ឆ្នាំ២០១៦ ចៅកែវេចបង្វិចរត់ចោលកម្មករ ចំនួន១៥រោងចក្រកាត់ដេរ ខណៈដែលរដ្ឋមន្ត្រីថា មានតែមួយរោងចក្រប៉ុណ្ណោះ!
![]() |
| នៅឆ្នាំ២០១៦នេះ សហជីពសេរីកម្មនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ចៅកែរោងចក្រកាត់ដេរ ចំនួន១៥ បានបិទទ្វារ និងវេចបង្វិចរត់ចោលកម្មករ។ |
នៅឆ្នាំ២០១៦នេះ សហជីពសេរីកម្មនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ចៅកែរោងចក្រកាត់ដេរ ចំនួន១៥ បានបិទទ្វារ និងវេចបង្វិចរត់ចោលកម្មករ។ ចំណែករដ្ឋមន្ត្រីក្រសួងការងារ បានសរសេរថ្មីៗក្នុងហ្វេសបុកផ្លូវការរបស់ខ្លួនថា មានតែមួយរោងចក្រប៉ុណ្ណោះ ដែលបិទទ្វារលែងដំណើរការ។
អនុប្រធានសហជីពសេរីកម្ម លោក ម៉ាន់ សេងហាក់ បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា របាយការណ៍ដែលជាក់ស្តែង គឺមានចំនួន១៥រោងចក្រ ដែលចៅកែ បិទទ្វាររោងចក្រ និងវេចបង្វិចរត់ចោលកម្មករតែម្តង។ ហើយកាលពីឆ្នាំមុន គឺមានដល់ទៅ ២៤ រោងចក្រ ដែលបានធ្វើដូច្នេះដែរ។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការងារ មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃសុក្រទី ១៩សីហា ដោយទូរសព្ទគ្មានអ្នកទទួល។ ក៏ប៉ុន្តែបើតាមហ្វេសបុកផ្លូវការរបស់ រដ្ឋមន្ត្រីក្រសួងការងារ បានសរសេរពីថ្ងៃទី១៦សីហា បញ្ជាក់ថា គិតមកត្រឹមខែកក្កដា មានសហគ្រាសគ្រឹះស្ថាន បិទទ្វារលែងដំណើរការ ចំនួន៨ ក្នុងនោះ មានរោងចក្រកាត់ដេរ ១។
ដូច្នេះ តួលេខរោងចក្របិទទ្វារ គឺមានចំនួនខុសគ្នាច្រើន។
ទោះយ៉ាងនេះក្តី លោកអនុប្រធានសហជីពសេរីកម្ម ពន្យល់ថា ការបិទទ្វារដូច្នេះ គឺដើម្បីគេចវេសពីការផ្តល់សំណង ប្រាក់ខែ និងប្រាក់រង្វាន់ ព្រមទាំងប្រាក់អតីតភាពការងារ ដែលបញ្ហានេះ បណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កម្រិតជីវភាពរបស់ក្រុមកម្មករ និងក្រុមគ្រួសាររបស់ពួកគេ។
តាមការអះអាងរបស់លោកអនុប្រធានសហជីពសេរីកម្ម ក្នុងចំណោមរោងចក្រទាំង១៥នោះ គឺមានរោងចក្រខ្លះ បានបើកឡើងវិញ ដោយប្តូរឈ្មោះថ្មី។ ការពាក់ឈ្មោះថ្មីនេះ គឺអាចអនុគ្រោះពន្ធ ពិសេសគឺពន្ធនាំចូលវត្ថុធាតុដើម គឺកំណាត់តែម្តង ដែលមិនបង់ពន្ធ។
សូមបញ្ជាក់ថា ហ្វេសបុករបស់ រដ្ឋមន្ត្រីក្រសួងការងារ បង្ហាញថា នៅខែកក្កដា ឆ្នាំ២០១៦ ក៏មានសហគ្រាសគ្រឹះស្ថាន បើកថ្មី ចំនួន ៥៧ ក្នុងនោះ មានរោងចក្រកាត់ដេរ និងផលិតស្បែកជើង ចំនួន ២០ ដែលបង្កើតការងារថ្មី បាន ៧.៥០០ កន្លែង។
ប្រភពពីសហជីពសេរីកម្ម បានពញ្ញាក់ស្មារតីថា អាជ្ញាធរមានសមត្ថកិច្ច មិនគួរបណ្ដែតបណ្តោយឲ្យចៅកែរត់ចោលកម្មករ និងបិទទ្វាររោងចក្រដូច្នេះ ហើយមិនត្រូវឲ្យរឿងកើតមានទៀតទេ។ ចំពោះរោងចក្រដែលបិទទ្វាររួចហើយ គួរតែត្រូវមានវិធានការចាំបាច់ជាបន្ទាន់ ហើយរិះរកដំណោះស្រាយសងសំណង និងការខូចខាតផ្សេងៗដល់កម្មករ៕
ប្រភពពី RFI
ឆ្នាំ២០១៦ ចៅកែវេចបង្វិចរត់ចោលកម្មករ ចំនួន១៥រោងចក្រកាត់ដេរ ខណៈដែលរដ្ឋមន្ត្រីថា មានតែមួយរោងចក្រប៉ុណ្ណោះ!
Reviewed by Admin
on
Friday, September 09, 2016
Rating:
Reviewed by Admin
on
Friday, September 09, 2016
Rating:

