ពលរដ្ឋ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​រិះគន់​ការ​អនុវត្ត​ច្បាប់​របស់​ប៉ូលិស​នៅ​ខេត្ត​កំពង់ឆ្នាំង

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (ADHOC) លោក សំ ច័ន្ទគា ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៤។
មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​ជន​រងគ្រោះ​ក្នុង​អំពើ​រំលោភ​សេពសន្ថវៈ រិះគន់​ការ​អនុវត្ត​ច្បាប់​របស់​នគរបាល​យុត្តិធម៌​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ ការ​រិះគន់​នេះ គឺ​បន្ទាប់​ពី​តុលាការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជន​ល្មើស​ក្នុង​សំណុំ​រឿង​រំលោភ​សេពសន្ថវៈ​មួយ​ករណី​ជាង ២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន នគរបាល​មិន​ទាន់​ចាប់​ជន​ល្មើស​មក​អនុវត្ត​ទោស​នៅ​ឡើយ​ទេ។
ក្រុម​គ្រួសារ និង​ជន​រងគ្រោះ​ក្នុង​អំពើ​រំលោភ​សេពសន្ថវៈ​រស់នៅ​ឃុំ​មេលំ ស្រុក​បរិបូរណ៍ ទាមទារ​ឲ្យ​នគរបាល​ប៉ុស្តិ៍ និង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក តាម​ចាប់​ជន​ល្មើស​ឈ្មោះ ម៉ើ វីរៈ ដាក់​ពន្ធនាគារ ប៉ុន្តែ​ប៉ូលិស​មិន​អើពើ​ចាប់​ខ្លួន​ជន​ល្មើស​ទេ ថែម​ទាំង​លួច​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ជន​នោះ​ទៀត។
ជន​រងគ្រោះ​ដែល​បច្ចុប្បន្ន​មាន​វ័យ ២៦​ឆ្នាំ មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៦ ម្ដាយ​លោកស្រី​បាន​ឃើញ​អត្តសញ្ញាណប័ណ្ណ​ជន​ល្មើស ត្រូវ​បាន​មេ​ភូមិ​ទួលរកា ចែក​ទៅ​ឲ្យ​ម្ដាយ​ជន​ល្មើស បន្ទាប់​ពី​មេ​ភូមិ​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​ពី​នាយ​ប៉ុស្តិ៍​ឃុំ​មេលំ។ បើ​ទោះ​បី​ជា​តុលាការ​សម្រេច​ផ្ដន្ទាទោស​ជន​ល្មើស​ដាក់​គុក ៧​ឆ្នាំ និង​ពិន័យ​ប្រាក់ ៨​លាន​រៀល ប៉ុន្តែ​មក​ដល់​ពេល​នេះ លោកស្រី​ដូចជា​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​អ្វី​នៅ​ឡើយ៖ «ខ្ញុំ​ចង់​និយាយ​ថា ទាំង​សមត្ថកិច្ច​ប៉ូលិស និង​តុលាការ ធ្វើ​ការ​ឲ្យ​ខ្ញុំ​លម្អៀងៗ សូម្បី​សមត្ថកិច្ច​នៅ​ស្រុក​ខ្ញុំ​ក៏ដោយ។ ទាំង​គាត់​ដឹង​ថា​មាន​លិខិត​ចាប់​ខ្លួន​មនុស្ស​ហ្នឹង​ក៏ដោយ គាត់​នៅ​តែ​ធ្វើ​បែប​ហ្នឹង។ អ៊ីចឹង​បាន​ន័យ​ថា គាត់​មិន​រក​យុត្តិធម៌​សម្រាប់​នាង​ខ្ញុំ។ គាត់​ជាន់​ឈ្លី​នាង​ខ្ញុំ​ដដែល។ គាត់​អង្គុយ​លើ​ច្បាប់ ដេក​លើ​ច្បាប់ គាត់​បំពាន​អ៊ីចឹង»
ឆ្លើយ​តប​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​បរិបូរណ៍ លោក ជាង សុវណ្ណារិទ្ធិ ថា​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់​ពី​ករណី​នេះ​នៅ​ឡើយ​ទេ ដោយ​ខាង​មន្ត្រី​ប៉ុស្តិ៍​មិន​ទាន់​បាន​រាយការណ៍​ឡើង​លើ។ លោក​ថា ជាទូទៅ​នៅ​ពេល​មាន​ដីកា​ពី​តុលាការ ត្រូវ​តែ​អនុវត្ដ​ការ​ចាប់​ខ្លួន បើ​មិន​ដូច្នោះ​ទេ ប៉ូលិស​ជា​អ្នក​ខុស​ច្បាប់ ហើយ​លោក​នឹង​សួរ​ព័ត៌មាន​នេះ​ទៅ​មន្ត្រី​ប៉ុស្តិ៍​របស់​លោក​បន្ថែម​ទៀត៖ «វា​មិន​អាច​ដូច​គេ​ចោទ​ប្រកាន់​អ៊ីចឹង​បាន​ទេ​បងរឿង​ថា​មិន​មាន​ការ​ចាប់​ខ្លួន។ បាន​ដាក់​ផែនការ​រាល់​សប្ដាហ៍ រាល់​ខែ​ហើយ​សម្រាប់​ប៉ុស្តិ៍​ក្នុង​ការ​អនុវត្ត​ដីកា​ចាប់​ខ្លួន​របស់​តុលាការ។ បើ​ឃើញ គេ​នឹង​ចាត់​ចែង​ហើយ មិន​ទុក​ឲ្យ​មាន​រឿង​ហ្នឹង​ត​ទៅ​ទៀត​ទេ»
ចំណែក​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​មេលំ លោក ជុំ វៃ អះអាង​ថា លោក​មាន​ដីកា​នៅ​ក្នុង​ដៃ បើ​ឃើញ​ជន​ល្មើស​ពេល​ណា នឹង​ចាប់​បញ្ជូន​ទៅ​អនុវត្ត​ទោស​ភ្លាម។ ប៉ុន្តែ​ចំពោះ​ករណី​ថត ឬ​ចេញ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ជន​ល្មើស​នោះ លោក​មិន​ដឹង​ឡើយ ព្រោះ​អាច​ធ្វើ​នៅ​ស្នងការដ្ឋាន ឬ​អធិការដ្ឋាន។
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែង​ថា នគរបាល​ពុំ​មាន​ចេតនា​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នោះ​ទេ ដោយ​រក​លេស​នេះ​លេស​នោះ​រហូត​តាំង​ពី​ជន​ល្មើស​រស់នៅ​ក្នុង​ភូមិ រហូត​ដល់​ជន​នោះ​រត់​គេច​ខ្លួន​បាត់។ លោក​ថា បើ​រដ្ឋាភិបាល ឬ​នគរបាល​យុត្តិធម៌​នៅ​តែ​អនុវត្ត​ច្បាប់​ធូរ​រលុង នោះ​ពលរដ្ឋ​នឹង​មើល​មិន​ឃើញ​ពី​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ឡើយ៖ «ខ្ញុំ​យល់​ថា​រដ្ឋាភិបាល​លោក​ត្រូវ​តែ​ខិតខំ​ជំរុញ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​យុត្តិធម៌​នៅ​ក្នុង​សង្គម។ ព្យាយាម​ផាត់​អា​ពពក​ខ្មៅ​នៃ​អំពើ​អយុត្តិធម៌ បើ​សិន​ជា​ពពក​នៅ​តែ​ខ្មៅ​ងងឹត​ដូច​សព្វថ្ងៃ​នេះ​ទេ ប្រជាពលរដ្ឋ​មិន​អាច​មើល​ឃើញ​ពី​ការ​ខិតខំ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ទេ»
ជន​រងគ្រោះ​រំឭក​ថា កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១២ ជន​ល្មើស​បាន​សុំ​ម៉ូតូ​ខ្លួន​ជិះ​ទៅ​វត្ត​ជាមួយ​គ្នា ដើម្បី​មើល​គេ​លេង​រាំ​ធុងបាស ប៉ុន្តែ​ពេល​ជិះ​ជិត​ដល់​វត្ត ស្រាប់​តែ​ជន​ល្មើស​ទាញ​ចង្កូត​ម៉ូតូ​ទៅ​ផ្លូវ​ផ្សេង​ឆ្ងាយ​ពី​វត្ត ក្នុង​គោល​បំណង​ចាប់​នាង​រំលោភ ទើប​នាង​បង្ខំ​ចិត្ត​ជិះ​ម៉ូតូ​ទម្លាក់​លូ។ ជន​ល្មើស​នៅ​តែ​ចាប់​នាង​រំលោភ​បាន​សម្រេច ហើយ​គំរាម​មិន​ឲ្យ​និយាយ​ប្រាប់​នរណា​ឡើយ៕
 ប្រភពពីៈ RFA Khmer
ពលរដ្ឋ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​រិះគន់​ការ​អនុវត្ត​ច្បាប់​របស់​ប៉ូលិស​នៅ​ខេត្ត​កំពង់ឆ្នាំង ពលរដ្ឋ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​រិះគន់​ការ​អនុវត្ត​ច្បាប់​របស់​ប៉ូលិស​នៅ​ខេត្ត​កំពង់ឆ្នាំង Reviewed by Admin on Sunday, August 21, 2016 Rating: 5
ads
Powered by Blogger.