ព្រឹទ្ធសភា​កម្ពុជា​ឯកភាព​ទាំង​ស្រុង​លើ​ការ​កែ​ច្បាប់​បើក​ផ្លូវ​ឲ្យ​មន្រ្តី​អតីត​បក្ស​ប្រឆាំង​បាន​ធ្វើ​នយោបាយ​ឡើង​វិញ

ព្រឹទ្ធ​សភា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​យល់​ព្រម​ទាំង​ស្រុង​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​ច្បាប់ បក្ស​នយោបាយ​ដែល​ឈាន​ទៅ​បើក​ផ្លូវ​ឲ្យ​មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ធ្វើ​នយោបាយ​ឡើង​វិញ​។ ក្រោយ​យល់​ព្រម​ភ្លាម ព្រឹទ្ធ​សភា​ក៏​បាន​បញ្ជូន​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ​មក​កាន់​រដ្ឋសភា​វិញ ហើយ​រដ្ឋ​សភា​នឹង​បញ្ជូន​ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ល្ងាច​នេះ​។ 

អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ជាតិ​កម្ពុជា លោក​ឡេង ប៉េងឡុង យល់​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រហែល​នឹង​មិន​ប្រើ​ពេល​យូរ​ទេ​ក្នុង​ការ​ពិនិត្យ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​ឆាប់​បាន​បញ្ជូន​ត្រឡប់​មក​កាន់​រដ្ឋ​សភា​វិញ​។ តាម​នីតិ​វិធី បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​ពី​ធម្មនុញ្ញ​ភាព​រួច​ហើយ នឹង​បញ្ជូន​ត្រឡប់​មក​កាន់​រដ្ឋ​សភាៗ​នឹង​បញ្ជូន​បន្ត​មក​កាន់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​ថ្វាយ​ទៅ​កាន់​ព្រះមហាក្សត្រ​ឡាយ​ព្រះហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​។ លោក​ឡេង ប៉េងឡុង បាន​បង្ហើប​ឲ្យ​ដឹង​ថា សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ ប្រហែល​អាច​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចុង​ឆ្នាំ​២០១៨​នេះ​។
សូម​បញ្ជាក់​ថា សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៨៧​រូប​។ ក្រុម​តំណាង​រាស្រ្ត បាន​ស្នើ​ឲ្យ​ធ្វើ​ការ​កែ​ប្រែ​លើ​មាត្រា​៤៥​ថ្មី (ស្ទួន)​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដោយ​បន្ថែម​នូវ​ខ្លឹម​សារ​ថ្មី​ថា «បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញ​លេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈ​ពេល​នៃ​ការ​ហាម​ឃាត់​ដែល​កំណត់​ដោយ​សាល​ដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិ​សម្បទា​ឡើង​វិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្រ្តី តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ»​។
ក៏​ប៉ុន្តែ​ដើម្បី​ទទួល​បាន​នីតិ​សម្បទា​ឡើង​វិញ​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​តម្រូវ​ឲ្យ​ពួក​គេ​ត្រូវ​ធ្វើ​សំណើ​ផ្លូវ​ការ​មក​កាន់​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​។ ក្រសួង​មហាផ្ទៃ តាម​រយៈ​លោក​ខៀវ សុភ័គ ដែល​ជា​អ្នក​នាំ​ពាក្យ​បាន​អះអាង​ថា អ្នក​ដែល​នឹង​ត្រូវ​ក្រសួង​មហា​ផ្ទៃ​សម្រេច​ដាក់​ក្នុង​បញ្ជី​ស្នើ​សុំ​លើក​លែង​បម្រាម​ធ្វើ​នយោបាយ​នោះ គឺ​ទាល់​តែ​ពួក​គេ​អនុវត្ត​តាម​សាល​ដីកា​របស់​តុលា​ការ​កំពូល។ លោក​ខៀវ សុភ័គ បាន​សង្កត់​ធ្ងន់​ថា មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង​១១៨​រូប​មិន​អាច​ស្នើ​សុំ​លើក​លែង​ការ​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ទាំង​អស់​បាន​នោះ​ទេ ព្រោះ​លោក​កត់​សម្គាល់​ថា មាន​មន្រ្តី​មួយ​ចំនួន​បាន​អនុវត្ត​ប្រឆាំង​នឹង​សាល​ដីកា​របស់​តុលាការ​កំពូល​កម្ពុជា ដូច​យ៉ាង លោក​អេង ឆៃអ៊ាង និង​លោក​ស្រី​មួរ សុខហួរ​ជា​ដើម​ដែល​សុទ្ធ​តែ​ជា​អនុ​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​៕អត្ថបទ និង រូបភាព khmer.rfi.fr
កិច្ច​ប្រជុំ​ព្រឹទ្ធសភាកម្ពុជា​នា​ពេល​កន្លង​មក​ (រូបភាពឯកសារ)

ព្រឹទ្ធសភា​កម្ពុជា​ឯកភាព​ទាំង​ស្រុង​លើ​ការ​កែ​ច្បាប់​បើក​ផ្លូវ​ឲ្យ​មន្រ្តី​អតីត​បក្ស​ប្រឆាំង​បាន​ធ្វើ​នយោបាយ​ឡើង​វិញ ព្រឹទ្ធសភា​កម្ពុជា​ឯកភាព​ទាំង​ស្រុង​លើ​ការ​កែ​ច្បាប់​បើក​ផ្លូវ​ឲ្យ​មន្រ្តី​អតីត​បក្ស​ប្រឆាំង​បាន​ធ្វើ​នយោបាយ​ឡើង​វិញ Reviewed by Admin on Tuesday, December 25, 2018 Rating: 5
ads
Powered by Blogger.