ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត​រិះគន់​អាជ្ញាធរ​ក្រុង​ថា​គ្មាន​ផែនការ​រំដោះ​ជំនន់​ទឹក​ភ្លៀង

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រិះគន់​អាជ្ញាធរ​ក្រុង​នេះ​ថា​គ្មាន​វិធានការ​សង់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​តាម​ដង​ផ្លូវ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រំដោះ​ទឹក​ភ្លៀង​ចេញ​ពី​ផ្លូវ​ឲ្យ​ឆាប់​រហ័ស​នោះ​ទេ។ អ្នក​ភូមិ​បញ្ជាក់​ថា នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ ទឹក​តែង​ឡើង​លិច​ផ្លូវ លិច​សាលា​រៀន និង​មាន​ក្លិន​ស្អុយ​តាម​ដង​ផ្លូវ ហើយ​បង្ក​ការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​ជា​ប្រចាំ។ ប៉ុន្តែ​អភិបាល​រង​ក្រុង​បញ្ជាក់​ថា មូលហេតុ​ដែល​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​រដូវ​វស្សា ដោយសារ​ការ​រីក​ចម្រើន​ផ្នែក​សំណង់​ឆាប់​រហ័ស​ជាង​ការ​អភិវឌ្ឍ​ផ្លូវ​ថ្នល់។
ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​បន្ទាយមានជ័យ លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​មាន​ផែនការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​នោះ ជំនន់​ទឹក​ភ្លៀង​នឹង​មិន​លិច​ផ្លូវ​ក្រុង​ប៉ោយប៉ែត ឡើយ។
ពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត មួយ​ចំនួន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ កក្កដា ថា បើ​ទោះ​ជា​ផ្លូវ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត មាន​ចាក់​បេតុង និង​ក្រាល​កៅស៊ូ​ខ្លះ​ក៏ដោយ ក៏ប៉ុន្តែ​នៅ​ពេល​មាន​ភ្លៀង​ធំ​ល្មម​ចាប់​ពី ១៥​នាទី​ឡើង​ទៅ គឺ​ជំនន់​ទឹក​ភ្លៀង​នឹង​ឡើង​លិច​តាម​ដង​ផ្លូវ ដូចជា​ផ្លូវ​ជាតិ​លេខ​៥ ម្ដុំ​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ផ្លូវ​មួយ​ចំនួន​ទៀត​នៅ​ក្រុង​ជា​មិន​ខាន។ អ្នក​ភូមិ​បញ្ជាក់​ថា ប្រសិន​បើ​មាន​ភ្លៀង​ចាប់​ពី​កន្លះ​ម៉ោង​ទៅ ទឹក​នឹង​លិច​សាលា​រៀន​នៅ​វត្ត​ប៉ាលេលិយ្យ បណ្ដាល​ឲ្យ​ក្មេង​មិន​អាច​ទៅ​រៀន​បាន​ឡើយ។
ជាង​នេះ​ទៅ​ទៀត អ្នក​ភូមិ​ថា​នៅ​ពេល​ទឹក​ស្រក​ទៅ​វិញ មាន​ជះ​ក្លិន​ស្អុយ​តាម​ដង​ផ្លូវ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត យ៉ាង​ខ្លាំង៖ «កាល​ពី​មុន​មាន​ទឹក​លិច​ខ្លះ​ដែរ ប៉ុន្តែ​ក្រោយ​ពី​ភ្លៀង​ហើយ ទឹក​ស្រក​វិញ។ ឥឡូវ​ពេល​មាន​ភ្លៀង ទឹក​លិច​រយៈពេល​យូរ​មែន​ទែន ហើយ​គ្មាន​អាជ្ញាធរ​ណា​មក​អន្តរាគមន៍​នោះ​ទេ។ ភ្លៀង​មិន​ជា​ធំ​អី​ប៉ុន្មាន​ទេ ក៏ប៉ុន្តែ​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ទម្លាក់​ទៅ​អូរ​ព្រំដែន។ ម្យ៉ាង​ទៀត ការ​អភិវឌ្ឍ​ផ្លូវ​ថ្នល់​នៅ​ក្រុង​ប៉ោយប៉ែត នេះ មិន​មែន​ជា​ថវិកា​របស់​រដ្ឋ​ទេ គឺ​ជា​ថវិកា​បាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​រង​ក្រុង​ប៉ោយប៉ែត លោក ម៉ែន សុភ័ណ ទទួល​ស្គាល់​ថា ពិត​ជា​មាន​ជំនន់​ទឹក​ភ្លៀង​លិច​តាម​ដង​ផ្លូវ និង​លិច​សាលា​ខ្លះ​នៅ​ពេល​មាន​ភ្លៀង​ធំ​ប្រាកដ​មែន។ លោក​អះអាង​ថា កត្តា​ដែល​បណ្ដាល​ឲ្យ​ទឹក​លិច ដោយសារ​សំណង់​អគារ​នៅ​ក្រុង​ប៉ោយប៉ែត រីក​ចម្រើន​ឆាប់​រហ័ស​ជាង​ការ​អភិវឌ្ឍ​ផ្លូវ​ថ្នល់​របស់​រដ្ឋ ពីព្រោះ​លោក​បញ្ជាក់​ថា ប្រព័ន្ធ​លូ​មាន​ចំពោះ​តែ​ផ្លូវ​ដែល​ចាក់​បេតុង និង​ក្រាល​កៅស៊ូ៖ «បញ្ហា​នេះ​ដោយសារ​ស្ទះ​លូ​បង្ហូរ​ទឹក ធ្វើ​ចរន្ត​ទឹក​ភ្លៀង​ច្រើន​ហូរ​មិន​ទាន់។ តែ​ឥឡូវ យើង​កំពុង​តែ​ស្ដារ​កន្លែង​ណា​ដែល​ស្ទះ ហើយ​យើង​ធ្វើ​ទៅ​តាម​លទ្ធភាព​ថវិកា»
ទោះ​បី​ជាង​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា កត្តា​ដែល​បណ្ដាល​ឲ្យ​ជំនន់​ទឹក​ភ្លៀង​លិច​ផ្លូវ ដោយសារ​អាជ្ញាធរ​ក្រុង​គ្មាន​ផែនការ​អភិវឌ្ឍន៍​ច្បាស់លាស់ ឬ​ការ​អភិវឌ្ឍ​បែប​អង្ករ​កំប៉ុង​ជាដើម៖ «មុន​នឹង​អភិវឌ្ឍ​អ្វី គេ​ត្រូវ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន​សិន មិន​មែន​ដល់​ថ្ងៃ​ស្ទះ​លូ​ហើយ បាន​នាំ​គ្នា​ទៅ​ពិនិត្យ​មើល ដើម្បី​ថត​យក​សកម្មភាព​ការងារ​របស់​ខ្លួន​នោះ ជា​រឿង​មិន​ល្អ​ឡើយ»
នៅ​ក្រុង​ប៉ោយប៉ែត មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ ១០​ម៉ឺន​នាក់ និង​មាន​សង្កាត់​ចំនួន​៣ គឺ​សង្កាត់​និមិត្ត សង្កាត់​ផ្សារកណ្ដាល និង​សង្កាត់​ប៉ោយប៉ែត៕
ប្រភពពី www.rfa.org/khmer
ជំនន់​ទឹក​ភ្លៀង​តាម​ដង​ផ្លូវ​នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo Provided

ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត​រិះគន់​អាជ្ញាធរ​ក្រុង​ថា​គ្មាន​ផែនការ​រំដោះ​ជំនន់​ទឹក​ភ្លៀង ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត​រិះគន់​អាជ្ញាធរ​ក្រុង​ថា​គ្មាន​ផែនការ​រំដោះ​ជំនន់​ទឹក​ភ្លៀង Reviewed by Admin on Tuesday, July 26, 2016 Rating: 5
ads
Powered by Blogger.