សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង​ថា​មិន​បាន​ចោទ​លោក ហ៊ុន សែន ជា​អ្នក​សម្លាប់​លោក កែម ឡី

សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី បដិសេធ​ថា អ្នកស្រី​មិន​បាន​និយាយ​ថា លោក ហ៊ុន សែន ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ទេ។ អ្នកស្រី​បញ្ជាក់​ថា វីដេអូ​ឃ្លិប ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ គឺ​ជា​ការ​កាត់​ត​សំឡេង​ដើម្បី​ទម្លាក់​កំហុស​លើ​អ្នកស្រី។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា លោក​មិន​ជឿ​លើ​ការ​អះអាង​នេះ​ទេ។
ថ្លែង​ឲ្យ​អាស៊ីសេរី ដឹង​ពី​ខេត្ត​រតនគិរី នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​កក្កដា សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង អ្នកស្រី ថាក់ ឡានី អះអាង​ថា មនុស្ស​ចូលរួម​ប្រជុំ​ក្នុង​វេទិកា​ជាមួយ​អ្នកស្រី​ជាង ៧០​នាក់ ជា​សាក្សី​បញ្ជាក់​ថា អ្នកស្រី​មិន​បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ទេ៖ «»។
សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី នីតិកាល​ទី​៣ មណ្ឌល​ភូមិភាគ​ទី​២ អ្នកស្រី ថាក់ ឡានី ដែល​មាន​ស្រុក​កំណើត​នៅ​រតនគិរី មាន​កម្រិត​វប្បធម៌​ទូទៅ​សញ្ញាប័ត្រ​មធ្យមសិក្សា​កម្រិត​២ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រុង​ភ្នំពេញ។ សព្វថ្ងៃ​រស់​នៅ​រាជធានី​ភ្នំពេញ។ អ្នកស្រី​អាច​ប្រើ​ភាសា​ឡាវ ស្ទាត់ជំនាញ និង​អាច​ប្រើ​ភាសា​បារាំង បាន​មធ្យម ទាំង​អាន និង​សរសេរ។
អ្នកស្រី​ថា ឃ្លិប​វីដេអូ ដែល​ត្រូវ​បាន​គេ​បង្ហោះ​នោះ គឺ​កាត់​ចេញ​ពី​ការ​ថ្លែង​របស់​អ្នកស្រី​រយៈពេល​ជាង​មួយ​ម៉ោង​ក្នុង​ពេល​អ្នកស្រី​ចុះ​ពង្រឹង​រចនាសម្ព័ន្ធ​ឃុំ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា នៅ​ខេត្ត​រតនគិរី។
ភ្លាមៗ​នេះ​ដែរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ទាំង​យប់​ថា នឹង​ប្ដឹង​សមាជិក​ព្រឹទ្ធ​សភា​បក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី បន្ទាប់​ពី​មាន​ឃ្លិប​វីដេអូ រយៈពេល​ជិត ២​នាទី​របស់​អ្នកស្រី ថាក់ ឡានី ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ជា​អ្នក​សម្លាប់​លោក កែម ឡី៖ «»។
​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​តាម​រយៈ​អង្គភាព​ព័ត៌មាន ហ្វ្រែស ញូ (Fresh News)  ដោយ​ប្រកាស​ប្ដឹង​អ្នកស្រី ថាក់ ឡានី។ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​ពេល​វេលា​ជាក់លាក់​នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ឡើយ។ លោក​បញ្ជាក់​ថា បណ្ដឹង​របស់​លោក​មិន​មែន​ជា​ការ​ពិបាក​ទេ ព្រោះ​សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ អាច​ត្រូវ​ដក​អភ័យឯកសិទ្ធិ​បាន​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សំឡេង​លើស ២ ភាគ ៣។
បញ្ជាក់​បន្ថែម​លើ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​ដែល​លោក ហ៊ុន សែន ប្រកាស​ប្ដឹង​អ្នកស្រី ថាក់ ឡានី គឺ​ជា​ការពិត។ លោក​បន្ត​ថា ដោយសារ​អ្នកស្រី​និយាយ​បង្ខូច​កេរ្តិ៍ឈ្មោះ ប៉ះពាល់​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក ហ៊ុន សែន ដែល​លើស​ពី​សេរីភាព​បញ្ចេញ​មតិ៖ «»។
លោក សុខ ឥសាន ថា ការ​ថ្លែង​របស់​អ្នកស្រី ថាក់ ឡានី ពិត ឬ​មិន​ពិត​នោះ ទុក​ឲ្យ​តុលាការ​ជា​អ្នក​វិនិច្ឆ័យ។
ចំណែក​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិន​ទាន់​បាន​ដឹង​ពី​ដំណើរ​ការ​ប្ដឹង​នេះ​ថា វិវឌ្ឍ​ដល់​ណា​នៅ​ឡើយ​ទេ។ ទោះ​បែប​នេះ​ក្តី លោក​យល់​ថា នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ​នឹង​មាន​បណ្ដឹង​ជា​ផ្លូវការ​ហើយ។
​ទោះ​យ៉ាង​ណា​ក្តី លោក​មេធាវី គី តិច ដែល​ធ្លាប់​ការពារ​ក្តី​ឲ្យ​លោក ហ៊ុន សែន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ទាក់ទង​ដំណើរ​ការ​រឿង​នេះ។
គេ​កម្រ​ឃើញ​អ្នកស្រី ថាក់ ឡានី ថ្លែង​ជា​សាធារណៈ​ទាក់ទង​នឹង​រឿង​នយោបាយ​ណាស់។ អ្នកស្រី​ជា​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្សប្រឆាំង​ទី​ពីរ​ដែល​ប្រឈម​ផ្លូវ​ច្បាប់ បន្ទាប់​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខហួរ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ទាំង​កំពុង​មាន​អភ័យឯកសិទ្ធិ​ក្រោម​បទ​ចោទ​ចំនួន ៣​បទល្មើស រួម​មាន​បទ​បន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។
អ្នកស្រី ថាក់ ឡានី ឲ្យ​ដឹង​ដែរ នៅ​ពេល​អ្នកស្រី​បញ្ចប់​បេសកកម្ម​ត្រឡប់​មក​ដល់​ភ្នំពេញ​វិញ អ្នកស្រី​នឹង​រក​មេធាវី​តតាំង​តាម​ផ្លូវ​ច្បាប់។ អ្នកស្រី​ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អោយ​គិតគូរ​រឿង​ប្រទេស​ជាតិ ជា​ជាង​រឿង​ប្ដឹងផ្ដល់​គ្នា និង​ស្នើ​ទៅ​ពលរដ្ឋ​ខ្មែរ​ឲ្យ​ជួយ​តាមដាន​មើល​ដើម្បី​ពិចារណា​រឿង​នេះ៕
អត្ថបទ​ និង រូបភាព www.rfa.org/khmer
សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី។


សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង​ថា​មិន​បាន​ចោទ​លោក ហ៊ុន សែន ជា​អ្នក​សម្លាប់​លោក កែម ឡី សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង​ថា​មិន​បាន​ចោទ​លោក ហ៊ុន សែន ជា​អ្នក​សម្លាប់​លោក កែម ឡី Reviewed by Admin on Sunday, July 31, 2016 Rating: 5
ads
Powered by Blogger.