តើការប្រើពាក្យ ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និងទណ្ឌិត គួរប្រើនៅដំណាក់កាលណាខ្លះ ?


១- “ជនសង្ស័យ” ពាក្យនេះគឺប្រើសម្រាប់ហៅបុគ្គលដែលសង្ស័យថាបានចូលរួមប្រព្រឹត្តបទល្មើស អាចជាចារី សហចារី អ្នកសមគំនិត និងអ្នកផ្តើមគំនិត។ នគរបាលយុត្តិធម៌ប្រើពាក្យនេះនៅក្នុងកំណត់ហេតុផ្សេងៗ ស្ថិតក្នុងការស៊ើបអង្កេតរបស់ខ្លួន ព្រោះដំណាក់កាលនេះ បុគ្គលនោះឋិតនៅក្នុងការសង្ស័យនៅឡើយ ពុំទាន់មានការចោទប្រកាន់ពីអយ្យការទេ។ ក្នុងមាត្រា៩៦ចែងថា “ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌អាចឃាត់ខ្លួន បុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស។

២- “ជនល្មើស” ន័យដូចពាក្យ “ជនសង្ស័យ” ដែរ គឺប្រើសម្រាប់ហៅបុគ្គលដែលសង្ស័យថាបានចូលរួមប្រព្រឹត្តបទល្មើស ក៏ប៉ុន្តែគេច្រើនប្រើពាក្យនេះក្នុងករណីបទល្មើសជាបទល្មើសជាក់ស្តែង។
ឧទាហរណ៍៖ បុគ្គលម្នាក់កំពុងកាប់ទៅលើជនម្នាក់បណ្តាលឱ្យស្លាប់ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់បានភ្លាមនៅកន្លែងកើតហេតុ ជននោះយើងអាចហៅថា “ជនល្មើស” ព្រោះគ្មានបុគ្គលផ្សេងទៀតទេក្រៅពីបុគ្គលនោះ។ ក្នុងមាត្រា៨៧នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “ក្នុងករណីបទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្តែង គ្រប់បុគ្គលទាំងអស់អាចចាប់ខ្លួនជនល្មើស ហើយនាំខ្លួនជននោះទៅប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ដែលនៅជិតបំផុត។ សូមបញ្ជាក់ថា ទោះបីមានសំអាងច្បាប់យ៉ាងនេះក្តី អ្នកច្បាប់នៅតែណែនាំឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើពាក្យ “ជនសង្ស័យ” មានលក្ខណៈប្រសើរជាង។

៣- “ជនត្រូវចោទ” អត្ថន័យនៃពាក្យនេះ គឺជាបុគ្គលដែលត្រូវបានព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ដោយដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ។ នៅក្នុងមាត្រា១៣៣នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “នៅគ្រប់ពេលវេលានៃការស៊ើបសួរ ជនត្រូវចោទអាចសុំឱ្យចៅក្រមស៊ើបសួរធ្វើការសួរចម្លើយខ្លួន។

៤- “ជនជាប់ចោទ” ពាក្យនេះប្រើសម្រាប់ហៅទៅលើបុគ្គលដែលត្រូវបានបញ្ចូនទៅជំនុំជម្រះក្នុងរឿងព្រហ្មទណ្ឌចំពោះមុខសាលាដំបូង។ ក្នុងមាត្រា២៩១នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “គ្រប់បុគ្គលដែលត្រូវបានបញ្ជូនទៅចំពោះមុខតុលាការតាមនីតិវិធីណាមួយដូចខាងលើនេះ មានឈ្មោះថា ជនជាប់ចោទ។

៥- “ពិរុទ្ធជន” គឺជាជនជាប់ចោទដែលត្រូវបានប្រកាសសាលក្រមនៅពេលសវនាការសាធារណៈ។ ក្នុងមាត្រា៣៦៥នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “ពិរុទ្ធជនអាចធ្វើបណ្តឹងទាស់នឹងសាលក្រមដែលប្រកាសដោយកំបាំងមុខខ្លួនបាន”។

៦- “ទណ្ឌិត” គឺជាជនដែលកំពុងអនុវត្តទោសពន្ធនាគារតាមអំណាចសាលក្រម ឬសាលដីកាជាស្ថាពរ។ ក្នុងមាត្រា៥០២នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “ទណ្ឌិតដែលបានអនុវត្តទោសរបស់ខ្លួនរួចហើយ ត្រូវដោះលែងនៅក្នុងចន្លោះពីម៉ោង៦ព្រឹកដល់ម៉ោង១៨ល្ងាច។
តើការប្រើពាក្យ ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និងទណ្ឌិត គួរប្រើនៅដំណាក់កាលណាខ្លះ ? តើការប្រើពាក្យ ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និងទណ្ឌិត គួរប្រើនៅដំណាក់កាលណាខ្លះ ? Reviewed by Admin on Wednesday, May 15, 2019 Rating: 5
ads
Powered by Blogger.