ក្រុម​គ្រួសារ​នឹង​ប្រារព្ធ​ខួប​១០០​ថ្ងៃ​ជូន​កវី​និពន្ធ គង្គ ប៊ុនឈឿន នៅ​ថ្ងៃ​ទី​២៧​កក្កដា

ក្រុម​គ្រួសារ​សព​កវី​ម្ចាស់​បទ​ដង​ស្ទឹង​សង្កែ លោក គង្គ ប៊ុនឈឿន នឹង​ប្រារព្ធ​ពិធី​គម្រប់​ខួប ១០០​ថ្ងៃ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​លោក គង្គ ប៊ុនឈឿន នៅ​ថ្ងៃ​ទី​២៧ កក្កដា។
កូន​ប្រសា​កវី គង្គ ប៊ុនឈឿន គឺ​លោក មុត ថារី។ លោក​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ថា កម្មវិធី​បុណ្យ​នេះ​នឹង​ប្រារព្ធ​តាម​បែប​ព្រះពុទ្ធ​សាសនា ដែល​ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង ២​រសៀល​ក្នុង​បុរី​វិមាន​ភ្នំពេញ​ថ្មី តាម​បណ្ដោយ​ផ្លូវ ជា សុផារ៉ា នៅ​ក្នុង​សង្កាត់​ច្រាំងចំរេះ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា ក្រុម​គ្រួសារ​ស្វាគមន៍​ចំពោះ​វត្តមាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ពិធី​បុណ្យ ១០០​ថ្ងៃ ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​ស្នាដៃ​កវី​និពន្ធ​ជើង​ចាស់​ដ៏​ឆ្នើម​ម្នាក់​នេះ ដែល​បាន​ធ្វើ​កិច្ចការ​តែង​និពន្ធ​ដើម្បី​ប្រយោជន៍​ជាតិ​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​លោក។
លោក មុត ថារី ថ្លែង​បន្ត​ថា «នៅ​ពី​យើង​មាន​រៀប​ក្រុង​ពាលី សូត្រ​មន្ត បង្សុកូល រួច​ហើយ​បន្ទាប់​មក​យើង​ធ្វើ​ធម្ម​ទេសនា ហើយ​វេលា​ម៉ោង ៥​ល្ងាចយើង​ចាប់​ផ្ដើម​ជួបជុំ​ពុទ្ធ​បរិស័ទ។ ចំពោះ​កម្មវិធី​បុណ្យ​នេះ យើង​ក៏​បើក​ឲ្យ​មាន​ការ​ចូលរួម​ពី​សាធារណជន​ផង​ដែរ ព្រោះ​លោក គង្គ ប៊ុនឈឿន បាន​បន្សល់​ទុក​ស្នាដៃ​និពន្ធ​ជាច្រើន​សម្រាប់​ឲ្យ​កូន​ខ្មែរ​សិក្សា​ស្វែង​យល់»
លោក គង្គ ប៊ុនឈឿន បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៦ ក្នុង​វ័យ ៧៧​ឆ្នាំ​នៅ​ប្រទេស​ន័រវេសន៍ (Norway) ដោយ​ជំងឺ​មហា​រីក។ លោក​គឺ​ជា​កវី​និពន្ធ​ល្បី​ឈ្មោះ​មួយ​រូប​តាំង​ពី​ទសវត្សរ៍​ទី​៥០ រហូត​មក។ លោក​មាន​ជំនាញ​ទាំង​ផ្នែក​បទ​ចម្រៀង ភាពយន្ត និង​សិល្បៈ​មួយ​ចំនួន​ទៀត។ លោក​បាន​បន្សល់​ទុក​ស្នាដៃ​និពន្ធ​ជាច្រើន​សម្រាប់​ឲ្យ​កូន​ខ្មែរ​សិក្សា​ស្វែង​យល់ ហើយ​មហា​ជន​ក៏​តែង​ស្ងើច​សរសើរ​មិន​ដាច់​ពី​មាត់​ថា លោក​ជា​កវី​និពន្ធ​ជើង​ចាស់​ដ៏​ឆ្នើម ដែល​ច្រើន​សរសេរ​បង្ហាញ​អំពី​តថភាព​ពិត​នៅ​ក្នុង​សង្គម​ជាតិ៕ អត្ថបទ និង រូបភាព www.rfa.org/khmer
ពិធី​បុណ្យ​គម្រប់ ៧​ថ្ងៃ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​កវី​ម្ចាស់​ស្ទឹង​សង្កែ គង្គ ប៊ុនឈឿន នៅ​វត្ត​កណ្ដាល ជាប់​មាត់​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
ក្រុម​គ្រួសារ​នឹង​ប្រារព្ធ​ខួប​១០០​ថ្ងៃ​ជូន​កវី​និពន្ធ គង្គ ប៊ុនឈឿន នៅ​ថ្ងៃ​ទី​២៧​កក្កដា ក្រុម​គ្រួសារ​នឹង​ប្រារព្ធ​ខួប​១០០​ថ្ងៃ​ជូន​កវី​និពន្ធ គង្គ ប៊ុនឈឿន នៅ​ថ្ងៃ​ទី​២៧​កក្កដា Reviewed by Admin on Wednesday, July 27, 2016 Rating: 5
ads
Powered by Blogger.