មន្ត្រី​នគរបាល​ខេត្ត​ស្វាយរៀង​ថា លទ្ធផល​ស្រាវជ្រាវ​របស់​ក្រសួង​មហាផ្ទៃ​ជា​រឿង​អយុត្តិធម៌

ឧត្ដមសេនីយ៍​ទោ កឹង ឃន ស្នងការ​ខេត្ត​ស្វាយរៀង
រូប៖ ហ្វេសប៊ុក Koengkorn Khlrn
ក្រសួងមហាផ្ទៃ​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​បែប​វិជ្ជមាន​មួយ​សន្លឹក នៃ​ការស៊ើបអង្កេត​មន្ត្រី​របស់​ខ្លួន​ដែល​ជាប់​ចោទ​ពី​បទ​ពុករលួយ។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ចុះ​ស៊ើបអង្កេត​ដោយ​មន្ត្រី​ក្រសួងមហាផ្ទៃ​ខ្លួនឯង និង​ការ​ចេញ​របាយការណ៍​នេះ​មិន​គ្រប់គ្រាន់​ទេ គឺ​ត្រូវតែ​មាន​ស្ថាប័ន​ផ្សេង​ដែល​ឯករាជ​ពី​ក្រសួង​មហាផ្ទៃ​ចុះ​ស៊ើបអង្កេត​ស៊ីជម្រៅ​ពី​រឿង​នេះ​។ ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃន រង​ការ​ចោទ​ថា ប្រព្រឹត្ត​អំពើពុករលួយ បក្សពួកនិយម និង​ប្រើ​កាំភ្លើង​បាញ់​កូនចៅ​ឯង។ ថ្មីៗ​នេះ ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ព័ត៌មាន​ថា លោក កឹង ឃន មានការ​គាំទ្រ​ចំពោះ​សកម្មភាព​ការងារ​ដឹកនាំ​តាមរយៈ​ការស្ទង់មតិ​ពី​បុគ្គលិក​របស់​លោក។
ផ្ទុយ​ពី​លិខិត​អនាមិក​ដែល​ចោទ​ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃន ពុករលួយ​ដល់​ឆ្អឹង សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី៨ មេសា ឱ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត​ស្វាយរៀង​ទទួល​យក​ស្នាដៃ​ដឹកនាំ និង​ការអនុវត្ត​ផែនការ​ការងារ​របស់​ស្នងការ​រូប​នេះ។
សេចក្ដី​ប្រកាស​ក៏​ឱ្យ​ដឹង​ដែរ​ថា ក្រុម​ចុះ​ការងារ​ដែល​ចុះ​ស៊ើបអង្កេត​រក​មិន​ឃើញ​បណ្ដឹង​អនាមិក ដែល​ចោទ​ថា លោក​ស្នងការ​ខេត្ត​នេះ គៀប​សង្កត់​មន្ត្រី​ថ្នាក់ក្រោម និង​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​ឡើយ​ទេ។
ចំពោះ​ការ​ចោទ​ថា ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃន ប្រមូល​លុយ​ពី​ឈ្មួញ​នាំ​ទំនិញ​ពី​វៀតណាម​នៅ​ច្រក​ព្រំដែន សំរោង និង​ច្រក​បុសមន ក្នុង​មួយ​យប់ៗ មិន​ក្រោម ២​ម៉ឺន​ដុល្លារ​នោះ ក្រសួង​មហាផ្ទៃ​គ្រាន់តែ​អះអាង​បែប​មិន​ច្បាស់លាស់​ថា ច្រក​ព្រំដែន​ទាំងនោះ​ពុំ​អំណោយផល​ការ​នាំ​ទំនិញ​ចូល​កម្ពុជា​នោះ​ទេ និង​មាន​សមត្ថកិច្ច​ចម្រុះ ៣​ស្ថាប័ន​ប្រចាំការ​នៅ​តំបន់​នោះ​ផង។
កន្លងមក​នគរបាល​ខេត្ត​ស្វាយរៀង ៥៧ នាក់ ចោទ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង គឺ​លោក កឹង ឃន ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​របៀង ៩​កន្លែង ក្នុង​ខេត្ត​ជាប់​ព្រំដែន​ខាងកើត​មួយ​នេះ​។ ពួកគេ​អះអាង​ថា ស្នងការ​រូប​នេះ​បាន​បញ្ជូន​សាច់ញាតិ​ឱ្យ​ទៅ​គ្រប់គ្រង​ច្រក​របៀង​គ្រប់​ច្រក ដើម្បី​ចាំ​ទទួល​លុយ​ពី​ឈ្មួញ​ជនបរទេស​នាំ​ទំនិញ​ខូចគុណភាព​ចូល​ដោយ​សេរី គ្មាន​ការ​ត្រូត​ពិនិត្យ​ពី​មន្ត្រី​ជំនាញ។
លើស​ពី​នេះ ពួកគេ​បន្ត​អះអាង លោក កឹង ឃន ក៏​ធ្លាប់​បាញ់​ប្រពន្ធ​ខ្លួនឯង​ឱ្យ​របួសធ្ងន់​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម និង​ធ្លាប់​យក​កាំភ្លើង​បាញ់​មន្ត្រី​ន​របាល​ជា​កូនចៅ​ខ្លួនឯង​ឱ្យ​របួសធ្ងន់​ដែរ។
នគរបាល​ម្នាក់​ក្នុងចំណោម នគរបាល​ជិត ៦០​នាក់ ដែល​ចុះហត្ថលេខា​ចោទ ស្នងការ​រូប​នេះ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ និង​សំឡេង ដោយ​បារម្ភ​ពី​សមត្ថភាព​ថា ការស៊ើបអង្កេត​របស់​ក្រសួង​មហាផ្ទៃ ពុំ​យុត្តិធម៌​នោះ​ទេ ថែមទាំង​បន្ថែម​​ការឈឺចាប់​ដល់​ពួកគេ​ទៀត។ លោក​សង្ស័យ​ថា ស្នងការ​ខេត្ត​ស្វាយរៀង​លោក កឹង ឃន អាច​នឹង​ជះ​លុយ​រាប់​ម៉ឺន​ដុល្លារ​ពឹង​មន្ត្រី​ថ្នាក់​ជាតិ​មួយ​ចំនួន​ឱ្យ​ជួយ​អន្តរាគមន៍ បិទបាំង​រឿង​អាស្រូវ​របស់​ខ្លួន។
អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ដើម្បី​សុំ​ការ​បំភ្លឺ​ពី​លទ្ធផល នៃ​ការស៊ើបអង្កេត​នេះ ក៏ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល នៅ​ថ្ងៃទី១០ មេសា​។ ចំណែក​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​លើក។
ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា លទ្ធផល​នៃ​ការស៊ើបអង្កេត​នេះ នៅ​មិនទាន់​គ្រប់គ្រាន់​ទេ ត្រូវតែ​មាន​ការចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ដទៃ​ទៀត ដែល​ឯករាជ​ដាច់ដោយឡែក​ពី​ក្រសួងមហាផ្ទៃ។ លោក​បញ្ជាក់​ថា ទម្រង់​នៃ​ការស៊ើបអង្កេត​របស់​ក្រសួងមហាផ្ទៃ ជា​ស្ថាប័ន​សាមី ដែល​មាន​ទំនាក់ទំនង​ស្និទ្ធ ជាមួយ​ថ្នាក់ក្រោម ដែល​លោក​បារម្ភ​ថា ការស៊ើបអង្កេត​នេះ អាច​នឹង​កើតមាន​ទំនាស់​ផលប្រយោជន៍​៖ «ខ្ញុំ​យល់ថា គ្រាន់តែ​ជា​ស្ថាប័ន​សាមី ចុះ​ស៊ើបអង្កេត​កូនចៅ​របស់​ខ្លួន​មិនទាន់​គ្រប់​គ្រាន់តែ ទាល់តែ​មានការ​ស៊ើបអង្កេត​របស់​ស្ថាប័ន ជំនាញ​ផ្សេងទៀត​ឯករាជ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​មាន​អាជ្ញាធរ​ផ្នែក​សវនកម្ម»។
អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក សឹង សែនករុណា យល់ថា ពាក្យ​បណ្ដឹង​របស់​នគរបាល​ទាំង ៥៧​នាក់​នោះ​ទេ មាន​ខ្លឹមសារ​ខ្លះ ចោទ​ថា លោក កឹង ឃន បាញ់​ភរិយា​ខ្លួនឯង និង​នគរបាល​ម្នាក់ ឱ្យ​របួសធ្ងន់ បញ្ជូន​ទៅ​ព្យាបាល​នៅ​វៀតណាម គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង ដែល​ទាមទារ​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​អនុវត្ត​ច្បាប់ និង​ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ។ លោក​បញ្ជាក់​ថា ប្រសិនបើ លោក កឹង ឃន ប្រើ​អាវុធ​ខុស​ពី​តួនាទី និង​ក្របខ័ណ្ឌ​ច្បាប់ ជា​អំពើ​ខុសច្បាប់​មួយ​កម្រិត​ទៀត ដែល​ទាមទារ​ឱ្យ​ថ្នាក់លើ​ចាត់វិធានការ និង​ផ្ដន្ទាទោស​តាមច្បាប់​៖ «ជាទូទៅ​អាវុធ គេ​ប្រើប្រាស់ ក្នុង​ការ​បំពេញ​បេសកកម្ម មិន​អាច​ប្រើ​អាវុធ​មក​ប្រើប្រាស់ រឿង​ផ្ទាល់​ខ្លួន ដើម្បី​បញ្ចេញ​កំហឹង ក្នុង​ន័យ​ដាក់​សម្ពាធ​ទៅ​ភាគី គូ​ទំនាស់​របស់​ខ្លួន រឿង​ឯកជន​បានទេ​។ ព្រោះ​ហ្នឹង​ជា​រឿង​ល្មើសច្បាប់​ហើយ ក្នុង​ការ​ប្រើប្រាស់​អាវុធ»។
ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន មន្ត្រីរាជការ​របស់​ខ្លួន​ណា ដែល​ធ្វើ​ខុស ត្រូវតែ​ទទួល​វិន័យ ការ​អនុវត្ត​ច្បាប់ ដកចេញ និង​អនុវត្ត​អភិក្រម​ទី៥ ៖ ៖ «មន្ត្រីរាជការ​ណា ដែល​ធ្វើអំពើ​ផ្ដេសផ្ដាស​ត្រូវតែ​ទទួល​វិន័យ ដែល​ពួកគេ​នឹង​ត្រូវ​បណ្ដេញ​ចេញ ឬ​ការ​ទទួល​វិន័យ​ធ្ងន់​ជាង​នេះ តាមរយៈ ការ​ផ្ដន្ទាទោស​តាមច្បាប់ ពេល​នេះ ខ្លា​ក៏​វ៉ៃ ពស់​ក៏​វ៉ៃ កណ្ដូប​ក៏​វ៉ៃ វ៉ៃ​ទាំងអស់ កុំ​ថា​អ្នកឯង ពាក្យ​ផ្កាយ ពាក្យ​លោក​ខែ ក៏​ខ្ញុំ​បណ្ដេញ​ចេញ»។
ទោះ​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ កំពុង​ចាំ​អ៊ុត​មើល​ថា តើ​ការ​ស្រែក​របស់​លោក ហ៊ុន សែន បែបនេះ មាន​ប្រសិទ្ធភាព​ឬទេ ខណៈ​ដែល​នគរបាល​ជិត ៦០​នាក់ បាន​ប្រថុយ ចុះហត្ថលេខា​ប្ដឹង​ជា​អនាមិក ដោយ​ស្នើ​ឱ្យ​ដក​លោក ស្នងការ​ខេត្ត​នេះ និង​អនុវត្ត​ច្បាប់​ជា​ធរមាន៕ អត្ថបទទាំងស្រុង : www.rfa.org/khmer
មន្ត្រី​នគរបាល​ខេត្ត​ស្វាយរៀង​ថា លទ្ធផល​ស្រាវជ្រាវ​របស់​ក្រសួង​មហាផ្ទៃ​ជា​រឿង​អយុត្តិធម៌ មន្ត្រី​នគរបាល​ខេត្ត​ស្វាយរៀង​ថា លទ្ធផល​ស្រាវជ្រាវ​របស់​ក្រសួង​មហាផ្ទៃ​ជា​រឿង​អយុត្តិធម៌ Reviewed by Admin on Thursday, April 11, 2019 Rating: 5
ads
Powered by Blogger.