គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ផ្តល់​អំណាច​ទៅ​ឲ្យ​ថ្នាក់​មូលដ្ឋាន

ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ខេត្ត​កំពង់ចាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ថា ចាប់​ពី​ពេល​នេះ​ត​ទៅ គ ណបក្ស​សង្គ្រោះ​ជាតិ នឹង​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ពី​ចលនា​នយោបាយ ទៅ​ជា​គណបក្ស​នយោបាយ​មួយ​ពិត​ប្រាកដ ដោយ​មាន​គោល​នយោបាយ​ជា​លាយ ល ក្ខណ៍ ​អក្សរ​ត្រឹមត្រូវ ដើម្បី​ដណ្ដើម​ជ័យជម្នះ និង​ដឹក​នាំ​ប្រទេស​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​មិន​ដែល​បារម្ភ​ពី​រឿង​ចាញ់​ឆ្នោត​នៅ​ខេត្ត​កំពង់ចាម នេះ​ទេ។ លោក​ថា ដោយ​ហេតុ​តែ​លោក​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​នឹង​អ្នក​គាំទ្រ​នៃ​ខេត្ត​នេះ លោក​មិន​រុញ​រា​សោះ​ឡើយ​ក្នុង​ការ​សន្យា​កាល​ពី​បោះ​ឆ្នោត​អាណត្តិ​មុន​ថា បើ​លោក​ចាញ់​ឆ្នោត​នៅ​ខេត្ត​នេះ លោក​នឹង​លាលែង​ចេញ​ពី​តំណែង​អនុប្រធាន​គណបក្ស​នេះ​ទៀត​ផង។

នេះ គឺ​លើក​ទី​ពីរ​ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ ដែល​ប្រមុខ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​វេទិកា​សាធារណៈ ដើម្បី​ជួប​ប្រាស្រ័យ​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន បន្ទាប់​ពី​វេទិកា​លើក​ទី​មួយ​ដែល​គេ​រៀបចំ​នៅ​ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​អាទិត្យ សប្ដាហ៍​មុន។ ការ​ជួប​ជុំ​គ្នា​លើក​នេះ ត្រូវ​គេ​ធ្វើ​ឡើង​នៅ​ភូមិ​ត្រកួន ឃុំ​ក្រឡា ស្រុក​កំពង់សៀម ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់ចាម ហើយ​មាន​អ្នក​ចូលរួម​ប្រមាណ​ជិត ៧​ពាន់​នាក់។

គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ឈ្នះ​ឆ្នោត​ក្នុង​ខេត្ត​កំពង់ចាម នេះ ដោយ​ដណ្ដើម​បាន​អាសនៈ​សភា​លើស​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​ពីរ នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ កន្លង​ទៅ​នេះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ បាន ១០​អាសនៈ ឯ​គណបក្ស​ប្រជាជន​កម្ពុជា បាន ៨​អាសនៈ។ អ្នក​គាំទ្រ​គណបក្ស​ដែល​មក​ចូលរួម​ក្នុង​ពិធី​នៅ​ព្រឹក​នេះ ហាក់​បី​ដូចជា​នៅ​តែ​មាន​ឆន្ទៈ​មោះមុត​ស្មោះ​ស្ម័គ្រ​នឹង​គណបក្ស​ដដែល។ ពួក​គាត់​មិន​បាន​ទទួល​កម្រៃ​ជា​ប្រាក់ ឬ​រង្វាន់​ជា​វត្ថុ​អ្វី ក្នុង​ការ​មក​ចូលរួម​នេះ​ទេ។ អ្វី​ដែល​គាត់​ទទួល​បាន គឺ​ការ​ដឹក​ជញ្ជូន​ពី​ស្រុក-ភូមិ មក​ចូលរួម​ប្រជុំ​ដោយ​មិន​បាច់​បង់​ប្រាក់ និង​ទឹក​សុទ្ធ​ម្នាក់​មួយ​ដប ដែល​គេ​រៀប​ទុក​រួច​ជា​ស្រេច​នៅ​លើ​កៅអី​សម្រាប់​ទទួល​ពួក​គាត់។

ពិធី​នេះ ត្រូវ​គេ​រៀបចំ​ឡើង​នៅ​កណ្ដាល​វាល​ស្រែ​ក្បែរ​ផ្លូវ​ជាតិ​លេខ​៧។ នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​ដែល​ជា​តំណាង​មក​ពី​គ្រប់​ស្រុក​ ទាំងអស់​នៃ​ខេត្ត​កំពង់ចាម លោក កឹម សុខា ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​សាជាថ្មី​ថា អ្វី​ដែល​សំខាន់​បំផុត​នោះ លោក​ថា​គណបក្ស​ត្រូវ​ធ្វើ​វិមជ្ឈការ​អំណាច គឺ​មាន​ន័យ​ថា ផ្តល់​អំណាច​ក្នុង​ការ​សម្រេច និង​ការ​អនុវត្ត​ទៅ​ថ្នាក់​មូលដ្ឋាន មិន​បាច់​ចាំ​តែ​ការ​សម្រេច​ពី​ថ្នាក់​ដឹក​នាំ​ខាង​លើ​នោះ​ទេ៖ «បើ​ចង់​ កែ គេ​ត្រូវ​កែ​ខ្លួន​ឯង​ជា​ដំបូង​សិន។ នេះ​អ្វី​ដែល​ខ្ញុំ​ចង់​ជម្រាប​ជូន។ កែ​ទម្រង់​ជា​ការ​ធ្វើ​វិមជ្ឈការ​អំណាច​ជូន​ដល់​សកម្មជន​ថ្នាក់​មូលដ្ឋាន គោល​នយោបាយ​មូលដ្ឋាន ដើម្បី​ត្រៀម​ទៅ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ ពេល​បង​ប្អូន​ត្រឡប់​ទៅ​វិញ ជួប​ពិភាក្សា​គ្នា ថា​តើ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​គោល​នយោបាយ​យ៉ាង​ម៉េច ដើម្បី​ស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ»

ទាក់ទង​នឹង​យុទ្ធសាស្ត្រ​ថ្មី​របស់​គណបក្ស​នេះ​ដែរ លោក កឹម សុខា ថ្លែង​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ទាំង​មេ​ដឹក​នាំ​គណបក្ស និង​មន្ត្រី​របស់​ខ្លួន នឹង​ប្រកាន់​ជំហរ​មិន​ឈ្លោះ មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​ពី​ខាង​ក្រុម​អ្នក​នយោបាយ​ម្ខាង​ទៀត​ទេ តែ​គណបក្ស​នឹង​ខិតខំ​រៀបចំ​បន្ទាត់​គោល​នយោបាយ​មួយ​ឲ្យ​បាន​ច្បាស់លាស់ ដោយ​ផ្អែក​លើ​តម្រូវ​ការ​ជាក់លាក់​របស់​ប្រជាពលរដ្ឋ​ពី​ថ្នាក់​មូលដ្ឋាន​ទៅ។ ទោះ​បី​ជា​ទើប​ប្រកាស​បែប​នេះ​ក្តី ក៏ លោក កឹម សុខា ហាក់​ដូចជា​នៅ​ទប់​ចិត្ត​មិន​ជាប់ ក្នុង​ការ​និយាយ​ប៉ះ​ពារ​ខ្លះ​ទៅ​លើ​អ្នក​នយោបាយ​នៃ​ក្រុម​ម្ខាង​ទៀត​ដែរ៖ «សម រង្ស៊ី កឹម សុខា ក៏​ត្រៀម​ខ្លួន​សម្រាប់​ផ្ទេរ​ការងារ​ទៅ​ក្មេង​ជំនាន់​ក្រោយ។ នៅ​ថ្នាក់​មូលដ្ឋាន​ក៏​អ៊ីចឹង​ដែរ។ យើង​មិន​អាច​នៅ​ក្រាញ​អំណាច។ យើង​មិន​អាច​ប្រាប់​ថា បើ​អត់​ពី​ខ្លួន​ទៅ​រលាយ​ស្រុក​ទេ។ នៅ​ក្នុង​ស្ថាប័ន​មួយ​បើ​អត់​មនុស្ស​ម្នាក់​រលាយ មិន​មែន​ជា​ស្ថាប័ន​ទេ។ យើង​មិន​ត្រូវ​រំពឹង​តែ​មនុស្ស​ម្នាក់​ទេ»

ដូចជា​នៅ​ក្នុង​ពិធី​ជួប​ជុំ​នៅ​ខេត្ត​ព្រៃវែង កាល​ពី​សប្ដាហ៍​មុន​ដែរ លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស ក៏​បាន​ចូលរួម​ក្នុង​ពិធី​នេះ​តាម​វីដេអូ​ខុនហ្វឺរិន (Video Conference) ពី​បរទេស​មក ដែល​គេ​ដាក់​បញ្ចាំង​ឲ្យ​អ្នក​ចូលរួម​បាន​ឃើញ​រូប​លោក​តាម​កញ្ចក់​ទូរទស្សន៍ ​ប្រមាណ ៥​គ្រឿង។ សារ​របស់​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​លើក​នេះ បាន​រំលេច​ឡើង​នូវ​គោល​នយោបាយ​របស់​គណបក្ស ក្នុង​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ពី​សំណាក់​យុវជន​ស្រករ​ក្រោយ។

យុវ​សិស្ស​អាយុ ១៧​ឆ្នាំ​ម្នាក់ កញ្ញា ឆេន សុផល្លែន និយាយ​ថា នាង​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ឆ្នោត​ដឹក​នាំ​ប្រទេស​ណាស់ ត្បិត​នាង​ឃើញ​គណបក្ស​មាន​គោលការណ៍​ច្បាស់លាស់៖ «ខ្ញុំ​គាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ ព្រោះ​មាន​គោលការណ៍​ច្បាស់លាស់ ដោយសារ​នាង​ខ្ញុំ​ស្រឡាញ់​គោលការណ៍​ទាំង ៧​ចំណុច នៅ​ក្នុង​នោះ​ក៏​មាន​លើក​កម្ពស់​យុវជន​យុវតី ហើយ​គណបក្ស​នេះ​មាន​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ទឹក​ដី»

ងាក​ទៅ លោក កឹម សុខា វិញ នៅ​ចុង​បញ្ចប់​នៃ​ការ​ថ្លែង​សារ​របស់​លោក លោក​បាន​ប្រាប់​ទៅ​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ឲ្យ​ទុក​ចិត្ត​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ខ្លាំង​ពេក ខណៈ​ស្ថាប័ន​មួយ​នេះ​នៅ​តែ​តែង​តាំង​ឲ្យ លោក ទេព នីថា កាន់​តួនាទី​ជា​អគ្គលេខាធិការ​នៃ គ.ជ.ប ដដែល។ លោក កឹម សុខា ក៏​បាន​រំឭក​ប្រាប់​យុវជន និង​ស្ត្រី ឲ្យ​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ដើម្បី​ការពារ​ការ​លួច​សន្លឹក​ឆ្នោត៕
ប្រភពពី www.rfa.org/khmer

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​វេទិកា​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​មូលដ្ឋាន ស្ថិត​នៅ​ភូមិ​ត្រកួន ឃុំ​អង្គួញដី ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​អាទិត្យ ទី​១៧ ខែ​មករា ឆ្នាំ​២០១៦។


គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ផ្តល់​អំណាច​ទៅ​ឲ្យ​ថ្នាក់​មូលដ្ឋាន គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ផ្តល់​អំណាច​ទៅ​ឲ្យ​ថ្នាក់​មូលដ្ឋាន Reviewed by Admin on Monday, January 18, 2016 Rating: 5
ads
Powered by Blogger.