ខែមេសា កាលពី៤៤ឆ្នាំមុន

ក្នុងវ័យ១៧ឆ្នាំ ខ្ញុំបានតាមដានព្រឹត្តិការណ៍យ៉ាងយកចិត្តទុកដាក់និងចងចាំជារៀងរហូត។សភាពការណ៍ក្នុងខែមេសាហាក់ដូចជាក្រៀមក្រោះរហូតដល់ថ្ងៃដែលកងទ័ពប្រជាជនបដិវត្តន៍កម្ពុជាកាន់កាប់ភ្នំពេញ។

ផ្តើមដោយការចាកចេញរបស់លោកលន់នល់នៅថ្ងៃទី១ខែមេសា នៅក្នុងថ្ងៃជាមួយគ្នានឹងការដណ្តើម កាន់កាប់បាននូវអ្នកលឿងដោយកងទ័ពខ្មែរក្រហម ធ្វើឱ្យទន្លេមេគង្គក្រោម ដែលជាផ្លូវយុទ្ធសាស្ត្រចុងក្រោយក្នុងការដឹកជញ្ជូនស្បៀង ប្រេងឥន្ធនៈ គ្រាប់រំសេវពីព្រៃនគរមកចិញ្ចឹមរបបក្រុងភ្នំពេញលែងដំណើរការបានទៀតហើយ។នេះជាការសម្រេចយុទ្ធសាស្ត្រមួយសំខាន់ក្នុងបណ្តាយុទ្ធសាស្ត្រមួយចំនួនដែលអ្នកដឹកនាំចលនាខ្មែរក្រហមបានតាក់តែងតាំងពីពាក់កណ្តាលឆ្នាំ ១៩៧៤ម្ល៉េះក្នុងគោលដៅវាយសង្គ្រប់កាន់កាប់កាប់សំបុកចុងក្រោយរបស់សាធារណរដ្ឋខ្មែរ។

សមាគមបុគ្គលិកសិក្សាខ្មែរដែលតែងតវ៉ាសុំតម្លើងប្រាក់ខែហាក់មិនសូវមានសកម្មភាពដូចមុនៗទេ ជាពិសេសក្រោយព្រឹត្តិការណ៍នៅវិទ្យាល័យ១៨មិនាដែលនាំឱ្យមានការធ្វើឃាតលោក រដ្ឋមន្ត្រីអប់រំកែវសង់គីម និងលោកអតីតរដ្ឋមន្ត្រីថាច់ជាថ្ងៃទី៤មិថុនាឆ្នាំ១៩៧៤។ នៅរវាងមុនចូលឆ្នាំបន្តិច លោកសាស្ត្រាចារ្យ សេងប៊ុនថនជាប្រធានសមាគមរៀបចំការរាប់បាត្រព្រះសង្ឃនៅសាកលវិទ្យាល័យភ្នំពេញ។

នៅថ្ងៃទី១២ ខែមេសា មន្ត្រីស្ថានទូតអាមេរិកត្រូវបានដកចេញពីភ្នំពេញក្រោយពីក្រុងប៉េកាំងផ្លាស់ប្តូរជំហររបស់ខ្លួន តាមរយៈប្រតិបត្តិការឥន្ទ្រីស្រង់យក (The Eagle pull)។ ពត៌មាននេះធ្វើឱ្យអ្នករស់នៅក្រុងភ្នំពេញជាអ្នកតាមដានពត៌មាននយោបាយមានក្តីបារម្ភហើយធ្លាក់ក្នុងក្តីអសសង្ឃឹម ថែមទៀត។ យើងអាចតាមដានព្រឹត្តិការណ៍នយោបាយតាមរយៈតែវិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិកនៅពេលរាត្រី។

បងប្រុសខ្ញុំ យិនឆេងសាន ជានិស្សិតនៅសាលាជាតិរដ្ឋបាល (Ecole Nationale d’Administration) ខាងផ្នែករដ្ឋបាលនិងជាគ្រូបង្រៀនផងជជែកជាមួយលោកគ្រូម្នាក់ឈ្មោះជួននៅផ្ទះខ្ញុំជាមួយការវិភាគថា ភ្នំពេញនឹងធ្លាក់ទៅក្នុងដៃខ្មែរក្រហមនៅពេលខាងមុខនេះដោយចៀសមិនរួច។ ប៉ុន្តែទំនងជាគ្មានការជន្លៀសប្រជាជនដូចនៅឧត្តុង្គ វិទ្យាល័យទេពប្រណម្យ ឬនៅកន្លែងដទៃដែលកាលនោះជាសមរភូមិប្រទាញប្រទង់គ្នាឡើយ។ អ្នកភ្នំពេញជាច្រើនគិតថាមិនមានហេតុការណ៍អាក្រក់ហួសហេតុកើតមានទេ ព្រោះសម្តេចដែលជាប្រធានរណសិរ្សរួបរួមជាតិ (ភាគីអ្នកឈ្នះ) ជាមនុស្សស្រឡាញ់ជាតិ ហើយកាលសម័យសង្គមរាស្ត្រនិយមរបស់ព្រះអង្គក៏មិនជាលំបាកអ្វីប៉ុន្មានដែរ។ ចំណែកមនុស្សសំខាន់ៗនៅក្នុងរដ្ឋាភិបាលព្រះអង្គដូចជាខៀវសំផន ហ៊ូយន់ និងហ៊ូនឹមក៏ធ្លាប់បានគេស្គាល់នាទសវត្ស៦០ថា ជាបញ្ញាវ័ន្តដែលស្អាតស្អំនិងស្នេហាជាតិ។ គេមិនបានឮទាល់តែសោះពីឈ្មោះសាឡុតស នួនជា និងអៀងសារី។

គ្រួសារយើងរៀបចំទឹកក្រូច ផ្លែឈើ ថូផ្កានិងធូបទៀនដាក់លើតុមួយក្រាលកម្រាលនៅរានហាលមុខផ្ទះ ដើម្បីទទួលទេវតាថ្មីនៅថ្ងៃទី១៣ -១៥ ខែមេសាគ្រាន់តែបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ ម្តុំផ្ទះយើងនៅខាងកើតផ្សាមីស (ម្តុំជិតផ្សារសំណង់១២បច្ចុប្បន្ន ) ពេលរាត្រីខែភ្លឺ និងរាល់ពេលចូលឆ្នាំកន្លងមក ក្មេងៗអាយុ៨ ទៅ១២ឆ្នាំនាំគ្នាលេងច្រៀងរាំសប្បាយលើដងផ្លូវមុខផ្ទះ។ ឆ្នាំនេះស្ងាត់ខុសពីមុន។

ការចាកចេញរបស់លន់នល់គឺជាវិធានការមួយដើម្បីផ្គាប់ព្រះចិត្តសម្តេចនរោត្តមសីហនុដែលទើសព្រះទ័យនឹងលន់នល់ជាខ្លាំងដោយទ្រង់គិតថាជាអ្នកក្បត់និងទម្លាក់ទ្រង់ពីអំណាច។ តាមការព្រមព្រៀងគ្នា ទ្រង់នឹងយាងមកគ្រប់គ្រងសភាពការណ៍បែបអន្តរកាលមួយក្នុងរយៈកាលរវាងចូលឆ្នាំខ្មែរនេះ ដើម្បីរង់ចាំការរៀបចំស្ថានការណ៍នយោបាយមួយ ដែលមានទស្សនៈខ្លះថា ព្រះអង្គត្រូវបានមជ្ឈដ្ឋាននានាគាំទ្រច្រើន ហើយបើទ្រង់គ្រប់គ្រងមែននោះកម្ពុជានឹងមានសន្តិភាពព្រោះឥទ្ធិពលព្រះអង្គអាចនឹងធ្វើឱ្យកងទ័ពខ្មែរក្រហមភាគច្រើនជាកូនចៅនឹងចុះចូលជាមួយព្រះអង្គ។ 
នេះជាផែនការសន្តិភាពមួយក្រោមគំនិតផ្តួចផ្តើមរបស់លោកឯកអគ្គរដ្ឋទូតបារាំងនៅប៉េកាំង និងការគាំទ្រពីបណ្តាប្រទេសអាស៊ានដទៃតាំងពីចុងឆ្នាំមុនមកម្ល៉េះ ហើយដែលបានព្រមព្រៀងដោយអាមេរិកនិងចិនដែរ។

ដោយសារចរន្តបែបនេះហើយ លោកឡុងបូរ៉េតជារដ្ឋមន្ត្រីទី១ បើទោះបីជាបានជូនដំណើរប្រធានាធិបតីលន់នល់ដល់កោះបាលី ឥណ្ឌូនេស៊ីហើយក៏សុខចិត្តវិលចូលដោយរំពឹងថារង់ចាំគាល់ព្រះករុណាសីហនុដែរ។ ក្រុងភ្នំពេញបានរំលាយរដ្ឋាភិបាលខ្លួននៅថ្ងៃ ទី១១មេសានិងបានបង្កើតជា«គណៈកម្មាធិការកំពូល» មួយត្រូវបានរៀបចំឡើងដោយមានមន្ត្រីជាន់ខ្ពស់៧រូបមានលោកឡុងបូ
រ៉េត ឧបគឹមអាង ហង្សធន់ហាក់ ឧត្តមសេនីយ៍សក់ស៊ុតសាខន ថោងវ៉ាន់ហ្វាន់មឿង អៀឆុងនិងវង់សារិនឌី។ អាមេរិកនិងចិនដែលកាលនោះមានភាពជិតស្និទ្ធិនិងគ្នាបានព្រមព្រៀងថានឹង
បង្កភាពងាយស្រួលដល់ការផ្ទេរអំណាចជូនសម្តេច។

ប៉ុន្តែប្រទេសចិន ដោយឃើញកងទ័ពខ្មែរក្រហមបង្កើនប្រៀបនៅទឹកបង្ហើយនេះយល់ថា ឱកាសល្អមកដល់ហើយបានជំទាស់ផែនការខាងលើវិញ ក្រោមលេសថាពួកខ្មែរក្រហមបានមកដល់មាត់ទ្វារក្រុងភ្នំពេញជាស្រេចទៅហើយមិនអាចធ្វើតាមអ្វីដែលព្រមព្រៀងពីមុននោះទេ។

តាមពិតចិនបានប្តូរចិត្តពីការរំពឹងលើសម្តេចនរោត្តមសីហនុកាលពីបណ្តាឆ្នាំដំបូងនៃសង្គ្រាមទៅកាន់ក្តីសង្ឃឹមលើពួកខ្មែរកុំម្មុយនិស្តវិញនៅរវាងចុងឆ្នាំ១៩៧៣និងដើមឆ្នាំ១៩៧៤ដោយសារហេតុផលខាងក្រោម៖ ក្រោយពីអាមេរិកសម្រេចដកកងទ័ពខ្លួនចេញពីឥណ្ឌូចិន ចិនប្រមើលមើលឃើញពីការចូលមកបំពេញចន្លោះនេះដោយពួកសូវៀត(ដែលជាគូសត្រូវទាំងមនោគមវិជ្ជានិងនយោបាយ) ដែលអាចជ្រៀតចូល តាមរយៈវៀតណាមដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធស្រាប់។ វត្តមានសូវៀតនៅឥណ្ឌូចិន
បង្កើតជាមាត់ដង្កាប់មួយកៀបសង្កត់ចិនពីខាងជើងនិងពីព្រំដែនខាងត្បូង។ ឥឡូវ វៀតណាមមិនមែនជាអ្នកស្តាប់បង្គាប់ចិនដូចកាលទសវត្សទី៦០ទេ ហើយរដ្ឋាភិបាលក្រុងហាណូយបានទាំង
ថ្កោលទោសចិនយ៉ាងខ្លាំងក្រោយដែលកងនាវាចរណ៍ចិនវាយប្រហារលើទ័ពធីវគីហើយកាន់កាប់កោះនៅប៉ារ៉ាសែលនៅថ្ងៃទី១៩មករាឆ្នាំ១៩៧៤។ ដូចនេះដើម្បីទប់ឥទ្ធិពលសូវៀតនៅតំបន់នេះចាំបាច់ត្រូវគាំទ្រខ្មែរក្រហម។

ក្រោមក្រសែភ្នែកចិន ពួកខ្មែរក្រហមមានគុណសម្បត្តិនិងគួរទុកចិត្តជាងសម្តេចនរោត្តមសីហនុលើប្រការជាច្រើន ដូចជាមានកម្លាំងទ័ពជាក់ស្តែង ប្រកាន់លទ្ធិកុំម្មុយនិស្ត ហើយមានភាពច្បាស់លាស់ជាងជំហរសម្តេចដែលទ្រង់ប្តូរជំហរញឹកញាប់ហើយទ្រង់ជាតំណាងឱ្យរបបសក្តិភូមិផង។ ជាងមួយឆ្នាំមកហើយ ក្បាលម៉ាស៊ីនក្រុងប៉កាំងបានដឹងពីទឹកចិត្តពួកខ្មែរក្រហមយ៉ាងច្បាស់ដែលមិនព្រមចំណុះកងទ័ពពួកកុំម្មុយនិស្តវៀតណាមនិងធ្លាប់ទាំងប៉ះទង្គិចដោយអាវុធតាំងពីដើមឆ្នាំ១៩៧៣ថែមទៀត។ សូមរំលឹកថា ជូអេនឡាយបំភ្លេចចោលនូវពាក្យដែលធ្លាប់អះអាងប្រាប់សម្តេចកាលពីទ្រងយាងដល់ក្រុងប៉េកាំង បន្តិចក្រោយថ្ងៃ ទី១៨ខែមិនាឆ្នាំ១៩៧០ថា សូមសម្តេចចាត់ទុកចិនជាមាតុភូមិទី២ចុះ ហើយចិនគាំទ្រសម្តេចរហូតដណ្តើមអំណាចបានប្រគល់ជូនព្រះអង្គវិញដរាបណាប្រះអង្គតស៊ូក្នុងបុព្វហេតុត្រឹមត្រូវរបស់ព្រះអង្គ។

ថ្ងៃទី១៥ ចរាចរណ៍ទៅកាន់ពោធិចិនតុងត្រូវកាត់ផ្តាច់។ យប់ថ្ងៃទី១៦ ខែមេសា គ្រាប់កាំភ្លើងធំនិងរ៉ុក្កែតរបស់កងទ័ពខ្មែរក្រហមហាក់ស្ទើរតែអាចជ្រើសទីណាមួយក្នុងក្រុងជាគោលដៅក៏បានស្រេចតែចិត្ត ក្រោយដែលខ្សែក្រវ៉ាត់ក្រុងរួមតូច។ ឃ្លាំងសាំងរដ្ឋនៅឬស្សីកែវ គីឡូម៉ែត្រលេខ៦បានឆេះហុយផ្សែងទៅលើអាកាស។

រាត្រីនោះមានការប្រយុទ្ធនៅម្តុំទួលគោក និងបណ្តាមាត់ទ្វារខ្ឡះទៀតនៃក្រុងភ្ណំពេញ។ ក្រុមមន្ត្រីអន្ទ្រើសៗរបស់របបសាធារណរដ្ឋខ្មែរមិនបានដឹងពីការផ្លាស់ប្តូរជំហររបស់ចិននិងសម្តេចនរោត្តមសីហនុដែលទ្រង់មិនអាចធ្វើអ្វីបាននោះទេ រហូតដល់ព្រហាមថ្ងៃទី១៧មេសាតែម្តងក្រោ ដែលទទួលតេលេក្រាមពីសម្តេចផ្ញើតាមរយៈកាកបាទក្រហមអន្តរជាតិនៅភ្នំពេញ ទើបធ្វើការសម្រេចចិត្តចាកចេញពីក្រុងភ្នំពេញយ៉ាងប្រថុចញ៉ុច។ លោកឡុងបូរ៉េតនិងគ្រួសារមិនមានជោគជ័យក្នុងការចាកចេញតាមឧទ្ធម្ភាគចក្រដែកចយនៅពហុកីឡាស្ថានអូឡាពិកដូចឧត្តមសេនីយ៍សក់ស៊ុតសាខន និងមន្ត្រីឯទៀតប្រមាណជាងដប់នាក់ទៀតឡើយ។

ម៉ោង៧ទៅ៨ព្រឹក កងទ័ពសាធារណរដ្ឋដើរចូលក្រុងភ្នពេញដោយលើកទង់ស។ កងទ័ពខ្មែរក្រហមចូលដល់ក្រុងភ្នំពេញបន្ទាប់នោះ។ យើងតាមដានសភាពការណ៍តាមវិទ្យុជាតិដែលផ្សាយដោយអាក់
រអួល។ ម៉ោងជាង១០ ឧត្តមសេនីយ៍ម៉ីស៊ីចន នាយរងអគ្គសេនាធិការកងទ័ពសាធារណរដ្ឋខ្មែរប្រកាសឱ្យកងទ័ពដាក់អាវុធ និងរក្សាភាពស្ងប់ស្ងៀមរង់ចាំការលទ្ធផលនៃការចរចារបស់ថ្នាក់លើ។ និយាយមិនទាន់ចប់ផង សំឡេងមនុស្សម្នាក់ដែលគេអាចកាត់យល់បានថាជាភាគីអ្នកឈ្នះកន្ត្រាក់យកមីក្រូហ្វូនទៅនិយាយបែបដូចជាមានកំហឹងផងថា «គ្មានការចរចាទេ ជោគជ័យនេះពុំមែនបានដោយ ការចរចាទេ វាជាលទ្ធផលនៃការបូជាសាច់និងឈាម!»។ វិទ្យុជាតិស្ងាត់រហូត។

អង្គការដ៏ភ្លឺស្វាងជាអ្នកបើកទំព័រប្រវត្តិសាស្ត្រថ្មីមិនដែលមាន ២០០០ឆ្នាំមកហើយ...អ្នកឈ្នះជាអ្នកកំណត់វាសនាអ្នកចាញ់ដោយមិនខ្វល់នឹងច្បាប់ឬសន្ធិសញ្ញាអន្តរជាតិឡើយ។ ម៉ោងប្រមាណជា១ រសៀល កងទ័ពរំដោះដែលទើបមានវត្តមានបញ្ជាឱ្យពលរដ្ឋយចាកចេញពីភ្នំពេញជាបណ្តោះអាសន្នខ្លាចអាមេរិកទម្លាក់គ្រាប់បែក។ មិនបាច់យកឥវ៉ាន់តាមខ្លួនច្រើនទេ។ យើងអ្នកភ្នំពេញលាចាកផ្ទះសម្បែង បែកបងប្អូន ធ្វើដំណើរក្រោមកម្តៅខែចេត្រក្តៅហែង។ ម្តាយខ្ញុំក្នុងវ័យមនុស្សចាស់កម្លាំងខ្សោយលំបាកទ្រាំទ្រជាងគេ។ ចុងក្រោយគ្រប់គ្នាបានដឹងថាអ្វីដែលគេប្រាប់យើងគឺមិនពិតទេ ព្រោះអង្គការមានវប្បធម៌«បត់បែន»។

ក្នុងដំណើរវិលត្រឡប់ទៅភូមិកំណើតឯកំពង់ថ្ម ក្នុងស្រុកបារាយណ៍ (បារាយណ៍ជាភូមិរបស់នាងហួតបុប្ផាណាជាគូកំណាន់របស់សមមិត្តដេត ស្រាវជ្រាវដោយអ្នកស្រីអេលីហ្សាបេតបេឃើរ)កំពង់ធំ នៅថ្លុកជ្រៅ ជិតពាមជីកង បងប្រុសខ្ញុំខាងលើបានជួបជាមួយអតីតគ្រូៗនៃវិទ្យាល័យកំពង់ថ្ម(ជាវិទ្យាល័យទី២ក្នុងខេត្តកំពង់ធំ មុនសង្គ្រាមឆ្នាំ១៩៧០) ដែលបានភៀសខ្លួនចូលព្រៃកាលក្នុងឆ្នាំ ១៩៦៨។ តាមពិតគ្រូទាំង នេះមិនជាអ្នកស្គាល់និងចូលចិត្តរបបកុំម្មុយនិស្តអ្វីទេ ប៉ុន្តែពួកគាត់ដោយសារសម្បជញ្ញៈ គាត់ស្អប់អំពើពុករលួយ និងអយុត្តិធម៌សង្គមប៉ុណ្ណោះ។ ដោយសារទស្សនៈនិងនិន្នាការតម្លៃបែបនេះគួរតែត្រូវបានលើកសរសើរ តែផ្ទុយទៅវិញត្រូវបានគេលាបពណ៌ថាជាគ្រូក្រហម។ ដោយរងការតាមដាននិងយល់ថាអាចត្រូវបានគេចាប់ខ្លួនថ្ងៃណាមួយ ពួកគាត់ក៏ចូលព្រៃ
ទៅ។ ដោយស្គាល់បងប្រុសខ្ញុំ លោកគ្រូទាំងនោះបានឃាត់បងខ្ញុំ ឱ្យឈប់នៅទីនោះនិងជួយធ្វើការ«អង្គការ»ជាមួយពួកគាត់។ បងខ្ញុំជម្រាបពួកគាត់ថាជូនឪពុកម្តាយទៅដល់ភូមិស្រុកសិន។

តាមដងផ្លូវ ខ្ញុំរំពៃរកមើលមិត្តភក្តដែលស្គាល់់។ នៅចុងខែ៤ ជិតភូមិស្វាយភ្លើង ខាងកើតតាំងគោក ខ្ញុំឃើញអតីតមិត្តខ្ញុំម្នាក់ ធ្លាប់រៀនថ្នាក់ជាមួយគ្នារហូតដល់ពីរឆ្នាំនៅសាលាបថមសិក្សាកំពងថ្ម គឺ សណារិទ្ធី។ បើតាមខ្ញុំដឹង គេជាកូនថីមេព្រៃម្នាក់នៅកំពង់ថ្មនេះ។ គេមានអាយុលើសខ្ញុំ ២ឬ៣ឆ្នាំ។ គេមិនបានភៀសខ្លួនមកភ្នំពេញដូចខ្ញុំទេ។ គេជាប់កំណែនឬពាក្យបដិវត្តន៍ថា« ចូលជួរ» ។ គេជិះកង់ ក្នុងសម្លៀកបំពាក់ខ្មៅបង់កក្រមា។ គេជាកម្មាភិបាលម្នាក់។ ខ្ញុំខំញញឹមដាក់គេ គេគ្រាន់តែធ្វើញឹមៗ រួចងាកមុខចេញ ហើយធ្វើដំណើរតទៅទៀតដោយមិនចាប់អារម្មណ៍ហួសពីនេះឡើយ។ អ្វីដែលខ្ញុំចង់សួរគេគឺតើគោលនយោបាយរបបថ្មីដូចម្តេចខ្លះ? ហើយរដ្ឋអំណាចថ្មីនឹងប្រព្រឹត្តមកលើយើងប្រជាជនធ្លាប់រស់នៅតំបន់កាន់កាប់ដោយរដ្ឋាភិបាលក្រុងភ្នំពេញដូចម្តេច? គ្មានចម្លើយ! យើងបានស្គាល់ក្រោយនោះ ថាយើងជាឈ្លើយសឹក ជាទាសករ ក្រោមការកសាងសង្គមថ្មីបរិសុទ្ធ មហារុងរឿង ដោយម្ចាស់ការ!

ពិតណាស់មិនមែនអ្នកឈ្នះគឺអង្គការភ្លឺស្វាង មហាអស្ចារ្យជាអ្នកចារប្រវត្តិសាស្ត្រតាមទំនើងចិត្តទេ! ខ្ញុំសោកស្តាយណាស់ បងប្រុសខ្ញុំ ឪពុកខ្ញុំ បងថ្លៃខ្ញុំម្នាក់និងប្រជាជនខ្មែរពីរលាននាក់ទៀតមិន
បានឃើញតថភាពនេះទេ! លោកខៀវសំផន និងនួនជាអាចប្រាប់យើងពីរឿងនេះ ហើយក៏គ្មានអ្វីដែលមិនប្រែប្រួលដែរ! តែគួរឱ្យសោកស្តាយជាងគេគឺប្រជាជាតិខ្មែរទេជាអ្នកចាញ់ប្រាកដរាល់លើកដរាបណាខ្មែរបាត់បង់សម្បជញ្ញៈ វិចារណញាណនិងចង់ឈ្នះតែគ្នាឯង! 



អត្ថបទ និង រូបភាពទាំងស្រុង ពីហ្វេសបុក Dr.chhengsorn yin : www.facebook.com/chhengsorn.yin
ខែមេសា កាលពី៤៤ឆ្នាំមុន ខែមេសា កាលពី៤៤ឆ្នាំមុន Reviewed by Admin on Wednesday, April 10, 2019 Rating: 5
ads
Powered by Blogger.