ព្រះសង្ឃ ប៊ុត ប៊ុនតិញ លាក់​ព្រះកាយ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​ជា​អ្នកដឹកនាំ​រៀបចំ​កម្មវិធី​សព​លោក​បណ្ឌិត កែម ឡី កំពុង​លាក់​ព្រះកាយ ដោយសារ​ព្រះអង្គ​បារម្ភ​ពី​សុវត្ថិភាព។ ព្រះអង្គ​មាន​ថេរដីកា​ថា ព្រះអង្គ​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប។
ការ​គំរាម​នេះ ក្រោយ​ដែល​ព្រះអង្គ​និង​គណៈកម្មការ​បុណ្យសព លោក​បណ្ឌិត កែម ឡី បានរៀបចំ​ពិធី​បុណ្យសព និង​បាន​បញ្ចុះ​សព​រួចរាល់ កាល​ពី​ម៉ោង​ជាង ១១​ព្រឹក ថ្ងៃ​ទី​២៥ ខែ​កក្កដា នៅ​ស្រុក​កំណើត​របស់​លោក​នា​ខេត្ត​តាកែវ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ទ្រង់​មាន​ថេរដីកា​ថា ក្រុម​គ្រួសារ​ព្រះអង្គ​នៅ​ស្រុក​កំណើត​ក្នុង​ខេត្ត​សៀមរាប ត្រូវ​បាន​អាជ្ញាធរ​ស្រុក​វ៉ារិន ទៅ​គំរាម​យក​សំបុត្រ​កំណើត​ពី​ម្តាយ​ព្រះអង្គ។  ព្រះអង្គ​មាន​សង្ឃដីកា​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៥ កក្កដា ថា ទង្វើ​នេះ ព្រះអង្គ​គិត​ថា ជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​ការ​គំរាមកំហែង៖ «មក​ដល់​ម៉ោង​នេះ អាត្មា​ត្រូវ​បាន​ក្រុម​សន្តិសុខ​ស្រុក​វ៉ារិន ដែល​នៅ​ស្រុក​កំណើត​អាត្មា ទៅ​សម្លុត​ញោម​ស្រី​ដើម្បី​យក​សំបុត្រ​កំណើត។ ញោម​ស្រី​បាន​សួរ​ទៅ​មេ​ភូមិ​ដែល​ទៅ​យក​សំបុត្រ​កំណើត សួរ​ថា យក​សំបុត្រ​កំណើត​កូន​ខ្ញុំ​ទៅ​ធ្វើ​អ្វី ហើយ​មេភូមិ​ឆ្លើយ​ថា យក​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ។ វា​មិន​ដែល​មាន​ប្រវត្តិ​ណា​គេ​យក​សំបុត្រ​កំណើត​អ្នក​ដទៃ​ទៅ​ធ្វើ​ឲ្យ​អ្នក​បួស​ក្នុង​នាម​ម្ចាស់​គេ គឺ​ទៅ​មិន​រួច...»
ព្រះសង្ឃ ប៊ុត ប៊ុនតិញ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ និង​សង្គម​ស៊ីវិល​ស្គាល់​ព្រះអង្គ តាម​រយៈ​សកម្មភាព​ជួយ​ដោះស្រាយ​បញ្ហា​សង្គម​នានា នៅ​តាម​មូលដ្ឋាន ដោយ​ព្រះអង្គ​បាន​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក​បណ្ឌិត កែម ឡី រួម​មាន ប្រឆាំង​ការ​រំលោភ​សិទ្ធិមនុស្ស ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​រំលោក​ដីធ្លី​ជាដើម។ ចុង​ក្រោយ​នេះ ព្រះអង្គ​និង​សកម្មជន​មួយ​ចំនួន​ទៀត ក្នុង​គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ក៏​បាន​ជ្រោមជ្រែង​ក្នុង​ការ​ជួយ​ចាត់ចែង​ពិធី​បុណ្យ​សព​រហូត​ដល់​បាន​បញ្ចុះ​សព​ជា​ស្ថាពរ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៥ កក្កដា នៅ​ខេត្ត​តាកែវ៕ ប្រភពពី www.rfa.org/khmer
ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ នៅ​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១៦។

ព្រះសង្ឃ ប៊ុត ប៊ុនតិញ លាក់​ព្រះកាយ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព ព្រះសង្ឃ ប៊ុត ប៊ុនតិញ លាក់​ព្រះកាយ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព Reviewed by Admin on Tuesday, July 26, 2016 Rating: 5
ads
Powered by Blogger.