អ្នកនយោបាយជើងចាស់មួយរូបស្នើអន្តរាគមន៍បន្ទាន់ពីព្រះមហាក្សត្រចំពោះស្ថានការណ៍នយោបាយកម្ពុជា
![]() |
| លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រីពីខាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអ្នកនយោបាយជើងចាស់មួយរួប ក្នុងបន្ទប់ផ្សាយអាស៊ីសេរី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Cheu Sideth |
អតីតឧបនាយករដ្ឋមន្ត្រីពីខាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអ្នកនយោបាយជើងចាស់មួយរូប គឺលោក លឺ ឡាយស្រេង សុំព្រះរាជអន្តរាគមន៍បន្ទាន់ពីព្រះមហាក្សត្រ ដោះស្រាយស្ថានការណ៍នយោបាយកម្ពុជា ដែលកំពុងតានតឹង។
នៅម៉ោង១១ព្រឹក ថ្ងៃទី១៥ កញ្ញា លោក លឺ ឡាយស្រេង បានដាក់លិខិតសុំព្រះរាជអន្តរាគមន៍នេះថ្វាយទៅព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហមុនី ហើយ តាមរយៈទីប្រឹក្សាព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រី ព្រះនរោត្ដម មុនីនាថ គឺលោក អ៊ុំ ដារ៉ាវុធ។
ក្នុងលិខិតសុំព្រះរាជអន្តរាគមន៍នេះ លោក លឺ ឡាយស្រេង ទូលថ្វាយព្រះមហាក្សត្រថា ស្ថានការណ៍នយោបាយកម្ពុជាសព្វថ្ងៃ កំពុងតានតឹង ហើយនឹងអាចក្លាយជាព្រឹត្តិការណ៍មួយដ៏អាក្រក់បំផុត។
លិខិតនោះដដែល បន្តថា ប្រជារាស្ត្រ មានការតក់ស្លុតរន្ធត់យ៉ាងខ្លាំង ដោយបានឮថា កងកម្លាំងប្រដាប់អាវុធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រើចុងអាវុធបង្ហូរឈាមអ្នកមកធ្វើមហាបាតុកម្មអហិង្សា ដែលមានតែបាតដៃទទេ។
កាលពីថ្ងៃទី១៤ កញ្ញា បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ប្រកាសអនុវត្តអនុសាសន៍របស់លោក ហ៊ុន សែន ដែលបានដាក់បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមខ្លួនបង្ក្រាបមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលលោកចាត់ទុកថាជាឧទ្ទាមកម្មនៅក្នុងទីក្រុង។ ខណៈគណបក្សប្រឆាំងនៅរក្សាជំហរធ្វើមហាបាតុកម្មនៅពេលខាងមុខនេះ។
កាលពីកាលពីថ្ងៃទី១៤ កញ្ញា នេះដែរ ប្រទេសចំនួន៣៦ ដែលជាសមាជិកនៃសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ក៏បានចេញសេចក្ដីប្រកាសរួមគ្នាមួយបង្ហាញពីកង្វល់លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយលើកឡើងថា ការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើបក្សប្រឆាំង និងការរឹតត្បិតលើសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ពលរដ្ឋ សិទ្ធិធ្វើការប្រមូលផ្ដុំគ្នាដោយសន្តិភាពនៅក្នុងឆ្នាំនេះ កាន់តែមានស្ថានភាពធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ លិខិតរបស់លោក លឺ ឡាយស្រេង ក៏បង្ហាញការបារម្ភ ខ្លាចក្រែងមាន ភាគីទី៣ ណាមួយ ចេញមកបង្កចលាចល ហើយកងកម្លាំងប្រដាប់អាវុធ របស់លោក ហ៊ុន សែន ស្មានថា ជាសកម្មភាពរបស់គណបក្សប្រឆាំងជាអ្នកធ្វើ ហើយក៏កេះកៃកាំភ្លើង សម្លាប់ខ្មែរគ្នាឯង។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានព័ត៌មាន...
ប្រភពពី RFA
អ្នកនយោបាយជើងចាស់មួយរូបស្នើអន្តរាគមន៍បន្ទាន់ពីព្រះមហាក្សត្រចំពោះស្ថានការណ៍នយោបាយកម្ពុជា
Reviewed by Admin
on
Thursday, September 15, 2016
Rating:
Reviewed by Admin
on
Thursday, September 15, 2016
Rating:

