតិ នឹងមិនទទួលបានការគាំទ្រពីពលរដ្ឋ ហើយគណបក្សនោះនឹងមានវាសនា ដូចគណបក្សគ្មានកៅអីក្នុងរដ្ឋសភាដទៃទៀតដែរ។
ការលើកឡើងនេះ ក្រោយពេលក្រុមអ្នកសុំសិទ្ធិធ្វើនយោបាយខ្លះ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សថ្មីមួយ ឈ្មោះគណបក្សខ្មែរស្រឡាញ់ជាតិ ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ មករា។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត យល់ថា អតីតមន្ត្រី និងអតីតសកម្មជនបក្សប្រឆាំងទាំងនោះ គ្មានឱកាសបានស៊ីកេរ្តិ៍ គណបក្សប្រឆាំងឡើយ ដោយសារពលរដ្ឋ គ្មាននិន្នាការគាំទ្រគណបក្សថ្មី ក្រៅពីសង្គ្រោះជាតិ។ លោក បុង ដែត ថា មិនត្រឹមតែគ្មានការគាំទ្រទេ តែគណបក្សថ្មីនេះ នឹងរងការរិះគន់ពីពលរដ្ឋយ៉ាងចាស់ដៃ បន្ថែមទៀតផង។
អ្នកវិភាគរូបនេះ អះអាងថា ក្នុងបរិបទបច្ចុប្បន្ន ពលរដ្ឋមិនទាន់អស់ជំនឿលើ លោក សម រង្ស៊ី និង លោក កឹម សុខា ទេ ហើយពួកគេ មិនត្រូវការគណបក្សនយោបាយថ្មី ក្រៅពីគណបក្សសង្គ្រោះជាតិនោះឡើយ។ ដូច្នេះ ការបង្កើតគណបក្សថ្មីនេះ នឹងក្លាយជាការសើចចំអកពីពលរដ្ឋ និងបង្ហាញឱ្យឃើញថា អ្នកនយោបាយទាំងនោះ កំពុងឆ្លៀតឱកាសច្បាមដណ្ដើមកេរ្តិ៍បក្សប្រឆាំង ឬបង្ហាញពីចេតនាបម្រើនយោបាយ គណបក្សកាន់អំណាច«គណបក្សថ្មី ដែលបង្កើតឡើងនេះ មិនខុសពីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា (រួមដៃគ្នា ទទួលស្គាល់ការរំលាយបក្សប្រឆាំង)។
តំណាងរាស្ត្រជាប់ឆ្នោត ២នាក់ និងសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួន សរុបមានគ្នា ៨នាក់ បានប្រកាស ជាស្ថាបនិកគណបក្សថ្មីមួយ ឈ្មោះ គណបក្សខ្មែរស្រឡាញ់ជាតិ ឬ ជាភាសាអង់គ្លេសថា (the Cambodian Nation Love Party ឬ CNLP) ដោយបានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សថ្មីនេះ នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ ខែមករា។ ក្រុមស្ថាបនិកគណបក្សនយោបាយថ្មីនេះ ដោយអះអាងក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី២ ខែមករា ថា ការបង្កើតគណបក្សថ្មី ព្រោះចង់បង្រួបបង្រួមអ្នកប្រជាធិបតេយ្យឡើងវិញ។
ប្រធានក្រុមស្ថាបនិកគណបក្សនយោបាយថ្មីនេះ គឺជាតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ លោក ជីវ កត្តា លើកឡើងក្នុងសន្និសីទកាសែតនោះ ថាគណបក្សថ្មីនេះ មានបំណងបន្តគោលដៅគណបក្សសង្គ្រោះជាតិ បង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ផ្សះផ្សាជាតិ និងតស៊ូមតិតាមគោលការណ៍ប្រជាធិបតេយ្យ។
បើការដាក់ស្នើសុំចុះបញ្ជីគណបក្សនេះ ត្រូវបានយល់ព្រមពីក្រសួងមហាផ្ទៃ ឱ្យបើកគណបក្សមែន គណបក្សខ្មែរស្រឡាញ់ជាតិនេះ នឹងក្លាយជាគណបក្សនយោបាយទី៣ ដែលបង្កើតឡើង ដោយក្រុមមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ក្រោយគណបក្សប្រឆាំងដែលមានកម្លាំងគាំទ្រប្រហាក់ប្រហែលគណបក្សកាន់អំណាចមួយនេះ ត្រូវបានរបបក្រុងភ្នំពេញរម្លាយចោល កាលពីឆ្នាំ២០១៧។
គណបក្សនយោបាយដំបូង ដែលបង្កើតដោយក្រុមសកម្មជនបក្សប្រឆាំងនេះដែរ គឺគណបក្សឆន្ទៈខ្មែរ របស់កូនប្រុសអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិគឺលោក គង់ គាំ ដែលបង្កើតនៅឆ្នាំ២០១៨។ ប៉ុន្តែ មិនទទួលបានអាសនៈសភាមួយអាសនៈនោះឡើយ ក្នុងព្រឹត្តិការណ៍បោះឆ្នោតកាលពីខែ កក្កដា ឆ្នាំ ២០១៨នោះ។ បន្ទាប់មកទៀត គឺគណបក្សខ្មែរអភិរក្សនិយម របស់តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តស្វាយរៀង លោក រៀល ខេមរិន្ទ្រ ដែលលោកបង្កើតនៅឆ្នាំ២០១៩ ក្រោយលោកដាក់លិខិតសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ គណបក្សនយោបាយទាំង ២នេះ សុទ្ធតែតែប្រកាសអះអាងប្រាប់សាធារណជនថា ជាព្រលឹងរបស់គណបក្សសង្គ្រោះជាតិ។
សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេស និងក្រៅប្រទេស មិនពេញចិត្តចំពោះការបង្កើតគណបក្សថ្មីៗឡើយ ដោយហៅអ្នកបង្កើតបក្សថ្មីទាំងនេះថា ជាក្រុមស៊ីពែ ឬជនមិនស្មោះត្រង់ជាមួយពលរដ្ឋ ដែលគាំទ្រគណបក្សប្រឆាំង។ ពួកគេបង្ហោះសារឌឺដងក្នុងហ្វេសប៊ុក (facebook) ថា ការបង្កើតគណបក្សថ្មីៗទាំងនេះ គឺគ្រាន់តែដើម្បីទទួលបានលាភសក្ការៈផ្ទាល់ខ្លួន ឬចង់បានតំណែងជាទីប្រឹក្សាលោក ហ៊ុន សែន ឬធ្វើតាមនយោបាយបំភាន់មតិសាធារណជន និងបំបែកបំបាក់សំឡេងប្រឆាំងតែប៉ុណ្ណោះ។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ លោក លី រតនៈរស្មី អះអាងថា ក្រុមអ្នកសុំសិទ្ធិធ្វើនយោបាយទាំងនោះ ខំប្រឹងបង្កើតគណបក្សថ្មី ដើម្បីផ្គាប់ចិត្ត និងធ្វើតាមបញ្ជាគណបក្សកាន់អំណាច។ លោកថា ពលករ និងសកម្មជនបក្សប្រឆាំង គ្មានគាំទ្រគណបក្សណាមួយ ក្រៅពីគណបក្សសង្គ្រោះជាតិឡើយ ព្រោះពួកគេសុទ្ធតែដឹងថា មានតែលោក កឹម សុខា និង លោក សម រង្ស៊ី រួមគ្នាតែប៉ុណ្ណោះ ទើបអាចយកឈ្នះ លោក ហ៊ុន សែន បាន៖ «មិនថា អស់លោកណាទេ ដែលទៅបើកគណបក្សថ្មី ឬក៏ទៅធ្វើអ្វីថ្មី ឱ្យប្រជាពលរដ្ឋហ្នឹង គាំទ្រ អាហ្នឹងអត់ទេ។ បើចំពោះនៅក្នុងប្រទេសថៃ យើងប្រកាន់ភ្ជាប់ លោកប្រធានទាំង២ លោកប្រធាន កឹម សុខា លោកប្រធាន សម រង្ស៊ី ជានិម្មិតរូបរបស់គណបក្សសង្គ្រោះជាតិ»។
ជុំវិញសំណើសុំបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ របស់ក្រុមអ្នកសុំសិទ្ធិធ្វើនយោបាយខាងលើនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលរបស់ក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន បាននៅឡើយទេ កាលពីថ្ងៃទី៣ ខែ មករា ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកទទួល។
ទោះយ៉ាងណា របបក្រុងភ្នំពេញ បានចែងក្នុងច្បាប់ស្ដីពីគណបក្សនយោបាយ ថាគណបក្សថ្មី ត្រូវរង់ចាំ១៥ថ្ងៃ ដើម្បីយកលិខិតអនុញ្ញាតពីក្រសួងមហាផ្ទៃ ទៅប្រមូលស្នាមមេដៃអ្នកគាំទ្រ ឱ្យបានចំនួនប្រាំរយ (៥០០) ស្នាមមេដៃ ដាក់ជូនក្រសួងមហាផ្ទៃវិញ។ ដូច្នេះ គណបក្សខ្មែរស្រឡាញ់ជាតិនេះ នឹងត្រូវរង់ចាំការឆ្លើយតបជាផ្លូវពីក្រសួងមហាផ្ទៃរយៈពេល ២សប្ដាហ៍ទៀត។
ចំណែកឯប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ឯណោះទៅវិញ ធ្លាប់បានថ្លែងថាគណបក្សនយោបាយដែលបង្កើតថ្មី ហើយអះអាងថា ជាស្មារតីរបស់គណបក្សសង្គ្រោះជាតិនោះ គឺគ្រាន់តែជាអំពិលអំពែក ដែលភ្លឹបភ្លែតតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានរបបលោក ហ៊ុន សែន រម្លាយរួចមក មន្ត្រីជាន់ខ្ពស់គណបក្សនេះចំនួន ១១៨ នាក់ត្រូវបានរបបនេះ ហាមប្រាមសិទ្ធិធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។ ប៉ុន្តែ ក្រោយរងសម្ពាធអន្តរជាតិ ដែលទាមទារឱ្យគណបក្សសង្គ្រោះជាតិបើកដំណើរការឡើងវិញ និងផ្តល់នីតិសម្បទារឱ្យមន្ត្រីបក្សប្រឆាំងទាំងអស់នោះឡើងវិញ របបលោក ហ៊ុន សែន បានសម្រួល ដើម្បីឱ្យមន្ត្រីបក្សប្រឆាំងដែលរងបម្រាមសិទ្ធិនយោបាយទាំងនោះ អាចដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ ប៉ុន្តែត្រូវបើកគណបក្សថ្មីទើបព្រម។
រហូតមកដល់ពេលនេះ មានមន្ត្រីគណបក្សសង្គ្រោះជាតិ មិនដល់ ១០% ទេដែលព្រមដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយវិញនេះ។ ក្នុងចំណោមអ្នក ដែលបានសុំសិទ្ធិធ្វើនយោបាយវិញ មិនដល់ ១០ នាក់នេះ បាននាំគ្នាទៅបង្កើតគណបក្សនយោបាយរហូតដល់ទៅបីផ្សេងៗគ្នា រួចទៅហើយ បើទោះបីជាអ្នកទាំងនោះ អះអាងថា នៅបន្តរក្សាស្មារតីគណបក្សសង្គ្រោះជាតិតែមួយក៏ដោយ។
ស្របពេលជាមួយគ្នានេះ មន្ត្រីគណបក្សប្រឆាំងស្ទើរតែទាំងអស់ដែលរងបម្រាមនយោបាយ ក៏នៅតែមិនព្រមសុំសិទ្ធិធ្វើនយោបាយ ឬទៅបង្កើត ឬចូលរួមជាមួយគណបក្សដែលបង្កើតថ្មីណាមួយនោះឡើយ ដោយស៊ូទ្រាំចាំគណបក្សសង្គ្រោះជាតិ បើកដំណើរការឡើងវិញ ឬបន្តការស្ងៀមស្ងាត់តទៅទៀត។
ចំណែកឯ ចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់អូរចារ កញ្ញា ស៊ិន ចន្ទពៅរ៉ូហ្ស៊េត ដែលរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីមន្ត្រីគណបក្សកាន់អំណាច បានសរសេរជាកំណាព្យ លើគណនីហ្វេសប៊ុករបស់កញ្ញា ថាឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី កញ្ញាសូមបញ្ជាក់សេចក្ដី ទោះកញ្ញាជាស្រី ជាយុវតី កញ្ញាក៏មិនរត់ទៅណាទៅណី ទៅរកបក្សណាថ្មី ក្រៅពីសង្គ្រោះជាតិឡើយ។ កញ្ញាបញ្ជាក់ទៀតថា កាលណាគ្មានសង្គ្រោះជាតិ កញ្ញាសុខចិត្តរស់នៅត្បិតត្បៀត ជាពលរដ្ឋសាមញ្ញ៕
អត្ថបទ និង រូបភាព rfa.org/khmer
អ្នកវិភាគថា គណបក្សថ្មី នឹងទទួលបានការជេរស្ដី និងសើចចំអកពីពលរដ្ឋ ជាងសាទរ
Reviewed by Admin
on
Monday, January 06, 2020
Rating: