លោក ហ៊ុន សែន ប្ដឹង​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី រឿង​ចោទ​ថា​សម្លាប់​បណ្ឌិត កែម ឡី

លោក ហ៊ុន សែន (ស្ដាំ) និង​លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត បន្ទាប់​ពី​ប្រជុំ នៅ​មន្ទីរ​រដ្ឋសភា ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០១៤។
RFA/Yeang Socheametta
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ពាក្យ​បណ្ដឹង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ប្ដឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ទាក់ទង​នឹង​ការ​ចោទ​ថា​រូប​លោក និង​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ ធ្វើ​ឡើង​តាម​រយៈ​មេធាវី​តំណាង​រដ្ឋាភិបាល​លោក គី តិច ទៅ​កាន់​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តំណាង​ដោយ​មេធាវី​រដ្ឋាភិបាល លោក គី តិច ប្ដឹង​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី តាម​ផ្លូវ​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​ម្នាក់​ចំនួន ១០០​រៀល។
ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​លោក សម រង្ស៊ី ចុះ​ហត្ថលេខា​ដោយ​លោក គី តិច បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១០ កក្កដា លោក សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ការ​បាញ់​សម្លាប់​លោក កែម ឡី ជា​អំពើ​ភេរវកម្ម​មួយ​ទៀត​រៀបចំ​ដោយ​រដ្ឋ​អំណាច និង​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៣ កក្កដា ដោយ​ចោទ​ប្រកាន់​ដដែលៗ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​ត​គ្នា និង​ថ្កោលទោស​មក​លើ​រដ្ឋាភិបាល។
លោក គី តិច ចាត់​ទុក​ទង្វើ​នេះ​ថា​ជា​ការ​មួលបង្កាច់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​ជា​ការ​ញុះញង់ ដែល​អាច​បង្ក​ចលាចល​ក្នុង​សង្គម និង​ប៉ះពាល់​ដល់​ដំណើរ​ការ​នីតិវិធី​តុលាការ។
សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី។
Photo supplied
ចំពោះ​ពាក្យ​ប្ដឹង​អ្នកស្រី ថាក់ ឡានី វិញ លោក គី តិច បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា អ្នកស្រី ថាក់ ឡានី បាន​ថ្លែង​នៅ​ក្នុង​វេទិកា​សាធារណៈ​នៅ​ខេត្ត​រតនគិរី ថា លោក ហ៊ុន សែន នៅ​មិន​នៅ ទៅ​បាញ់​លោក កែម ឡី អ្នក​វិភាគ​នយោបាយ។ ដូច​គ្នា​នឹង​ករណី​លោក សម រង្ស៊ី ដែរ លោក គី តិច ចាត់​ទុក​ថា នេះ​ជា​ការ​មួលបង្កាច់ និង​ទម្លាក់​កំហុស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​លោក ហ៊ុន សែន និង​ជា​ការ​បញ្ឆេះ​កំហឹង​មហាជន ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ចលាចល​សង្គម និង​ប៉ះពាល់​ដល់​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ។
ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា ប្រាប់​អាស៊ីសេរី តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម(Telegram) ថា អយ្យការ​អម​សាលា​ដំបូង បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​លោក គី តិច រួច​ហើយ។ តុលាការ​កំពុង​ចាត់ការ​លើ​បណ្ដឹង​នេះ ដែល​លោក​គឺ​ជា​អ្នក​កាន់​សំណុំ​រឿង​នេះ។
សមាជិក​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក សំ សុគង់ ថ្លែង​ថា ការ​ប្តឹងផ្តល់​គឺ​ជា​សិទ្ធិ​របស់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​ត្រូវ​ឈរ​លើ​អង្គ​ហេតុ និង​ច្បាប់​ច្បាស់លាស់។ លោក​បន្ត​ថា បើ​សិន​ជា​តុលាការ​ឈរ​លើ​ភាព​ត្រឹមត្រូវ តុលាការ​ត្រូវ​ហ៊ាន​ចាត់ការ ឬ​មិន​ចាត់ការ​ចំពោះ​ពាក្យ​បណ្ដឹង ក្រោយ​ពិនិត្យ​មើល​ភាព​ស្រប​ច្បាប់​នៃ​ពាក្យ​បណ្ដឹង៖ «»។
ទាក់ទង​នឹង​សំណង​រដ្ឋប្បវេណី​ចំនួន ១០០​រៀល​វិញ លោក​បញ្ជាក់​ថា ដើម​បណ្ដឹង​មាន​សិទ្ធិ​ក្នុង​ការ​ទាមទារ​សំណង​ផ្អែក​លើ​ការ​ខូចខាត ហើយ​ក្នុង​ករណី​នេះ អាច​ដោយសារ​ដើម​បណ្ដឹង​មាន​លទ្ធភាព និង​ធនធាន​គ្រប់គ្រាន់។
កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា អ្នកស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ប្រាប់​អាស៊ីសេរី ថា អ្នកស្រី​មិន​បាន​និយាយ​ថា លោក ហ៊ុន សែន ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី នោះ​ទេ ហើយ​ថា​ឃ្លីប​វីដេអូ​ជិត ២​នាទី​ដែល​គេ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នោះ ជា​ការ​កាត់​ត​សំឡេង​ដើម្បី​ទម្លាក់​កំហុស​លើ​អ្នកស្រី៖ «»។
អ្នកស្រី​បញ្ជាក់​ថា ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ខេត្ត អ្នកស្រី​នឹង​រក​មេធាវី​តតាំង​តាម​ផ្លូវ​ច្បាប់។
ឆ្លើយ​តប​នឹង​ការ​ប្តឹងផ្តល់​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា គណបក្ស​នឹង​រៀបចំ​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ថ្នាក់​ដឹកនាំ​របស់​ខ្លួន។ លោក​យល់​ឃើញ​ថា នេះ​ជា​រូបភាព​នៃ​ការ​គាប​សង្កត់​លើ​គណបក្ស​ប្រឆាំង ដែល​គណបក្ស​កាន់​អំណាច​តែង​ប្រើប្រាស់។ លោក​ថា បើ​មិន​ចង់​ឲ្យ​គេ​ចោទ​ប្រកាន់ រដ្ឋាភិបាល​ត្រូវ​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន៖ «»។
មក​ទល់​នឹង​ពេល​នេះ សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស​ប្រឆាំង​ជាច្រើន​រូប​ហើយ​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ហើយ​ខ្លះ​ទៀត​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ។ អ្នក​ជាប់​ឃុំ​រួម​មាន សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហ៊ួរ និង​សមាជិក​រដ្ឋសភា លោក អ៊ុំ សំអាន។ ចំណែក​លោក សម រង្ស៊ី លោក កឹម សុខា លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ៕
អត្ថបទ និង រូបភាព www.rfa.org/khmer
លោក ហ៊ុន សែន ប្ដឹង​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី រឿង​ចោទ​ថា​សម្លាប់​បណ្ឌិត កែម ឡី លោក ហ៊ុន សែន ប្ដឹង​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី រឿង​ចោទ​ថា​សម្លាប់​បណ្ឌិត កែម ឡី Reviewed by Admin on Tuesday, August 02, 2016 Rating: 5
ads
Powered by Blogger.