ក្រុម U-19​ កម្ពុជា​បន្ត​យកឈ្នះ​ក្រុម​ប៉ូលិស 2-1 ​មុន​ចេញ​ទៅ​វៀតណាម​ថ្ងៃ​ស្អែក


បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជាបានបន្តប្រកួតឈ្នះ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិដោយលទ្ធផល ២-១ ជាថ្មីម្ដងទៀតហើយ នៅក្នុងជំនួបមិត្តភាពលើទីលានមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទីកាលពីម្សិលមិញ មុននឹងចេញដំណើរទៅចូលរួមប្រកួតពានរង្វាន់យុវជនក្រោមអាយុ ១៩ AFF U-19 Championship 2016 នាល្ងាចថ្ងៃទី០៩ ខែកញ្ញាស្អែកនេះ។

ការប្រកួតនេះក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជារកបានគ្រាប់បាល់នាំមុខ ១គ្រាប់នៅតង់ទី១ ដែលធ្វើសម្រេចដោយកីឡាករ ឆេង ម៉ែង បន្ទាប់មកទើបកីឡាករ គន្ធា រ៉ាវ៉ាន់ បន្ថែម ១គ្រាប់ទៀតនៅតង់ទី២ មុននឹងកីឡាករ នួន បុរី របស់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិរកបាន ១គ្រាប់នៅចុងម៉ោងធ្វើឲ្យក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជាយកឈ្នះ ២-១ តែម្ដង។ គួរបញ្ជាក់ថា នេះគឺជាការប្រកួតកម្ដៅសាច់ដុំលើកចុងក្រោយរបស់ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា បន្ទាប់ពីឆ្លងកាត់ការប្រកួត ៥លើកឈ្នះ៣ ស្មើ១ និងចាញ់១ ក្នុងនោះប្រកួតដំបូងក្រុមដឹកនាំដោយគ្រូជនជាតិជប៉ុនលោក Ohara Kazunori នេះបានប្រកួតចាញ់ក្រុម African All Stars ២-០ តែបានយកឈ្នះក្រុមបឹងកេតអង្គរ ៥-០ ឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-០ មុនស្មើក្រុមណាហ្គាវើល ១-១ និងចុងក្រោយយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ២-១ ម្សិលមិញ។
ទន្ទឹមជាមួយគ្នានេះដែរលោក Ohara Kazunori ក៏បានលើកឡើងជុំវិញការប្រមូលផ្ដុំហ្វឹកហាត់ជាងកន្លះខែកន្លងទៅផងដែរថា ដោយសារកីឡាករម្នាក់ៗមានសមត្ថភាពប្រហាក់ប្រហែលគ្នា លោកពិតជាមានការពិបាកជាខ្លាំង ទម្រាំជ្រើសរើសបានកីឡាករ ២៣នាក់។ ប៉ុន្តែចំពោះការត្រូវប្រឈមមុខជាមួយក្រុមខ្លាំងៗ ក្នុងពូលB នៃពានរង្វាន់យុវជនប្រចាំតំបន់អាស៊ានខាងលើ លោកក៏បានត្រៀមខ្លួនរួចជាស្រេចដែរ ដោយលោកនឹងប្រើប្រាស់ភាពខ្លាំងរបស់ក្រុមយុវជនកម្ពុជា ដើម្បីស្វែងរកជ័យជម្នះជូនប្រទេសជាតិកម្ពុជា។ គួរបញ្ជាក់ថា ពានរង្វាន់ AFF U-19 Championship 2016 នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះនៅទីក្រុងហាណូយប្រទេសវៀតណាម ដោយក្រុមយុវជនកម្ពុជាស្ថិតក្នុងពូល B ជាមួយក្រុមយុវជនថៃ, ឡាវ, មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី និងអូស្ត្រាលី។ សម្រាប់ការប្រកួតបើកឆាកក្រុមយុវជនកម្ពុជា នឹងត្រូវជួបប្រកួតជាមួយក្រុមយុវជនអូស្ត្រាលីនៅថ្ងៃទី១២ ខែកញ្ញានេះ ហើយព្រឹត្តិការណ៍នេះដែរក្រុមការងារទូរទស្សន៍ BTV-News នឹងធ្វើការផ្សាយបន្តផ្ទាល់រហូតដល់ចប់ការប្រកួតឯណោះ៕
ប្រភពពី < a href="http://bayontv.com.kh/archives/82110" target="new">BayonTV
ក្រុម U-19​ កម្ពុជា​បន្ត​យកឈ្នះ​ក្រុម​ប៉ូលិស 2-1 ​មុន​ចេញ​ទៅ​វៀតណាម​ថ្ងៃ​ស្អែក ក្រុម U-19​ កម្ពុជា​បន្ត​យកឈ្នះ​ក្រុម​ប៉ូលិស 2-1 ​មុន​ចេញ​ទៅ​វៀតណាម​ថ្ងៃ​ស្អែក Reviewed by Admin on Friday, September 09, 2016 Rating: 5
ads
Powered by Blogger.