គ.ជ.ប​ថ្មី​​ឲ្យ​លោក​ទេព នីថា ​កាន់​តំណែង​ជា​អគ្គ​លេខាធិការ​ដដែល​

គ.ជ.ប​ថ្មី​​ឲ្យ​លោក​ទេព នីថា ​កាន់​តំណែង​ជា​អគ្គ​លេខាធិការ​ដដែល​
លោកទេព ​នីថា ​អតីត​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ចាស់​ដែល​រង​ ការ​រិះគន់​យ៉ាង​ខ្លាំង​នោះ ​ត្រូវ​បាន​សមាជិក​គ.ប.ជ​ថ្មី​សម្រេច​ផ្តល់​សេចក្តី​ទុកចិត្ត​ឲ្យ​កាន់តំណែង ​ជាអ​គ្គ​លេខាធិការ​នៃគណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​បន្តទៀត​។ ​ការ​សម្រេច​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​សមាជិក​គ.ជ.ប​ទាំង​៩រូប​បាន​ប្រជុំ​ពិភាក្សា​គ្នា​ ប្រមាណ​៣​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។
លោក ​ទេព នីថា ​បាន​ជាប់​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ ដោយ​ទទូល​ខុសត្រូវ​រួម​ និង​ ទទួល​បន្ទុ​ក​ផ្ទាល់​នាយកដ្ឋាន​ហិរញ្ញវត្ថុ​ និង​ នាយកដ្ឋាន​រដ្ឋបាល​នៃ​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការ​បោះឆ្នោត​។ ​ចំណែក​តំណែង​អគ្គលេខាធិការ​រង​វិញ ​បាន​ទៅ​លើលោ​ក​ម៉ៅ ​សុភារិទ្ធ​ លោក​សោម សូរីដា ​លោកនី ចរិយា ​និង​លោក​ម៉ុក ដារ៉ា​។ ​អគ្គលេខាធិការ​រង​ទាំង​៤រូប​នេះ ​ទទួល​បន្ទុក​នាយកដ្ឋាន​៤ដាច់​ដោយឡែក​ពី​គ្នា​នៅក្នុង​គណៈកម្មការធិការ​ជាតិ ​រៀបចំ​ការ​បោះឆ្នោតថ្មី​។

ក្រោយ​ពី​ជាប់​ជា​អគ្គលេខាធិការ​ថ្មី​ លោក​ទេព នីថា​ បាន​ប្តេជ្ញា​ថា​នឹង​ខិតខំ​បំពេញ​ការងារ​ទៅតាម​តួនាទី​ដែល​កំណត់​ដោយ​ច្បាប់ ​និង​ ខិតខំ​សហការល្អ​ជាមួយ​មន្ត្រី​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំកា​រ​បោះឆ្នោត ​ថ្មី​ដែល​មក​ពី​គណបក្ស​នយោបាយ ​និង ​អង្គការ​សង្គម​ស៊ីវិល​។ ​លោកទេព ​នីថា ​ថែម​ទាំង​ចាត់​ទុក​ថា ​ការ​រៀបចំ​ឲ្យ​មាន​អគ្គលេខាធិការ​មួយ ​និង ​អគ្គ​លេខាធិការ​រង​ចំនួន​បួននាក់​នេះ ​គឺ​ជា​រឿង​ល្អ​សម្រាប់​គណៈកម្មារធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​។

​ គួរ​បញ្ជាក់​ថា ​លោក​ទេព នីថា​ ដែល​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ចាស់ ​ធ្លាប់​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ អង្គការ​សង្គមស៊ីវិល ​និង ​សាធារណៈមតិ​មួយចំនួន​បាន​រិះគន់​យ៉ាងខ្លាំង​ពាក់ព័ន្ធ​នឹង​ភាព​មិន​ ប្រក្រតី​នៅក្នុង​ការ​បោះឆ្នោត​នា​ពេល​កន្លង​មក​។​

ទោះ​ជា​យ៉ាងណា ​លោក​ស៊ិក ប៊ុនហុក ​ប្រធាន​គណៈកម្មការធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ បាន​គូស​បញ្ជាក់​ថា ​ការ​ជ្រើសរើស​លោក​ទេព នីថា​នេះ​ គឺ​ផ្តោត​សំខាន់​ទៅលើ​សមត្ថភាព​យល់ដឹង​ពី​ការ​បោះ​ឆ្នោត​ ព្រោះ​ថា ​គ.ជ.ប​ថ្មី​ មាន​ពេលវេលា​មិន​ច្រើន​នោះ​ទេ​ក្នុង​ការ​រៀបចំ​ដំណើរការ​បោះឆ្នោត​នៅក្នុង​ ឆ្នាំ​២០១៧ ​ក៏​ដូចជា​នៅក្នុង​ឆ្នាំ​២០១៨ ​ខាង​មុខ​។​ គឺ​នៅត្រង់​ចំណុច​នេះ​ហើយ​ ដែល​លោក​ប្រធាន​គ.ជ.ប​ថ្មី​រូប​នេះ ​អះអាង​ថា ​អត់​អាច​អនុគ្រោះ​ឲ្យ​ជ្រើសរើស​យក​មនុស្សថ្មី​មក​រៀន​ធ្វើ​ការងារ​បោះឆ្នោត ​នេះ​បាន​ជា​ដាច់​ខាត​។ ​ទោះបី​លោក​ទេព នីថា ​ធ្លាប់​រង​ការ​រិះ​គន់​ ប៉ុន្តែ​លោក​ស៊ិក ប៊ុនហុក​ បាន​អះអាង​ថា ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នឹង​ធ្វើឡើង​ដោយ​តម្លាភាព ​ត្រឹមត្រូវ ​និង​ យុត្តិធម៌។​

លោក​ហង្ស ពុទ្ធា ​សមាជិក​មួយ​រូប​របស់​គ.ជ.ប​ថ្មី​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង ​លោក​គួយ ​ប៊ុនរឿន​ សមាជិក​គ.ជ.ប​កូតា​ខាង​គណបក្ស​សង្គ្រោះជាតិ​ បាន​បដិសេធ​មិន​ប្រាប់​ពី​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​នៅក្នុង​ការ​ សម្រេចចិត្ត​រួម​របស់​គ.ជ.បថ្មី​ក្នុង​ការ​ជ្រើសរើស​លោក​ទេព នីថា ​នោះ​ទេ។ ​តែ​យ៉ាងណា ​អ្នក​ទាំងពីរ ​បាន​គោរព​ទៅតាម​ការ​សម្រេច​ចិត្ត​ដែល​ធ្វើ​ឡើងតា​ម​ច្បាប់​របស់​គ.ជ.ប​ថ្មី ​។ ​

និយាយ​ដាច់​ដោយឡែក ​លោកគួយ ប៊ុនរឿន​ បាន​បញ្ជាក់​ថា ​អគ្គលេខាធិការដ្ឋាន​ គ្រាន់តែ​ជា​ជំនួយការ​របស់​គ.ជ.ប​តែ​ប៉ុណ្ណោះ ​ដោយ​ការ​ម្រេច​ចិត្ត​អ្វី​ៗ ​គឺស្ថិ​ត​នៅ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំកា​រ​បោះ​ឆ្នោត​ទាំងមូល​។ ​ជាមួយគ្នា​នេះ ​លោក​គួយ ​ប៊ុនរឿន ​បាន​ព្រមាន​ថា ​ប្រសិនបើ​ថ្នាក់​ដឹកនាំ ​ឫ ​ក៏មន្ត្រី​គ.ជ.ប​ណាមិ​ន​អនុវត្​តត្រឹមត្រូវ​ទៅ​តាម​ច្បាប់ ​ឫកា​រ​សម្រេច​ចិត្ត​របស់​គ.ជ.ប​ នោះ​គឺ​គ.ជ.ប​មាន​សិទ្ធិ​សម្រេច​ដក​ចេញ​ពី​តំណែង​តែ​ម្តង​ ដែល​នេះ​គឺជា​ប្រព័ន្ធ​គ្រប់គ្រង​ថ្មី​របស់​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត​ថ្មី​៕​ ប្រភពពី www.km.rfi.fr ដោយ
គ.ជ.ប​ថ្មី​​ឲ្យ​លោក​ទេព នីថា ​កាន់​តំណែង​ជា​អគ្គ​លេខាធិការ​ដដែល​ គ.ជ.ប​ថ្មី​​ឲ្យ​លោក​ទេព នីថា ​កាន់​តំណែង​ជា​អគ្គ​លេខាធិការ​ដដែល​ Reviewed by Admin on Saturday, January 16, 2016 Rating: 5
ads
Powered by Blogger.