គណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រកាសយកថ្ងៃទី១០កក្កដាជាទិវាសេរីភាពបញ្ចេញមតិ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានប្រកាសថានឹងស្នើទៅរដ្ឋាភិបាល ដើម្បីកំណត់យកថ្ងៃទី១០ ខែកក្កដា ជាថ្ងៃដែលលោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់នោះ ជាទិវាសេរីភាពនៃការបញ្ចេញមតិ។ រីឯមន្ត្រីរដ្ឋាភិបាលថា ជាគោលការណ៍ ប្រជាជនខ្មែរមានសិទ្ធិគ្រប់គ្រាន់ដើម្បីរៀបចំពិធីណាមួយ ប៉ុន្តែត្រូវមានកិច្ចសហការជាមួយអាជ្ញាធរ។
ការប្រកាសកំណត់យកថ្ងៃទី១០ ខែកក្កដា ជាទិវាសេរីភាពនៃការបញ្ចេញមតិនេះ ធ្វើឡើងក្នុងឱកាសប្រារព្ធខួបមួយឆ្នាំនៃការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី២ ខែសីហា នាទីស្នាក់ការកណ្ដាលគណបក្ស ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ មានប្រសាសន៍ថា ប្រជាជនជាច្រើនបានចាត់ទុកលោកបណ្ឌិត កែម ឡី ជាវីរជននៃសេរីភាពបញ្ចេញមតិនៅកម្ពុជា។ ម្ល៉ោះហើយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងយកថ្ងៃទី១០ ខែកក្កដា ជាទិវានៃសេរីភាពបញ្ចេញមតិ៖ «ដំណាក់កាលនេះ យើងនឹងស្នើទៅរដ្ឋាភិបាលឲ្យគាត់ពិចារណាយកថ្ងៃហ្នឹងជាទិវាជាតិនៃសេរីភាពបញ្ចេញមតិ ប្រសិនបើគាត់មិនទទួលទេនោះ នៅពេលដែលយើងមានអំណាច យើងនឹងប្រកាសយកថ្ងៃទី១០ ខែកក្កដា ជាទិវាជាតិនៃសេរីភាពបញ្ចេញមតិនៅកម្ពុជា»។
លោកបណ្ឌិត កែម ឡី អ្នកវិភាគដ៏ល្បីនៅកម្ពុជា ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា នៅក្នុងស្តារម៉ាត (Star Mart) ស្តុបបូកគោ កណ្ដាលទីក្រុងភ្នំពេញ។
ក្រៅពីយកថ្ងៃទី១០ កក្កដា ជាទិវានៃសេរីភាពបញ្ចេញមតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ប្រកាសសាងសង់រូបសំណាកលោកបណ្ឌិត កែម ឡី ព្រមទាំងអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច វែកមុខឃាតក និងអ្នកនៅពីក្រោយខ្នង ដើម្បីផ្ដន្ទាទោសតាមច្បាប់ឲ្យបានឆាប់រហ័ស ព្រោះករណីឃាតកម្មដ៏សាហាវនេះមានភស្តុតាងជាច្រើននៅក្នុងស្តារម៉ាតនោះ មានកាមេរ៉ាសុវត្ថិភាពទាំងក្នុង ទាំងក្រៅ និងនៅតាមជ្រុងផ្សេងៗទៀត។
យ៉ាងណាក៏ដោយចុះ មកដល់ពេលនេះ អាជ្ញាធរគ្មានពាក្យអ្វីថ្មីក្រៅតែពីប្រើពាក្យកំពុងស្រាវជ្រាវ ដូចករណីឃាតកម្មលើមនុស្សសំខាន់ៗពីមុនដែរនោះទេ។
ចំពោះសំណើសុំយកថ្ងៃទី១០ កក្កដា ជាទិវានៃសេរីភាពបញ្ចេញមតិនេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ប្រសិនបើការជួបជុំគ្នាមិនរំខានដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងមិនប៉ះពាល់ដល់ច្បាប់ គឺនឹងមិនមានការរំខានពីខាងសមត្ថកិច្ចនោះទេ៖«រដ្ឋាភិបាលនៅតែមានជំហរគាំទ្រនូវសិទ្ធិសេរីភាពបញ្ចេញយោបល់ ប៉ុន្តែយើងអត់ចង់ឃើញការបញ្ចេញយោបល់ណាមួយដែលអាចនាំឲ្យក្លាយទៅជាកុបកម្ម ឬអ្វីដទៃទៀតដែលរំខានដល់ការប្រឹងប្រែងរបស់ប្រជាពលរដ្ឋចង់រស់នៅក្នុងសន្តិភាព និងភាពសុខដុមរមនានៅតាមតំបន់រស់នៅរបស់ពួកគេ»។
រីឯអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលយល់ពីតម្លៃរបស់លោកបណ្ឌិត កែម ឡី នោះ គួរតែត្រូវអនុញ្ញាតឲ្យមានទិវាពិសេសក្នុងថ្ងៃឃាតកម្មនោះ ដើម្បីចងចាំនូវគំរូវីរភាពរបស់លោក៖ «យើងហើយថារដ្ឋាភិបាល ប្រសិនបើមនុស្សជាមនុស្សរបស់គាត់នោះ គឺយើងឃើញរហូតដល់យកឈ្មោះមនុស្សទៅដាក់នៅតាមផ្លូវ ឬតាមអគារផ្សេងៗ ទោះបីជាមនុស្សនោះមិនទាន់ស្លាប់ក្តី តែមនុស្សណាដែលគេគិតថាមិនមែនជាមនុស្សរបស់គេ ទោះជាអ្នកនោះឯងជាវីរបុរសមានគុណដល់ជាតិប៉ុនណាក៏ដោយ ក៏ខ្ញុំគិតថា មិនមានសំណាងបានរដ្ឋាភិបាលគាំទ្រដែរ»។
អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន សន្និដ្ឋានថា ឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ គឺមិនជាប់ពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួនរបស់លោក ដូចការចោទប្រកាន់កន្លងមកឡើយ។ ផ្ទុយទៅវិញ លោកជឿជាក់ថា ឃាតកម្មដ៏រន្ធត់នេះ គឺជាប់ពាក់ព័ន្ធនឹងសកម្មភាពការងារសង្គមរបស់គាត់ ជាពិសេសគឺការវិភាគត្រង់ៗត្រូវចំណុច៖ «យើងដឹងច្បាស់ថា គាត់ជាសកម្មជនសង្គមមួយ និងជាអ្នកវិភាគបញ្ហាសង្គមដ៏មានឥទ្ធិពលខ្លាំង។ ជួនកាលការប្រើភាសាត្រង់ៗ ចំៗរបស់គាត់ វាបង្កឲ្យមានការឈឺចាប់ដល់មនុស្សមួយចំនួនដែលមិនអាចទទួលយក ដែលគេហៅថាព័ត៌មានត្រឡប់ត្រង់ៗបែបនេះ»។
ក្នុងថ្ងៃប្រារព្ធខួបមួយឆ្នាំនៃគណបក្សដែលបង្កើតចេញពីអ្នកដឹកនាំមូលដ្ឋានមកពី ១០ឃុំ-សង្កាត់ និងក្រុមការងារបណ្ដាញសង្គមខ្មែរដើម្បីខ្មែរ ដែលមានលោកបណ្ឌិត កែម ឡី ជាស្ថាបនិកដ៏សំខាន់មួយរូបដែរនោះ ក៏បានបង្ហាញពីគោលនយោបាយ និងសមិទ្ធផលការងាររយៈពេលមួយឆ្នាំរបស់ខ្លួនដែរ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបណ្តុះបណ្តាលភាពជាអ្នកដឹកនាំល្អប្រកបដោយសីលធម៌ល្អ ដល់សមាជិកបក្សនៅមូលដ្ឋានសរុបប្រមាណ ១.១៥៥នាក់ និងកសាងមូលដ្ឋានគ្រឹះប្រជាធិបតេយ្យទូទាំងប្រទេសយ៉ាងមមាញឹក ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ដោយបានចំណាយថវិកាប្រមាណជាង ១៥៥លានរៀល។
ក្នុងព្រឹត្តិការណ៍បោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ ខាងមុខ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានជំនឿថា មាន ២០ឃុំនឹងឈ្នះឆ្នោតយ៉ាងប្រាកដ ហើយក៏បានត្រៀមគោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីដណ្ដើមសន្លឹកឆ្នោតសម្រាប់ឃុំ-សង្កាត់ជាច្រើនទៀតដែរ។
គណបក្សថ្មីស្រឡាងមួយនេះមានគោលនយោបាយអភិវឌ្ឍជាតិជាអាទិភាពចំនួន ១០ចំណុច និងគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានភូមិ-ឃុំចំនួន ១៦ចំណុច ដោយសង្ខេបនៅសល់ ៣ចំណុច រួមមានមេភូមិមេឃុំល្អ គ្រូពេទ្យ គ្រូបង្រៀន គ្រូកសិកម្មល្អ និងនគរបាលល្អ។
ប្រធានកម្មវិធីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋាន និងជាអតីតប្រធានអង្គការសេដាក (CEDAC) លោក យ៉ង សាំងកុមារ ប្ដេជ្ញាថា បើគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានឱកាសដឹកនាំរដ្ឋាភិបាលនោះ លោកធានាថា ៣ឆ្នាំក្រោយ ប្រទេសកម្ពុជា នឹងមានទឹកមានត្រី មានព្រៃឈើឡើងវិញ៕
អត្ថបទ និង រូបភាព www.rfa.org/khmer
គណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រកាសយកថ្ងៃទី១០កក្កដាជាទិវាសេរីភាពបញ្ចេញមតិ
Reviewed by Admin
on
Wednesday, August 03, 2016
Rating:
Reviewed by Admin
on
Wednesday, August 03, 2016
Rating:

