លោក កឹម សុខា ថា ការ​ជាប់​ឃុំ​របស់​លោក​ជំរុញ​ឲ្យ​ភរិយា​លោក​ក្លាយ​ជា​ស្ត្រី​រឹងមាំ​ថែម​ទៀត

លោក កឹម សុខា និង​ភរិយា ក្នុង​ពិធី​សូត្រ​មន្ត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស នា​សង្កាត់​ចាក់អង្រែលើ កាល​​ពី​ថ្ងៃ​​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​អាជ្ញាធរ​របប​ក្រុងភ្នំពេញ កំពុង​ឃុំឃាំង​នៅ ក្នុង​ផ្ទះ​អះអាង​ថា ការ​ឃុំ​ឃាំង​ខ្លួន​លោក​បាន​ជំរុញ​ឲ្យ​ភរិយា​របស់​លោក គឺ​អ្នកស្រី តែ ចន្ទមនោ បាន​ក្លាយ​ជា​ស្ត្រី​ស្មារតី​រឹងមាំ​ថែមទៀត។
លោក កឹម សុខា សរសេរ​សារ​បង្ហោះ​នៅ​លើ​ទំព័រ (Facebook) លោក​នៅ​ថ្ងៃ​សុក្រ​ទី​២៨ ធ្នូ នេះ​ថា ថ្ងៃនេះ​ជា​ខួប ទី​៣៨ នៃ​អាពាហ៍ពិពាហ៍​របស់​លោក។ លោក​សរសេរ​រំលឹក​ថា ក្នុង​រយះ​កាល​ជាច្រើន​ឆ្នាំ​កន្លង​មក ភរិយា​លោក​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ​ដោយ​ប្រឈម​នឹង​ការ​ភ័យ​ខ្លាច ជាច្រើនលើក​ច្រើន​សា ដោយសារ​ជីវិត​នយោបាយ​លោក ជាង​២០​ឆ្នាំ​ហើយ​កន្លង​មក​នេះ។ លោក​បន្ត​ថា ជាពិសេស​គឺ​រយះ​ពេល​មួយ​ឆ្នាំ​ជាង ចុងក្រោយ​នេះ។
លោក​ថា កាលពី​យប់​ថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ​២០១៧ ឈាន​ចូល ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ​២០១៧ គឺជា​ព្រឹត្តិការណ៍​ដ៏​រន្ធត់​បំផុត​សម្រាប់​ភរិយា​លោក នៅ​ពេល​ដែល​ភរិយា​លោក​បាន​ឃើញ​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​លោក ទាំង​កណ្ដាល​អាធ្រាត្រ​ដោយ​មិន​ដឹង​ថា គេ​នឹង​បញ្ជូន​ទៅ​ទីណា ឬ​ធ្វើ​អ្វី​លើ​រូបលោក។ លោក​សរសេរ​ទៀត​ថា ក្នុង​កំឡុង​ពេល ១ ឆ្នាំ និង ១​សប្តាហ៍ គឺ​ចាប់ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដល់ ថ្ងៃ​ទី​១០ ខែ​កញ្ញា ដែល​លោក​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​ត្រពាំងផ្លុង នៅ​ឯ​ជាយដែន ភរិយា​លោក​បាន​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​លោក​ចំនួន ១០២ ដង​ហើយ​ក្នុង ១ ដងៗ មាន​ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ ទៅ និង​ប្រមាណ​២០០​គីឡូម៉ែត្រ ត្រឡប់មកវិញ​។
សរុប​មក ភរិយា​លោក​បាន​ធ្វើ​ដំណើរ​រយៈ​ចម្ងាយ​ជាង​បួន​ម៉ឺន (៤.០៨០០) គីឡូម៉ែត្រ។ លោក កឹម សុខា បន្ត​ថា អ្វី​ដែល​ឈឺចាប់​នោះ​គឺ ជាង​មួយ​ឆ្នាំនេះ ភរិយា​លោក​រស់នៅ​ដោយ​ព្រាត់​ស្វាមី និង​កូនៗ។ លោក​ថា ភរិយា​លោក ជា​ជនរងគ្រោះ​ដែល​រង​ផលវិបាក​ច្រើន​ជាងគេ​ពី​ការ​ឃុំខ្លួន​របស់​លោក ក៏​ប៉ុន្តែ ផលវិបាក និង​ឧបសគ្គ​ទាំងអស់​នេះ គឺ​កាន់តែ​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​មនុស្ស​ដែល​មាន​ស្មារតី​រឹងមាំ​ជាង​មុន​ទៅទៀត។
លោក កឹម សុខា បន្ត​ថា ស្មារតី​តស៊ូ និង​ស្មារតី​ស្នេហា​ជាតិ របស់​ភរិយា​លោក​នេះ​ហើយ ដែល​បាន​បន្ថែម​ជំរុញ​អោយ​លោក​ពុះពារ​ទៅ​មុខ​ទៀត។លោក​បន្ថែម​ទៀត​ថា ទោះជា​បាន​ឆ្លងកាត់​នូវ​ភាព​ល្វីង​ជូរចត់​ទាំងអស់​នេះ​ក៏​ដោយ មកទល់​ថ្ងៃនេះ ភរិយា​លោក​នៅតែ​មាន​សន្តាន​ចិត្ត​មិន​គុំកួន មិន​សងសឹក ភរិយា​លោក​នៅតែ​គាំទ្រ​អោយ​បន្ត​ស្មារតី ខ្មែរ​តែមួយ ដើម្បី​បញ្ចប់​និង​បញ្ចៀស​ការឈឺចាប់​រវាង​ខ្មែរ និង​ខ្មែរ។ លោក​ចាត់ទុកថា លោក​ពិតជា​មាន​សំណាង​ណាស់​ដែល​មាន​ស្ត្រី​ម្នាក់​នេះ​ជា​ភរិយា៕ អត្ថបទ និង រូបភាព www.rfa.org/khmer
លោក កឹម សុខា ថា ការ​ជាប់​ឃុំ​របស់​លោក​ជំរុញ​ឲ្យ​ភរិយា​លោក​ក្លាយ​ជា​ស្ត្រី​រឹងមាំ​ថែម​ទៀត លោក កឹម សុខា ថា ការ​ជាប់​ឃុំ​របស់​លោក​ជំរុញ​ឲ្យ​ភរិយា​លោក​ក្លាយ​ជា​ស្ត្រី​រឹងមាំ​ថែម​ទៀត Reviewed by Admin on Saturday, December 29, 2018 Rating: 5
ads
Powered by Blogger.