លីកាដូ រកឃើញប៉ុស្តិ៍ត្រួតពិនិត្យច្រើនកន្លែងមុនថ្ងៃបើកសវនាការលើ លោក កឹម សុខា
![]() |
| រូបថត៖ ប្លង់ដែលបង្ហាញដោយអង្គការលីកាដូ នៅថ្ងៃទី ៨ កញ្ញានេះ |
នៅថ្ងៃទី ៨ កញ្ញានេះ អង្គការលីកាដូបានរកឃើញប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនកន្លែងទាំងនៅតាមបណ្ដាលខេត្តនិងផ្លូវជាច្រើនចូលមករាជធានីភ្នំពេញ។ អង្គការលីកាដូ បានហៅសកម្មភាពនេះថា ធ្វើឡើងមុនមួយថ្ងៃនៃការបើកសវនាការលើសំណុំរឿង លោក កឹម សុខា ដើម្បីរាំងខ្ទប់មិនឲ្យសកម្មជនគណបក្សសង្គ្រោះជាតិចូលមកក្នុងក្រុង ខណៈពួកគេមានគម្រោងជួបជុំគ្នានាថ្ងៃស្អែក។ ប៉ុន្តែសាលារាជធានីភ្នំពេញច្រានចោលការលើកឡើងនេះដោយអះអាងថា ជាសកម្មភាពអនុវត្តច្បាប់ចរាចរណ៍។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូឲ្យដឹងថា នៅខេត្តស្វាយរៀង និង កំពត អាជ្ញាធរក៏បានធ្វើការឃាត់រថយន្តរបស់សកម្មជនគណបក្សសង្គ្រោះជាតិមិនឲ្យចូលមករាជធានីភ្នំពេញផងដែរ ខណៈពួកគេមានគម្រោងមកធ្វើការជួបជុំគ្នានៅថ្ងៃស្អែកនាទីស្នាក់គណបក្សសង្គ្រោះជាតិ។
លោក អំ សំអាត បន្ថែមថា សកម្មភាពដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះធ្វើឡើងនៅច្រើនកន្លែងទាំងនៅផ្លូវចូលមករាជធានីភ្នំពេញនិងនៅតាមបណ្ដាលខេត្តមួយចំនួន។ ហើយសកម្មភាពនេះធ្វើឡើងខុសពីសព្វមួយដងដែលមិនមែនជាការអនុវត្តការត្រួតពិនិត្យច្បាប់ចរាចរណ៍នោះទេ។
បើតាមប្លង់របស់អង្គការលីកាដូ ដែលបង្ហាញនៅលើទំព័រហ្វេសប៊ុក គឺមានផ្លូវជាតិចំនួន៦ខ្សែត្រូវបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ។ ផ្លូវជាតិលេខ១ នៅស្រុកគៀនស្វាយ និងខណ្ឌច្បារអំពៅ ។ ផ្លូវជាតិលេខ២ នៅចំណុចខាងមុខសាលាក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង។ ផ្លូវជាតិលេខ៣ នៅចំណុចជិតទំនប់ ៧មករា និង ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ។ ផ្លូវជាតិលេខ៤ នៅចំណុចជិតរដ្ឋបាលព្រៃឈើ ស្រុកអង្គស្នួល។ ផ្លូវជាតិលេខ៥ នៅចំណុចជិត វត្តសុវណ្ណវារី ស្រុកពញាឮ។ ផ្លូវជាតិលេខ៦នៅចំណុចឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។
លោក អំ សំអាត បានហៅសកម្មភាពនៃការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះថា ជាការបំភ័យប្រជាពលរដ្ឋ។ ព្រោះថា រាល់សកម្មភាពរបស់អាជ្ញាធរមិនបានជូនដំណឹងទៅពលរដ្ឋដូចជាៈ ករណីធ្វើសមយុទ្ធកាលពីកន្លងមកជុំវិញទីស្នាក់គណបក្សសង្គ្រោះជាតិ និងការបិទផ្លូវកាលពីថ្ងៃទី៥កញ្ញា គ្រាដែលគណបក្សសង្គ្រោះជាតិយកញត្តិទៅដាក់នៅតាមបណ្ដាលស្ថានទូតនានា។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញអះអាងថា សកម្មភាពនៃការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅលើផ្លូវជាតិសំខាន់ៗចូលមករាជធានីភ្នំពេញជាការអនុវត្តច្បាប់ចរាចរណ៍។ លោកបដិសេធដាច់ខាតថា មិនមានជាប់ពាក់ព័ន្ធនឹងការចូលរួមរបស់សកម្មជនគណបក្សសង្គ្រោះជាតិក្នុងការឡើងមកជួបជុំនាថ្ងៃស្អែកនោះទេ។ លោកក៏បានស្នើឲ្យភាគីពាក់ព័ន្ធរងចាំមើលចំណាត់ការនៃការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះជាបន្តទៀតដោយមិនមែនធ្វើតែថ្ងៃនេះទេ៕ប្រភពពី RFI
លីកាដូ រកឃើញប៉ុស្តិ៍ត្រួតពិនិត្យច្រើនកន្លែងមុនថ្ងៃបើកសវនាការលើ លោក កឹម សុខា
Reviewed by Admin
on
Friday, September 09, 2016
Rating:
Reviewed by Admin
on
Friday, September 09, 2016
Rating:

