ក្រុមហ៊ុនណាហ្គាវើលដ៍ព្រមដោះស្រាយ ក្រោយបុគ្គលិកធ្វើកូដកម្មទ្រង់ទ្រាយធំ២ថ្ងៃ
ប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ពេលចូលរួមកូដកម្មជាមួយបុគ្គលិកណាហ្គា វើលដ៍ (Naga World) នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។
RFA
|
កូដកម្មរបស់បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) នៅថ្ងៃទី២នេះ ឈាន ដល់មានដំណោះស្រាយហើយ។ ក្រុមបុគ្គលិក ប្រកាសបញ្ឈប់ធ្វើកូដកម្ម និងព្រមចូលធ្វើការវិញ នៅថ្ងៃទី១១ ខែមករា។
ទីប្រឹក្សាជាន់ខ្ពស់នៃសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គា វើលដ៍ លោក សុខ គង្គា ប្រាប់អាស៊ីសេរីថា ក្រុមហ៊ុន ណាហ្គា វើលដ៍ យល់ព្រមទទួលប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញ និងព្រមដំឡើងប្រាក់ឈ្នួលជូនបុគ្គលិកទៅតាមតួនាទី ហើយចំណុចដទៃ នឹងបន្តចរចាផ្ទៃក្នុងក្រុមហ៊ុនជាបន្តបន្ទាប់។ លោកបន្តថា ក្រុមបុគ្គលិកយល់ព្រមទទួលយកដំណោះស្រាយនេះ និងព្រមចូលធ្វើការវិញ ទៅតាមវេន និងតួនាទីរបស់ខ្លួន ចាប់ពីថ្ងៃទី១១ ខែមករា។ លទ្ធផលនេះ បន្ទាប់ពីមានជំនួបចរចាគ្នារវាងតំណាងកម្មករ និងតំណាងក្រុមហ៊ុន នៅសាលាខណ្ឌចំការមន ក្រោមការសម្របសម្រួលរបស់អាជ្ញាធរសាលារាជធានីភ្នំពេញ ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ៖ «ឯកឧត្ដមអភិបាលក្រុង អភិបាលរង គាត់បានជួយខ្នះខ្នែងដោះស្រាយបញ្ហាកូដកម្មរបស់យើងពីរថ្ងៃនេះ គឺយើងទទូលបានផ្លែផ្កាហើយ។ តាមដីការបស់ តុលាការគឺកញ្ញា ឈឹម ស៊ីថរ នឹងចូលធ្វើវិញនៅថ្ងៃស្អែក ហើយបុគ្គលិក ក៏ចូលធ្វើការវិញនៅថ្ងៃស្អែកដែរ»។
ការជួបចរចាឈានដល់មានដំណោះស្រាយនេះ បន្ទាប់ពីបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ បានរួមគ្នាធ្វើកូដកម្មអហិង្សាទ្រង់ទ្រាយធំនៅខាងមុខក្រុមហ៊ុន ក្នុងក្រុងភ្នំពេញ រយៈពីរថ្ងៃហើយ ចាប់តាំងពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមករា ដើម្បីទាមទារ ៦ចំណុចក្នុងនោះរួមមាន៖ ប្រាក់ឈ្នួលសមរម្យ ធានាលក្ខខណ្ឌការងារល្អប្រសើរ និងអំពាវនាវដល់ក្រុមហ៊ុន ឲ្យទទួលយកប្រធាន សហជីពម្នាក់ គឺកញ្ញា ឈឹម ស៊ីថរ ត្រឡប់ធ្វើការដូចដើមវិញ។
កូដកម្មនៅថ្ងៃទី២នេះ មានបុគ្គលិកចូលរួមកូដកម្មប្រមាណ ៣ពាន់។ ពួកគេ បានកាន់បដានានា ព្រមទាំងទូងស្គដៃផង និងស្រែកហ៊ោយ៉ាងកងរំពងទាមទារឲ្យក្រុមហ៊ុនទទួលយកសំណើរបស់ ពួកគេ៖ «ស៊ូៗៗៗៗ និងសំឡេងស្រែកជាភាសាអង់គ្លេសថា Sithar come back មានន័យថា ស៊ីថរ ត្រូវតែត្រឡប់ចូលធ្វើការវិញ»។
កងកម្លាំងនគរបាលនិងកងសន្តិសុខរាប់សិបនាក់ ត្រូវបានដាក់ពង្រាយដើម្បីឃ្លាំមើលកូដកម្មទ្រង់ ទ្រាយធំនេះ ប៉ុន្តែមិនមានការប៉ះទង្គិចគ្នានោះទេ។
វិវាទការងារក្នុងក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ នេះ កើតឡើងចាប់តាំងពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមហ៊ុនព្យួរការងារប្រធានសហជីពម្នាក់ គឺកញ្ញា ឈឹម ស៊ីថរ បន្ទាប់ពីនាងប្រើប្រាស់តួនាទីរបស់ខ្លួនជួយដោះស្រាយរឿងសន្តិសុខក្រុមហ៊ុន ហាមបុគ្គលិកមិនឲ្យយកអាវយឺត ដែលមានសរសេរសារថា "ក្រុមហ៊ុនរីកចម្រើន បុគ្គលិកត្រូវការប្រាក់ខែរស់នៅសមរម្យ'' ចូលក្នុងក្រុមហ៊ុន។ ក្រុមហ៊ុនបានចោទកញ្ញាថា ជាមេខ្លោងនាំបុគ្គលិកពាក់អាវយឺតធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួល។ មុនឈានដល់ធ្វើកូដកម្មនេះ ថ្នាក់ដឹកនាំសហជីពបានព្យាយាមស្វែងរកដំណោះស្រាយតាមនីតិវិធីច្បាប់ទាំងនៅក្នុងក្រុមហ៊ុន នៅក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ប៉ុន្តែគ្មានដំណោះស្រាយនោះទេ ដោយសារក្រុមហ៊ុន មិនព្រមជួបចរចារនិងបដិសេធ សំណើរបស់សហជីព។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ដំណោះស្រាយជាវិជ្ជមាននេះដោយសារតែមានការជួបចរចា និងការសម្បទានគ្នាទៅវិញមក។ លោកសង្ឃឹមថា ភាគីក្រុមហ៊ុន និងភាគីសហជីព នឹងមានទំនាក់ទំនងវិជ្ជាជីវៈល្អ និងគោរពគ្នាទៅវិញទៅមក ដើម្បីជជែករកដំណោះស្រាយចំពោះចំណុចសេសសល់ដទៃទៀត៖ «ដោយសារតែភាពសាមគ្គីនិងកម្លាំងនៃការចូលរួមរបស់បុគ្គលិកកម្មករនិយោជិតទាំងអស់នេះ បានជំរុញឲ្យនិយោជក ទទួលយកនូវសំណើទាមទាររបស់ កម្មករនិយោជិក»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងបុគ្គលិករបស់ក្រុមហ៊ុនកាស៊ី ណូ ណាហ្គា វើលដ៍ អ្នកស្រី ឌី សីហា និងអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញានៃក្រសួងការងារ លោក ខៀវ សាវុធ បានទេដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ក្រុមហ៊ុន ណាហ្គា ខប ដែលមានម្ចាស់ជាជនម៉ាឡេស៊ី បានបង្ហាញប្រាក់ចំណេញសុទ្ធ បន្ទាប់ ពីគិតពន្ធរួចជាង ២៤៥លានដុល្លារ ក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០១៩ និងមានអាជ្ញាប័ណ្ណក្នុងការដំណើរការកាស៊ីណូជាច្រើនក្នុងរាជធានីភ្នំពេញ។ អង្គការលីកាដូ រកឃើញថា ឧកញ៉ា ចេន លីបគឹង (Chen Lip Keong) ដែលជាស្ថាបនិកក្រុមហ៊ុន ត្រូវបានប៉ាន់ប្រមាណថា មានប្រាក់ជាង ៦ពាន់លានដុល្លារ ហើយកំពុងមានគម្រោងសាងសង់ណាហ្គា ទី៣ នៅទីតាំងអគារស ឬ ហៅថា អគារប៊ូឌីង ក្នុងរាជធានីភ្នំពេញ ដោយត្រូវចំណាយទឹកប្រាក់ជាង ៤ពាន់លានដុល្លារ។ ក្រុមហ៊ុនមួយនេះ កំពុងប្រើប្រាស់បុគ្គលិកកម្មករប្រមាណជាង ៨ពាន់នាក់។
ទោះបីជាក្រុមហ៊ុនណាហ្គា វើលដ៍ នេះ ទទួលបានប្រាក់ចំណូលច្រើនបែបនេះក្តី ប៉ុន្តែបុគ្គលិក នៅតាមផ្នែកផ្សេងៗ ត្អូញត្អែរថា ពួកគេប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ដោយទទួលបានប្រាក់ឈ្នួលទាប ខណៈធ្វើការងារធ្ងន់ និងច្រើនម៉ោង៕
អត្ថបទ និង រូបភាព rfa.org/khmer
អត្ថបទ និង រូបភាព rfa.org/khmer
ក្រុមហ៊ុនណាហ្គាវើលដ៍ព្រមដោះស្រាយ ក្រោយបុគ្គលិកធ្វើកូដកម្មទ្រង់ទ្រាយធំ២ថ្ងៃ
Reviewed by Admin
on
Saturday, January 11, 2020
Rating: