អាជ្ញាធរ​ហាម​អ្នក​ប្រារព្ធ​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា តិះដៀល​រដ្ឋាភិបាល

កម្មករ កម្មការិនី ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​​​​​គោរព​​វិញ្ញាណក្ខន្ធ​​ លោក ជា វិជ្ជា ខួប​ទី​១១ នៅ​កន្លែង​តម្កល់​រូប​សំណាក​ត្រង់​សួនច្បារ​​ក្បែរ​​វិមាន​ឯករាជ្យ​ ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ មករា ២០១៥។

សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ពិធី​ជួបជុំ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ជា វិជ្ជា ថ្លែង​សារ​នយោបាយ ឬ​វាយ​ប្រហារ​រដ្ឋាភិបាល​ឡើយ។ បម្រាម​នេះ នៅ​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​មន្ត្រី​សហជីព និង​កម្មករ​ធ្វើ​ពិធី​ជួបជុំ​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី​២២ ខែ​មករា។ ទាក់ទិន​បម្រាម​នេះ ប្អូន​ប្រុស​បង្កើត​របស់​លោក ជា វិជ្ជា គឺ​លោក ជា មុនី លើក​ឡើង​ថា គឺ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព។

ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ដល់​​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦ គឺ​គម្រប់​ខួប ១២​ឆ្នាំ​គត់ ដែល​អតីត​មេដឹកនាំ​សហជីព​កម្មករ លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជាប់​របង​វត្ត​លង្កា ក្នុង​រាជធានី​ភ្នំពេញ។

សាលា​រាជធានី​​ភ្នំពេញ អនុញ្ញាត​ឲ្យ​សហជីព​កម្មករ ព្រម​ទាំង​ក្រុម​គ្រួសារ ជួបជុំ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ទីតាំង​តម្កល់​រូបសំណាក​របស់​លោក ស្ថិត​នៅ​លើ​សួនច្បារ​ខាង​លិច​វិមាន​ឯករាជ្យ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា សាលា​រាជធានី​មិន​អនុញ្ញាត​ឲ្យ​អ្នក​ប្រារព្ធ​ពិធី​នោះ​ហែ​ក្បួន និង​ថ្លែង​សារ​នយោបាយ ឬ​តិះដៀល​លើ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​នោះ​ឡើយ៖ «មិន ​អនុញ្ញាត​អោយ​គាត់​ប្រើប្រាស់​កម្មវិធី​ថ្ងៃ​នោះ ជា​កម្មវិធី​នយោបាយ ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ប៉ះពាល់​ដល់​រដ្ឋាភិបាល និង​មិន​ប៉ះពាល់​ដល់​ប្រទេស​ជិត​ខាង។ និយាយ​អោយ​ចំ​ទៅ គឺ​មិន​អោយ​ញុះញង់​បំបែក​បំបាក់​ជាតិ គឺ​ថា​យើង​មិន​ចង់​អោយ​ធ្វើ​បែប​នេះ​ទេ»

មក​ទល់​ពេល​នេះ មជ្ឈដ្ឋាន​ទូទៅ​នៅ​តែ​ចង់​ដឹង​ថា នរណា​ជា​ឃាតក​សម្លាប់​លោក ជា វិជ្ជា ហើយ​នៅ​ពេល​សាលា​រាជធានី​មាន​បម្រាម​រារាំង​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឲ្យ​ពួកគេ​ដាក់​មន្ទិលសង្ស័យ​ទៅ​លើ​រដ្ឋាភិបាល។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី មាន​ប្រសាសន៍​ថា លោក​នៅ​តែ​ថ្លែង​សារ​ទៅ​កាន់​រដ្ឋាភិបាល​ដូច​រាល់​ឆ្នាំ ហើយ​បើ​មិន​ចង់​ប៉ះពាល់​នោះ រដ្ឋាភិបាល​ត្រូវតែ​វែក​មុខ​ឃាតក​ពិត និង​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង​ដែល​បាន​សម្លាប់​លោក ជា វិជ្ជា យក​មក​ផ្ដន្ទាទោស ដើម្បី​លុប​បំបាត់​វប្បធម៌​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ និង​ពង្រឹង​យុត្តិធម៌​នៅ​កម្ពុជា៖ «បើ​មិន​ចង់​ឲ្យ​គេ​ថ្លែង​សារ​ទេ ចាប់​ឃាតក​មក ព្រោះ​អ្នក​ដែល​ដឹង​រឿង​នៅ​រស់​តើ ជា​ពិសេស​ក្រសួង​មហាផ្ទៃ ដឹង​ហើយ ក្រសួង​មហាផ្ទៃ ពូកែ​តើ! មិន​មែន​អត់​ជំនាញ​ទេ គឺ​មាន​ជំនាញ ប៉ុន្តែ​ថា ត្រូវ​ចាប់​គាត់​អត់​ចាប់ ហើយ​គាត់​ចាំ​តែ​មេ​បញ្ជា។ ទោះ​បី​ជា​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ក៏ដោយ ប៉ុន្តែ​មាន​តែ​នៅ​លើ​ក្រដាស មិន​ការ​អនុវត្ត​ទេ ហើយ​បើ​អ៊ីចឹង មិន​អោយ​គេ​រិះគន់​យ៉ាង​ម៉េច ឬ​ក៏​សម្លាប់​គេ​ចង់​បិទ​បាំង»

ចំណែក​អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ហាម​ប្រាម​របស់​សាលា​រាជធានី គឺ​មិន​ត្រូវ​ឡើយ។ មិន​ត្រឹមត្រូវ ព្រោះ​លោក ជា វិជ្ជា ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​វីរកម្មករ​ដែល​មាន​ស្នាដៃ​ទាមទារ​សិទ្ធិ​សេរីភាព និង​ផលប្រយោជន៍​ជូន​កម្មករ ដូច្នេះ​គណបក្ស​នយោបាយ​ណា​ក៏​មាន​សិទ្ធិ​ចូលរួម​ដើម្បី​ទាមទារ​ឲ្យ​ រដ្ឋាភិបាល​បន្ថែម​ល្បឿន​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ៖ «វា​ជា​រឿង​ធម្មតា ​របស់​ប្រជាពលរដ្ឋ និង​គណបក្ស​នយោបាយ ប៉ុន្តែ​អ្វី​សំខាន់​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​តែ​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្វែង​រក​ឃាតក​ ដែល​សម្លាប់​លោក ជា វិជ្ជា»

មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិមនុស្ស​លីកាដូ រូប​នេះ​បញ្ជាក់​ថា ថ្វីត្បិតតែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើប​អង្កេត​ពិសេស​លើ​ឃាតកម្ម​សម្លាប់​លោក ជា វិជ្ជា និង មេ​សហជីព​ពីរ​រូប​ផ្សេង​ទៀត គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត កាល​ពី​​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥ ក្ដី ប៉ុន្តែ​អាជ្ញាធរ​គ្មាន​ឆន្ទៈ​ពិត​ស្វែង​រក​យុត្តិធម៌​ជូន​គ្រួសារ​ ជនរងគ្រោះ​ឡើយ ព្រោះ​គណៈកម្មការ​នេះ មាន​អាយុ​ជាង ៥​ខែ​ហើយ តែ​មិន​ទាន់​មាន​ពន្លឺ​នៃ​ការ​ស៊ើប​អង្កេត។ លោក​សន្និដ្ឋាន​ថា ការ​បង្កើត​គណៈកម្មការ​មួយ​នេះ​ឡើង គឺ​រដ្ឋាភិបាល​ចង់​ទាក់ទាញ​ប្រជាប្រិយភាព និង​បន្លំ​ភ្នែក​ថា ការ​ស៊ើប​អង្កេត​នៅ​តែ​បន្ត​ប៉ុណ្ណោះ៕
ប្រភពពី www.rfa.org/khmer ដោយ ថា កិត្យា
អាជ្ញាធរ​ហាម​អ្នក​ប្រារព្ធ​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា តិះដៀល​រដ្ឋាភិបាល អាជ្ញាធរ​ហាម​អ្នក​ប្រារព្ធ​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា តិះដៀល​រដ្ឋាភិបាល Reviewed by Admin on Thursday, January 21, 2016 Rating: 5
ads
Powered by Blogger.