សម្តេចតេជោ ហ៊ុន សែន និង ព្រះអង្គម្ចាស់មហាក្សត្រិយ៍ មហាចក្រី សិរិនថន អញ្ជើញ និងយាងចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ស្ពឺ

នៅព្រឹកថ្ងៃទី២៣ កុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន និង ព្រះអង្គម្ចាស់មហាក្សត្រិយ៍ មហាចក្រី សិរិនថន បានអញ្ជើញ និងយាងចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ។
នេះជាព្រះរាជដំណើរទស្សនកិច្ចថ្ងៃទី២ របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិន្ទ ថន បន្ទាប់ពីព្រះអង្គបានបំពេញទស្សនកិច្ច១ថ្ងៃកាលពីម្សិលមិញ ។ វិទ្យាស្ថានបច្ចេកវិទ្យាខេត្តកំពង់ស្ពឺនេះ មានទីតាំងស្ថិតនៅភូមិ អូរអង្គំ ឃុំ អមលាំង ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ ។
តាមរយៈការបង្កើតសាកលវិទ្យាស្ថាននេះនឹងផ្ដល់សេវាបណ្ដុះបណ្ដល កម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រលើមុខជំនាញ វិស្វកម្មសណង់សីុវិល វិស្វកម្ម អគ្គិសនី វិស្វកម្មអេឡិចត្រូនិច វិស្វកម្មមេកានិច វិស្វកម្មចំណីអាហារ វិទ្យាសាស្ត្រ សត្វ វិទ្យាសាស្ត្រដំណាំ វិទ្យាសាស្ត្រកុំព្យួទ័រ កុំព្យូទ័រពាណិជ្ជកម្ម គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ គ្រប់គ្រងធុរកិច្ច គណនរយ្យ និងភស្តុភារ។ វិទ្យាស្ថាននេះនឹងត្រូវសាងសង់ លើផ្ទៃដីចំនួន ២០៥ ហិកតា ដោយចែកជាផ្នែកៗ ហើយតាមគំរោង នឹងត្រូវដាក់អោយដំណើរការនៅឆ្នាំ ២០១៨ ខាងមុខ ។ ព្រះអង្គម្ចាស់មហាក្សត្រិយ៍ មហាចក្រី សិរិនថន បានសព្វព្រះរាជហប្ញទ័យផ្តល់ព្រះរាជអំណោយជាវិទ្យាស្ថាននេះឡើង គឺតបតាមសំណើររបស់កម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈការបង្កើតអោយមាននូវវិទ្យាស្ថាននេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានយុវជនអោយទទួលបាននូវចំណេះជំនាញបច្ចេកវិទ្យាទាំងអស់នោះ។ ការបង្កើតវិទ្យាស្ថាននៅទីនេះគឺមិនត្រឹមសម្រាប់តែអ្នកដែលនៅក្នុងខេត្តកំពង់ស្ពឺប៉ុណ្ណោះទេ គឺសម្រាប់សិស្សនិស្សិតនៅខេត្តមួយចំនួនទៀត ដូចជា ខេត្ត ព្រះសីហនុ កណ្តាល តាកែវ និងកំពង់ឆ្នាំង ជាដើមក៏អាចមករៀននៅទីនេះបានដែរ ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះអង្គម្ចាស់ក្សត្រីយ៌ សិរិនថន ដែលព្រះអង្គបានបរិច្ចាគថវិកា និងពេលវេលាដ៏មានតម្លៃយាងមកបំពេញទស្សនកិច្ចនៅកម្ពុជា និងផ្តល់ជាអំណោយមនុស្សធម៌ផ្សេងៗរួមទាំង ការសាងសង់វិទ្យាស្ថាន បច្ចេកវិទ្យានៅកំពង់ស្ពឺនេះ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងបានពង្រឹងនូវទំនាក់ទំនង មិត្តភាព កម្ពុជា-ថៃ រឹតតែមានភាពល្អប្រសើរឡើង ព្រមទាំងបានផ្ដល់នូវផលប្រយោជន៍ជាច្រើនចំពោះប្រជាជននៃប្រទេសទាំងពីរទៀតផង។ នៅចុងបញ្ចប់នៃពិធីនេះ សម្តេចតេជោ ហ៊ុន សែន និង ព្រះអង្គម្ចាស់មហាក្សត្រិយ៍ មហាចក្រី សិរិនថន បានយាង អញ្ជើញ បញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ព្រមទាំងព្រះអង្គម្ចាស់យាងដាំដើមលឿងរាជ តំណាងអោយប្រទេថៃ និងសម្តេចតេជោ ហ៊ុន សែន អញ្ជើញដាំដើមរំដួល តំណាងអោយប្រទេសកម្ពុជា ដែលស្ថិតក្នុងបរិយាកាសរីករាយក្រៃលែងបំផុត៕
ប្រភពពី  http://samdechhunsen.gov.kh













សម្តេចតេជោ ហ៊ុន សែន និង ព្រះអង្គម្ចាស់មហាក្សត្រិយ៍ មហាចក្រី សិរិនថន អញ្ជើញ និងយាងចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ស្ពឺ សម្តេចតេជោ ហ៊ុន សែន និង ព្រះអង្គម្ចាស់មហាក្សត្រិយ៍ មហាចក្រី សិរិនថន អញ្ជើញ និងយាងចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ស្ពឺ Reviewed by Admin on Tuesday, February 23, 2016 Rating: 5
ads
Powered by Blogger.