សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ពលរដ្ឋ​ ១៩​នាក់​ករណី​ជម្លោះដីធ្លី​នៅ​ស្រុក​ព្រៃនប់

ក្រុម​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដាក់​គ្រឿងចក្រ​​​ចុះ​ឈូស​ភ្ទះ​​ពលរដ្ឋ​ នៅ​លើ​ដី​មាន​​បញ្ហា ​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ដែល​បង្ក​ឱ្យ​ប្រឈម​មុខ​គ្នា និង​មាន​អំពើ​ហិង្សា ​កាល​​ថ្ងៃ​​ទី៣ ខែ​​មករា ឆ្នាំ២០២០។
សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​សម្រេច ឃាត់ខ្លួន​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ចំនួន ​១៩​នាក់ ក្រោយ​កើតមាន​អំពើ​ហិង្សា​មួយ​កាល​ថ្ងៃ​ទី​៣ ខែ​មករា ក្នុង​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់។ មន្ត្រី​សង្គម​ស៊ីវិល​​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​មានការ​សម្របសម្រួល​ជា​ជាង​ការ​ប្រើ​ហិង្សា ខណៈ​សង្កេត​ឃើញ​ថា នៅ​រយៈពេល​ចុងក្រោយ​នេះ អាជ្ញាធរ​តែង​ប្រើ​អំពើ ហិង្សា​លើ​ពលរដ្ឋ។
អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធា​រី ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មករា ថា អធិការ​ស្រុក​ព្រៃនប់​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ពេល​ពួកគេ បាន​ចាក​ចេញពី​តំបន់​មាន​ជម្លោះ​ដែល​ក្រុម​សមត្ថកិច្ច​បាន​ឡោម​ព័ន្ធ​។ អ្នកស្រី ស្នើ​ទៅ​អាជ្ញាធរ​គួរ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ត្រូវ​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​របស់​ពលរដ្ឋ​តាម​លំដាប់លំដោយ​មុននឹង​ឈាន​ដល់​ការ​ប្រើ​ហិង្សា​លើ​ពួកគេ៖ «យើង​មិន​ចង់​ឱ្យ​មាន​វិធានការ​ចុះ​បង្ក្រាប​អ៊ីចឹង​ទេ ប៉ុន្តែ​ក្នុង​ករណី​ហៅ​ពលរដ្ឋ​មក​ជជែក​គ្នា​ហើយ​ពួកគាត់​មិន​មក​ចាំ​យើង​ប្រើ​វិធី​តាម​ផ្លូវ​ច្បាប់ ហី​ដល់​នាំ​កម្លាំង​ទៅ​រុះរើ​ចឹ​ង​ពិបាក​មើល​ណាស់»។
ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ម្នាក់ លោក ភឿន ផៃ ឱ្យ​អាស៊ីសេរី​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ខែ​មករា កងកម្លាំង​ចម្រុះ​ខេត្ត​ព្រះសីហនុ​ជាង ១០០​នាក់ មាន​ទាំង​គ្រឿង​ចុះ​ផង​នោះ​បាន​មក​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ដោយ​ចោទ​ប្រកាន់​ថា ពលរដ្ឋ​រស់នៅ​ដី​នេះ​ដោយ​អានាធិបតេយ្យ។ លោក​ឱ្យ​ដឹង​ទៀ​ថា ហេតុការណ៍​នោះ​បណ្ដាល​ឱ្យ​មានការ​ប៉ះទង្គិច​រវាង​កងកម្លាំង និង​ក្រុម​ពលរដ្ឋ៖ «គេ​រៀប​គម្រោង​ឱ្យ​កម្លាំង​សមត្ថកិច្ច​ទាំង​ប៉ូលិស ទាំង​ប៉េអិម បរិស្ថាន ប្រជា​ការពារ​ភូមិ និង​កម្មករ យក​ដំបង​មក​គប់ មក​វាយ​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​តដៃ​វិញ​តែ​ប៉ុណ្ណឹង​ទេ​បង»។
ពលរដ្ឋ​ថា ពួកគេ​បាន​ចូល​ទៅ​រស់នៅ​លើ​ដី​ជម្លោះ តាំងពី​ឆ្នាំ​២០០០ លើ​ផ្ទៃដី​ជិត ៣០០​ហិកតារ ដោយមាន​ចំនួន​ពលរដ្ឋ​ ១៣៤គ្រួសារ​។ ពលរដ្ឋ​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៩ មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ លី ស៊ីង ចោទ​ប្រកាន់​ថា ពលរដ្ឋ​រស់នៅ​លើ​ដី​របស់​ខ្លួន​។
ទាក់ទង​ករណី​នេះ អាស៊ីសេរី​មិន​ទាន់​មាន​ប្រភព​ពី​តំណាង​ក្រុមហ៊ុន លី ស៊ីង ដើម្បី​សុំ​ការ​បំភ្លឺ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​មករា ។ ចំណែក អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក លឹម ប៊ុនហេង និង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ ក៏​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល​ត្រូវ​លោក​ចុច​បិទ​។
​ពលរដ្ឋ​មាន​ជម្លោះដីធ្លី លោក ភឿន ផៃ ឱ្យ​ដឹង​ថា ពេលនេះ​ក្រុម​សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​កម្លាំង​ព័ទ្ធ​ជុំវិញ​លើ​តំបន់​ជម្លោះ​ហើយ​អ្នកណា​ហ៊ាន​ចូល​ឬ​ចេញ​ក្នុង​ចំណុច​នោះ​នឹង​ង​ត្រូវ​ចាប់ខ្លួន​។ លោក​យល់ថា ទង្វើ​របស់​សមត្ថកិច្ច​បែបនេះ ចង់​ឱ្យ​ពលរដ្ឋ​ឃ្លាន​ដាច់ពោះ​ស្លាប់ ក្នុង​ដី​មាន​ជម្លោះ​ខណៈ​ផ្ទះសំបែង​របស់​ពលរដ្ឋ​ត្រូវ​សមត្ថកិច្ច​រុះរើ​អស់​ទៅ​ហើយ​នោះ៕
អត្ថបទ និង រូបភាព rfa.org/khmer
សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ពលរដ្ឋ​ ១៩​នាក់​ករណី​ជម្លោះដីធ្លី​នៅ​ស្រុក​ព្រៃនប់ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ពលរដ្ឋ​ ១៩​នាក់​ករណី​ជម្លោះដីធ្លី​នៅ​ស្រុក​ព្រៃនប់ Reviewed by Admin on Monday, January 06, 2020 Rating: 5
ads
Powered by Blogger.