នារី​ខ្មែរ-​អាមេរិកាំង​ជាប់​ជា​បវរកញ្ញា Intercontinental USA 2016

នារី​ខ្មែរ-​អាមេរិកាំង អាយុ ២១​ឆ្នាំ​ម្នាក់ មក​ពី​រដ្ឋ​វឺជីនៀ (Virginia) បាន​ជាប់​ជា​បវរកញ្ញា អ៊ីនធឺខនធីនិនថល យូអេសអេ  សម្រាប់​ឆ្នាំ​២០១៦ (Intercontinental USA 2016)។
នេះ​ជា​លើក​ដំបូង​ហើយ​ដែល​មាន​នារី​ខ្មែរ​តំណាង​ឲ្យ​រដ្ឋ​វឺជីនៀ បាន​ចូលរួម​ប្រឡង​ប្រណាំង​ជាមួយ​បវរកញ្ញា​ជា​ច្រើន​ទៀត​មក​ពី​រដ្ឋ​ចំនួន​ជិត ២០ ទូទាំង​សហរដ្ឋអាមេរិក។
កញ្ញា ជា ផល្លា ដែល​បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​៣ នៅ​សកល​វិទ្យាល័យ ខំមិនវ៉ែល រដ្ឋ​វឺជីនៀ (Commonwealth University of Virginia) ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​កក្កដា ថា កញ្ញា​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​បាន​ឈ្នះ​ជយលាភី​នេះ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​កក្កដា នៅ​ក្នុង​ការ​ប្រកួត​បវរកញ្ញា អ៊ីនធឺខនធីនិនថល យូអេសអេ សម្រាប់​ឆ្នាំ​២០១៦ ក្នុង​រដ្ឋ​ម៉ារីឡែន (Maryland)។
កញ្ញា​នឹង​ទៅ​ចូលរួម​ប្រកួតប្រជែង​បវរកញ្ញា អ៊ីនធឺខនធីនិនថល  វឺលដ៍ (Intercontinental World) សម្រាប់​ឆ្នាំ​២០១៦ នៅ​ខែ​តុលា ឆ្នាំ​២០១៦ ខាង​មុខ៖ «ខ្ញុំ​សប្បាយ​រីករាយ​ដែល​បាន​ឈ្នះ Miss Intercontinental USA។  ខ្ញុំ​នឹង​ចូលរួម​ប្រកួត​​ជាមួយ​ប្រទេស​ជិត ៦០​ផ្សេង​ទៀត​ទូទាំង​ពិភពលោក​នៅ​ប្រទេស​សិរីលង្កា (Sri​Lanka)...»
ម្ដាយ​របស់​កញ្ញា ជា ផល្លា អ្នកស្រី ជា ម៉ារី សម្ដែង​នូវ​ក្ដី​មោទនភាព​ជា​ខ្លាំង​ដែល​កូន​ស្ត្រី​បាន​ជាប់​ជា​បវរកញ្ញា​ អ៊ីនធឺខនធីនិនថល យូអេសអេ។ អ្នកស្រី​បន្ត​ថា កូនស្រី​នឹង​ចំណាយ​ពេល​វេលា​ដើម្បី​ផ្សព្វផ្សាយ និង​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ខ្មែរ​បន្ត​ថែរក្សា​ប្រពៃណី​វប្បធម៌​ខ្មែរ និង​ប្រឹងប្រែង​រៀន​សូត្រ​ដើម្បី​អនាគត​របស់​ខ្លួន ទោះបីជា​រស់​នៅ​ទី​ណា​ក៏ដោយ៖ «ខ្ញុំ​ជា​ម្ដាយ​សប្បាយចិត្ត​ណាស់ ព្រោះ​គិត​ថា ឲ្យ​គេ​ស្គាល់ និង​ដឹង​ឮ​ថា នេះ​តំណាង​ខ្មែរ អត់​មាន​ខ្មែរ​យើង​ជា​តំណាង​នៅ​ក្នុង​ការ​ប្រកួតប្រជែង​នេះ ហើយ​នេះ​ជា​លើក​ទី​១។ សូម​អរគុណ​ខ្មែរ​ទាំង​អស់ ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស ដែល​បាន​ជួយ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ឲ្យ​ឆ្លើយ​នឹង​សំណួរ​គេ និង​បញ្ចេញ​ពី​សមត្ថភាព​របស់​ខ្លួន។ ដោយ​ការ​លើក​ទឹក​ចិត្ត​ហ្នឹង​ហើយ ដែល​ជំរុញ​ឲ្យ​កូន​ខ្ញុំ​បាន​ឈ្នះ​ហ្នឹង​ហើយ...»
​កញ្ញា ជា ផល្លា គឺ​ជា​កូនស្រី​តែមួយគត់​របស់​លោក ជា សំអឿន និង​អ្នកស្រី ជា ម៉ារី  ដែល​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ក្រុង​ស្ទឺរលីង (Sterling) រដ្ឋ​វឺជីនៀ។ ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ជា​ច្រើន​នាក់​ដែល​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​ប្រកួតប្រជែង​បវរកញ្ញា​នេះ បាន​សំដែង​ក្ដី​អបអរសាទរ និង​រំភើប​ជា​ខ្លាំង ហើយ​ថា នេះ​ជា​មោទនភាព​របស់​ស្ត្រី​ខ្មែរ និង​ប្រជាពលរដ្ឋ​ខ្មែរ៕ប្រភពពី www.rfa.org/khmer
កញ្ញា ជា ផល្លា មក​ពី​រដ្ឋ​វឺជីនៀ (Virginia) ជាប់​ជា​បវរកញ្ញា អ៊ីនធឺខនធីនិនថល យូអេសអេ សម្រាប់​ឆ្នាំ​២០១៦ (Intercontinental USA 2016)។

នារី​ខ្មែរ-​អាមេរិកាំង​ជាប់​ជា​បវរកញ្ញា Intercontinental USA 2016 នារី​ខ្មែរ-​អាមេរិកាំង​ជាប់​ជា​បវរកញ្ញា Intercontinental USA 2016 Reviewed by Admin on Tuesday, July 26, 2016 Rating: 5
ads
Powered by Blogger.