បទវិភាគ អាមេរិក និងចិនប្រឈមមុខដាក់គ្នាកាន់តែខ្លាំងនៅសមុទ្រចិនខាងត្បូង



ការ​ងើប​ឡើង​របស់​មហា​យក្ស​អាស៊ី-​ចិន ក្នុង​ឆាក​នយោបាយ​ពិភពលោក បាន​បង្ក​អោយ​មាន​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​មហា​អំណាច​ផ្សេង​ទៀត និង​ជា​ពិសេស​ពី​សំណាក់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ជិត​ខាង​របស់​ខ្លួន។

 ដោយ​ឡែក​សម្រាប់​ប្រទេស​ក្រីក្រ​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ តួយ៉ាង​ដូចជា​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ហាក់​ស្វាគមន៍​ចំពោះ​ការ​ងើប​ឡើង​របស់​មហា​អំណាច​ថ្មី​មួយ​នេះ និង​ខិតខំ​បង្កើន​កិច្ច​សហប្រតិបត្តិការ​អោយ​កាន់តែ​ស្អិតល្មួត​លើ​គ្រប់​វិស័យ​តាមតែ​អាច​ធ្វើ​បាន។ ផ្ទុយ​ពី​មហា​អំណាច​ពិភពលោក​ផ្សេង​ទៀត​ដែល​តែងតែ​ប្រើប្រាស់​កម្លាំង​យោធា និង​សព្វាវុធ​ទំនើបៗ​ធ្វើ​សង្គ្រាម ដើម្បី​ពង្រីក​ឥទ្ធិពល និង​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន មហា​អំណាច​ចិន ជ្រើសរើស​ការ​ប្រើ "អំណាច​ទន់" ជា​ជាង​ការ​ប្រើ​ធម៌​ក្ដៅ​ដើម្បី​អន្ទង និង​បញ្ចុះបញ្ចូល​ប្រទេស​ដទៃ​ទៀត អោយ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ខ្លួន​ក្នុង​គោលបំណង​សម្រេច​អោយ​បាន​នូវ​ផលប្រយោជន៍​ដែល​មហា​អំណាច​មួយ​នេះ​ចង់​បាន។

 តើ​អ្វី​ជា "អំណាច​ទន់”? ហើយ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​អោយ "អំណាច​ទន់" របស់​ចិន ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​៤ ស៊ី.អិល.អឹម.វី (CLMV) (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម)?

 នយោបាយ​វិទូ​អាមេរិក លោក ហ្សូសេហ្វ ណៃយ៍ (Joseph Nye) បាន​អោយ​និយម​ន័យ "អំណាច​ទន់" ដែល​ភាសា​អង់គ្លេស​ហៅ​ថា “soft power” ជា​សមត្ថភាព​របស់​រដ្ឋ​មួយ​ប្រើប្រាស់​ដើម្បី​បាន​ទទួល​នូវ​ផលប្រយោជន៍​ដែល​ប្រទេស​ខ្លួន​ចង់​បាន​ដោយ​ប្រើ​ការ​បញ្ចុះបញ្ចូល ឬ​ការ​ទាក់ទាញ​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ តាម​រយៈ​វប្បធម៌​តម្លៃ​នយោបាយ និង​គោលនយោបាយ​ ដោយ​ចៀស​ឆ្ងាយ​ពី​ការ​ប្រើប្រាស់​ចុង​អាវុធ ឬ​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ជាដើម។ 

ក្នុង​បរិបទ​អាស៊ី "អំណាច​ទន់" របស់​ចិន មិន​ផ្ដោត​លើ​វិស័យ​យោធា និង​សន្តិសុខ​ជាតិ​ដូច​មហា​អំណាច​ដទៃ​ឡើយ ប៉ុន្តែ​មហា​អំណាច​មួយ​នេះ​ផ្ដោត​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សំខាន់ៗ​ដូចជា វិស័យ​វប្បធម៌ វិស័យ​ការទូត និង​សេដ្ឋកិច្ច ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ឆាក​អន្តរជាតិ។និយាយ​ដោយ​ខ្លី "អំណាច​ទន់" របស់​ចិន គឺ​ជា​សមត្ថភាព​ដែល​ជះ​ឥទ្ធិពល​លើ​គោលនយោបាយ​របស់​បណ្ដា​ប្រទេស​ផ្សេង​ទៀត ដោយ​បង្កើត​នូវ​របៀបវារៈ និង​លក្ខខណ្ឌ​ដែល​បម្រើ​ដល់​ប្រយោជន៍​ប្រទេស​ចិន។ 

ក្នុង​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​៤ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម) មហា​អំណាច​ចិន ហាក់​ទទួល​បាន​ជោគជ័យ​ជាង​មហា​អំណាច​ពិភពលោក​ផ្សេង​ទៀត​ក្នុង​ការ​អន្ទង​អោយ​បណ្ដា​ប្រទេស​ទាំង​នេះ​អោយ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ខ្លួន។ ភាព​ជោគជ័យ​នេះ អាស្រ័យ​លើក​កត្តា​សំខាន់​ចំនួន ៣ គឺ​កត្តា​ភូមិសាស្ត្រ កត្តា​ប្រព័ន្ធ​នយោបាយ និង​ឥទ្ធិពល​សហគមន៍​ចិន ក្នុង​ប្រទេស។ 

មហា​អំណាច​ចិន និង​ប្រទេស ស៊ី.អិល.អឹម.វី (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម) ជា​ប្រទេស​ជិត​ខាង​ភូមិ​ផង​របង​ជាមួយ​គ្នា។ កត្តា​ភូមិសាស្ត្រ​នេះ បាន​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​ក្នុង​ការ​បញ្ជ្រាប "អំណាច​ទន់" របស់​ចិន។ លើស​ពី​នេះ ប្រទេស​ទាំង​ប្រាំ​មាន​សរសៃ​ឈាម​ដ៏​សំខាន់​មួយ​ផ្សារភ្ជាប់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ មិន​អាច​កាត់ផ្ដាច់​បាន​នោះ គឺ​ទន្លេ​មេគង្គ ដែល​ភ្ជាប់​ផ្នែក​ខាង​លើ​ពី​ប្រទេស​ចិន រហូត​ដល់​ប្រទេស​វៀតណាម ផ្នែក​ខាង​ក្រោម។ ទន្លេ​មេគង្គ​មិន​ត្រឹម​គ្រាន់តែ​ជា​សរសៃ​ឈាម​ផ្សារភ្ជាប់​ប្រទេស​នឹង​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ច្រក​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​លើក​កម្ពស់​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​៥។

 បន្ថែម​លើ​នេះ​ទៅ​ទៀត កត្តា​ប្រព័ន្ធ​នយោបាយ និង​វប្បធម៌​នយោបាយ​របស់​បណ្ដា​ប្រទេស​អាស៊ាន​៤ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម) មាន​លក្ខណៈ​ប្រហាក់ប្រហែល​ប្រព័ន្ធ​នយោបាយ​ចិន ពោល​គឺ​ក្នុង​បណ្ដា​ប្រទេស​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​អន្តរកាល​ប្រជាធិបតេយ្យ និង​សង្គម​និយម។ ឧទាហរណ៍ នៅ​កម្ពុជា ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី​កាន់​អំណាច​តាំង​ពី​ឆ្នាំ​១៩៨៥។ នៅ​ប្រទេស​ឡាវ និង​​វៀតណាម គ្រប់គ្រង​ប្រទេស​ដោយ​ប្រព័ន្ធ​ឯក​បក្ស គឺ​គណបក្ស​បដិវត្តន៍​ប្រជាជន​ឡាវ និង​គណបក្ស​កុម្មុយនិស្ត​វៀតណាម។ ចំណែក​មីយ៉ាន់ម៉ា រដ្ឋាភិបាល​គ្រប់គ្រង​ដោយ​របប​យោធានិយម​តាំង​ពី​ឆ្នាំ​១៩៦២ រហូត​ដល់​បច្ចុប្បន្ន។ ភាព​ប្រហាក់ប្រហែល​នៃ​ប្រព័ន្ធ​នយោបាយ និង​វប្បធម៌​នយោបាយ​របស់​បណ្ដា​ប្រទេស ស៊ី.អិល.អឹម.វី (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម) និង​ប្រទេស​ចិន គឺ​ជា​កត្តា​នាំ​អោយ​ប្រទេស​ទាំង​នេះ​ខិត​ជិត​រក​គ្នា​ដោយ​ពុំ​មាន​របាំង​ផ្នែក​នយោបាយ។ ឥទ្ធិពល​សហគមន៍​ចិន ក៏​ដើរតួ​យ៉ាង​សំខាន់​ផង​ដែរ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌ ពង្រីក​ឥទ្ធិពល​មហា​អំណាច​នេះ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ជាពិសេស​ក្នុង​ប្រទេស ស៊ី.អឹម.អិល.វី។

 ស្ថិតិ​របស់​សព្វវចនាធិប្បាយ​ពិភពលោក​ថ្មី (New world encyclopedia) បង្ហាញ​ថា មាន​ប្រជាជន​ចិន ប្រមាណ​ជាង ៣,៨​លាន​នាក់ កំពុង​រស់​នៅ​ក្នុង​បណ្ដា​ប្រទេស​អនុ​តំបន់​អាស៊ាន​ទាំង ៤ ដែល​ក្នុង​នោះ មិន​ទាន់​ទាំង​រាប់​បញ្ចូល​អ្នក​ជាប់​សែស្រឡាយ​ចិន នៅ​ឡើយ។ ប្រជាជន​ចិន ដែល​រស់​នៅ​ក្នុង​ប្រទេស​ទាំង​នេះ បាន​ចូល​រួម​លើក​ស្ទួយ​វប្បធម៌ និង​ឥទ្ធិពល​ចិន អោយ​កាន់តែ​ទូលំទូលាយ ស្រប​ពេល​ដែល​ប្រជាជន​ម្ចាស់​ស្រុក​ហាក់​ទទួល​យក​វប្បធម៌​ចិន ដោយ​ពេញ​ចិត្ត​ពុំ​មាន​ទំនាស់​នឹង​វប្បធម៌​ខ្លួន។ 

 ក្រៅ​ពី​កត្តា​សំខាន់​ទាំង​៣ នេះ ដើម្បី​ពង្រីក​នូវ​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម មហា​អំណាច​ចិន បាន​ប្រើប្រាស់​នូវ​គោលការណ៍ "ការទូត ក ៣" ដែល​រួម​មាន៖ ក.ទី១ ការទូត​វប្បធម៌ ក.ទី​២ ការទូត​សេដ្ឋកិច្ច និង ក.ទី​៣ ការទូត​បែប​ប្រពៃណី។ 

 ក.ទី​១ ការទូត​វប្បធម៌

 អ្នក​ដឹកនាំ​ចិន រាប់​តាំង​ពី​ប្រធានាធិបតី ហូ ជីនតាវ (Hu Jintao) រហូត​ដល់​ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​របស់​ខ្លួន​នៅ​ក្នុង​ពិភពលោក។ ជាក់ស្ដែង តាំង​ពី​ឆ្នាំ​២០០៦ រដ្ឋាភិបាល​ចិន បាន​អនុម័ត​ផែនការ​អភិវឌ្ឍ​វប្បធម៌ ដោយ​លើក​ទឹក​ចិត្ត​អោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ រួម​មាន​ការ​សំដែង​សិល្បៈ ភាពយន្ត​ជាដើម ពង្រីក​អោយ​កាន់តែ​ទូលំទូលាយ​វប្បធម៌​ចិន ក្នុង​តំបន់​និង​ក្នុង​ពិភពលោក។ បន្ថែម​លើ​នេះ​ទៅទៀត រដ្ឋាភិបាល​ចិន បាន​ចំណាយ​ថវិកា​ជាតិ​ជាង ១២,៣​ប៊ី​លាន​យន់ ដើម្បី​ឧបត្ថម្ភ​ដល់​សកម្មភាព​វប្បធម៌​ចិន នៅ​ឆាក​អន្តរជាតិ។ ក្នុង​នោះ​ការ​កសាង​វិទ្យាស្ថាន ខុង ជឺ នៅ​តាម​បណ្ដា​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ក៏​ដើរតួ​យ៉ាង​សំខាន់​ផង​ដែរ ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌ អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ​ចិន។ 

ក.ទី​២ ការទូត​សេដ្ឋកិច្ច 

ប្រទេស​អាស៊ាន​៤ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម) សុទ្ធតែ​ជា​ប្រទេស​ដែល​ឆ្លងកាត់​ការ​ហែកហួរ​ដោយ​សង្គ្រាម ហើយ​បណ្ដា​ប្រទេស​ទាំង​នេះ​បាន​ផ្លាស់ប្ដូរ​ពី​របប​សេដ្ឋកិច្ច​ផែនការ​មក​កាន់​របប​សេដ្ឋកិច្ច​ទីផ្សារ​សេរី។ កត្តា​នេះ​ចៀស​មិន​ផុត​ចាំបាច់​ត្រូវ​ការ​ជំនួយ​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ ដែល​ក្នុង​នោះ​មហាអំណាច​ចិន បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ក្រីក្រ​ទាំង​នេះ តាម​រយៈ​ជំនួយ​គ្មាន​លក្ខខណ្ឌ​ផ្សារភ្ជាប់​នឹង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស។ ដើម្បី​ពង្រីក​ឥទ្ធិពល​ជា​មហា​អំណាច​ពិភពលោក ចិន​បាន​ប្រើប្រាស់​ការ​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រទេស​ក្រីក្រ​ដើម្បី​លើក​ស្ទួយ​កិត្យានុភាព​ជាតិ។ ជា​ឧទាហរណ៍ ជំនួយ​របស់​លោក​ខាងលិច​ផ្ដោត​លើ​លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ច​ល្អ និង​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​លើ​បញ្ហា​សិទ្ធិមនុស្ស។ ដោយឡែក​ចិន គោរព​គោលការណ៍​អធិបតេយ្យភាព មិន​ជ្រៀតជ្រែក​នយោបាយ​ផ្ទៃក្នុង និង​ផ្ដល់​ជំនួយ​ដោយ​គ្មាន​ចំណង ឬ​កម្ចី​ដែល​មាន​ការ​ប្រាក់​ទាប។ 

ជា​ឧទាហរណ៍ មីយ៉ាន់ម៉ា បាន​ទទួល​ជំនួយ​ដ៏​សន្ធឹកសន្ធាប់​ពី​ចិន ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២​ប៊ីលាន​ដុល្លារ​ដល់​របប​យោធា​និយម​តាំង​ពី​ឆ្នាំ​១៩៨៨ ហើយ​ចិន សន្យា​ផ្ដល់​ប្រាក់​កម្ចី​ប្រមាណ ៥​ប៊ីលាន​ដុល្លារ​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​វារីអគ្គិសនី ការ​រុករក​ប្រេងកាត និង​ឧស្ម័ន និង​គម្រោង​កសិកម្ម​ជា​ច្រើន​ទៀត។ ដោយ​ឡែក​នៅ​កម្ពុជា ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ជិតស្និទ្ធ​របស់​ចិន បាន​ទទួល​ជំនួយ​ប្រមាណ ២,៨៥​ប៊ី​លាន​ដុល្លារ​តាំង​ពី​ឆ្នាំ​១៩៩២ រហូត​ដល់​ឆ្នាំ​២០១៤ ដែល​ភាគច្រើន​ផ្ដោត​លើ​ការ​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និង​វិស័យ​យោធា។

 ក.ទី​៣ ការទូត​បែប​ប្រពៃណី 

ក្នុង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ចិន និង អាស៊ាន ៤ មាន​ពីរ​កម្រិត គឺ​កម្រិត​ទ្វេភាគី និង​ពហុភាគី។ កិច្ចសហការ​កម្រិត​ទ្វេភាគី​និង​ពហុភាគី មហាអំណាច​ចិន តែង​បង្ហាញ​នូវ​ភាព​ជិតស្និទ្ធ និង​ភាព​កក់ក្ដៅ​តាមរយៈ​ការ​គោរព​ក្នុង​ភាពជា​ដៃគូ​ដោយ​មិន​គិត​ថា ប្រទេស​តូច ឬ​ប្រទេស​ធំ​ជាមួយ​សម​ភាគី​របស់​ខ្លួន។ ជាក់ស្ដែង មេដឹកនាំ​ចិន ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ញឹកញាប់​ជាង​មន្ត្រី​ជាន់​ខ្ពស់​ប្រទេស​លោក​ខាង​លិច ដូចជា អាមេរិក ជាដើម។ ក្នុង​ន័យ​ម្យ៉ាង​ទៀត ក្នុង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ចិន មេដឹកនាំ​អាស៊ាន​ទាំង ៤​ទទួល​បាន​ការ​គោរព​ពី​សំណាក់​មេដឹកនាំ​ចិន ជាង​សម​ភាគី​ប្រទេស​លោក​ខាង​លិច​របស់​ខ្លួន។ ខុស​ពី​សហរដ្ឋអាមេរិក ដែល​តែងតែ​លើក​យក​បញ្ហា​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ​ក្នុង​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​៤ ប្រទេស​ចិន រក្សា​ជំហរ​​អព្យាក្រឹត ដោយ​មិន​ជ្រៀតជ្រែក​ក្នុង​នយោបាយ​របស់​ប្រទេស​ជា​ដៃគូ​របស់​ខ្លួន។ ជាពិសេស​ជាង​នេះ​ទៅ​ទៀត ជោគជ័យ "អំណាច​ទន់" របស់​ប្រទេស​ចិន នៅ​ក្នុង​អនុ​តំបន់​នេះ ដោយសារ​ប្រទេស​ចិន និង​អាស៊ាន​ទាំង ៤ មាន​ចំណុច​ប្រហាក់ប្រហែល​គ្នា គឺ "តម្លៃ​អាស៊ី" ដូច​គ្នា៕ ប្រភពពី វិទ្យុអាស៊ីខេមរៈភាសា
បទវិភាគ អាមេរិក និងចិនប្រឈមមុខដាក់គ្នាកាន់តែខ្លាំងនៅសមុទ្រចិនខាងត្បូង បទវិភាគ អាមេរិក និងចិនប្រឈមមុខដាក់គ្នាកាន់តែខ្លាំងនៅសមុទ្រចិនខាងត្បូង Reviewed by Admin on Wednesday, February 03, 2016 Rating: 5
ads
Powered by Blogger.