គណៈកម្មាធិការ​មួយ​នៅ​កាណាដា​ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត

គណៈកម្មាធិការ​ដើម្បី​សិទ្ធិ​បោះឆ្នោត​របស់​ខ្មែរ​នៅ​ក្រៅ​ប្រទេស (the CEROC) អំពាវនាវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ជួយ​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ឲ្យ​មាន​សិទ្ធិ​បោះឆ្នោត​ដូច​ខ្មែរ​ក្នុង​ស្រុក​ដែរ។
គណៈកម្មាធិការ​នេះ អះអាង​ថា ប្រទេស​ប្រជាធិបតេយ្យ​ជា​ច្រើន​នៅ​លើ​ពិភពលោក បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន រួម​មាន​ពលករ​ចំណាកស្រុក និង​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​អចិន្ត្រៃយ៍​នៅ​ក្រៅ​ប្រទេស​ផង មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​នៅ​ប្រទេស​កំណើត​របស់​ពួកគេ​បាន។
អង្គការ​ដដែល​នេះ រក​ឃើញ​ទៀត​ថា សព្វថ្ងៃ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក រួម​ទាំង​ពលករ​ចំណាកស្រុក​ផង ប្រមាណ​ជាង ១​លាន​នាក់។
ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ប្រទេស​នេះ កន្លង​មក​មាន​អង្គការ​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស ធ្លាប់​លើក​ឡើង​ពី​បញ្ហា​នេះ​ដែរ។ ប៉ុន្តែ​លោក ហង្ស ពុទ្ធា ធ្លាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា ទាល់តែ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​បច្ចុប្បន្ន ទើប​អាច​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រៅ​ស្រុក​បោះឆ្នោត​បាន។
លោក ហង្ស ពុទ្ធា គូស​បញ្ជាក់​ថា ច្បាប់ គ.ជ.ប បច្ចុប្បន្ន មិន​តម្រូវ​ឲ្យ គ.ជ.ប រៀបចំ​ការិយាល័យ​បោះ​ឆ្នោត​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ ច្បាប់​បោះ​ឆ្នោត​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​នៅ​មណ្ឌល​បោះឆ្នោត​ក្នុង​ភូមិ​សង្កាត់​ដែល​ពួកគាត់​រស់​នៅ។ ប្រសិនបើ​យើង​បង្កើត​ការិយាល័យ​បោះ​ឆ្នោត​នៅ​តាម​ស្ថាន​កុងស៊ុល ឬ​ស្ថានទូត​ខ្មែរ​នៅ​បរទេស កន្លែង​នោះ​មិន​មែន​ជា​ឃុំ​សង្កាត់ ដែល​ពួកគាត់​រស់​នៅ​នោះ​ឡើយ។
បើ​ទោះ​ជា​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ណា​ក្តី ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ ត្រូវ​បាន​សភា​ដែល​មាន​អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៥ រួច​ហើយ ហើយ​មិន​មាន​មាត្រា​ណា​មួយ​ចែង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត​នោះ​ទេ។
ជុំវិញ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ពលករ​ចំណាក​ស្រុក​នេះ គណបក្ស​ប្រឆាំង​បាន​ស្នើ​សុំ​ឲ្យ គ.ជ.ប ជួយ​សម្រួល​ដល់​ពលករ​ចំណាក​ស្រុក​ចុះ​ឈ្មោះ​ឲ្យ​បាន​ច្រើន​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ពិសេស​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ។ ឆ្លើយ​តប​ទៅ​នឹង​សំណើ​នេះ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គ.ជ.ប នឹង​ពិចារណា។
គ.ជ.ប បាន​រៀបចំ​ប្រតិទិន​សម្រាប់​ការងារ​ចុះឈ្មោះ​មាន​រយៈពេល ៣​ខែ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦៕
អត្ថបទ និង​ រូបភាព www.rfa.org/khmer
ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សាលា​ឃុំ​កាចាញ ក្រុង​បានលុង ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

គណៈកម្មាធិការ​មួយ​នៅ​កាណាដា​ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត គណៈកម្មាធិការ​មួយ​នៅ​កាណាដា​ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត Reviewed by Admin on Friday, August 05, 2016 Rating: 5
ads
Powered by Blogger.