ខ្មែរ | ព័ត៌មាន​ថ្មីៗ | នយោបាយ អ្នក​ធ្វើ​ការងារ​បោះឆ្នោត៖ លោក ហ៊ុន សែន ធ្វើ​សកម្មភាព​ខុស​ពេល​វេលា​ឃោសនា​បោះ​ឆ្នោត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ពាក់​វ៉ែនតា​ខ្មៅ) ពេល​ចុះ​ជួប​សួរ​សុខទុក្ខ​ពលរដ្ឋ​នៅ​ផ្សារ​ក្ដាម ក្នុង​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៦។
បច្ចុប្បន្ន​នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណាយ​ពេល​ចុះ​មូលដ្ឋាន​ជួប​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នានា និង​ថ្លែង​ជា​សាធារណៈ​ដោយ​សង្ឃឹម​ថា ពលរដ្ឋ​បន្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​បោះឆ្នោត​ជូន​លោក​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដដែល។ សកម្មភាព និង​សម្ដី​របស់​លោក​ទាំង​នោះ ត្រូវ​អ្នក​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត​ថា លោក ហ៊ុន សែន ធ្វើ​សកម្មភាព​ឃោសនា​បោះ​ឆ្នោត។
​ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់​ថា សកម្មភាព​របស់​លោក ហ៊ុន សែន ចុះ​ជួប​ពលរដ្ឋ​មុន​រដូវ​កាល​ឃោសនា​បោះ​ឆ្នោត ជា​ការ​ប្រកួតប្រជែង​គ្មាន​តម្លាភាព។ លោក​ថា គណបក្ស​នយោបាយ​ដែល​ជួប​បញ្ហា​ប្រឈម​ជាង​គេ​គឺ​គណបក្ស​ទើប​បង្កើត​ថ្មី៖ «»។
​អ្នក​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត​ដដែល​យល់​ថា ដើម្បី​បង្ហាញ​តម្លាភាព​នៃ​ការ​ប្រកួត នៅ​ពេល​លោក ហ៊ុន សែន ចុះ​ជួប​ពលរដ្ឋ​គួរ​តែ​ថ្លែង​ត្រឹម​តែ​ជា​នាយករដ្ឋមន្ត្រី ដែល​ជា​ការ​ថ្លែង​មិន​ស្នើ​សុំ​សន្លឹក​ឆ្នោត។
កាល​ពី​ខែ​កក្កដា លោក ហ៊ុន សែន បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​ជួប​ពលរដ្ឋ-​មន្ត្រី​រាជការ​ទូទាំង ២៥ រាជធានី ខេត្ត ក្រុង។ លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ថ្ងៃ​២០ ខែ​កក្កដា ថា ក្នុង​យុទ្ធនាការ​នេះ​លោក​បាន​ជ្រើសរើស​ខេត្ត​បាត់ដំបង ជា​ខេត្ត​គោលដៅ​ទី​មួយ​របស់​លោក។ លោក​បញ្ជាក់​ទៀត​ថា នេះ​ជា​ឱកាស​ដែល​លោក​ត្រូវ​តែ​ចុះ​សួរ​សុខទុក្ខ​មន្ត្រី​រាជការ​ប្រជាពលរដ្ឋ ព្រមទាំង​ពិនិត្យ​អំពី​សមិទ្ធផល​នៅ​តាម​បណ្ដា​ខេត្ត និង​បញ្ហា​ប្រឈម​នានា។
មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា ប្រសិនបើ​លោក ហ៊ុន សែន ចុះ​ជួប​ពលរដ្ឋ ឬ​សម្ពោធ​សមិទ្ធផល​អ្វី​មួយ​ដើម្បី​ផលប្រយោជន៍​ប្រទេស​ជាតិ គឺ​ជា​ការងារ​នាយករដ្ឋមន្ត្រី ហើយ​ក៏​មិន​ខុស​ទាស់​អ្វី​ដែរ។ ប៉ុន្តែ​ប្រសិនបើ​ការ​ចុះ​មូលដ្ឋាន​ជា​ការ​ឆ្លៀត​ឱកាស​ទាញ​ប្រជាប្រិយភាព ឬ​ស្នើ​សុំ​សន្លឹកឆ្នោត នោះ​ជា​សកម្មភាព​ខុស​ច្បាប់​បោះឆ្នោត៖ «»។
ច្បាប់បោះឆ្នោត​ថ្មី​អនុញ្ញាត​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មុន​ការ​បោះឆ្នោត​តែ ១៥​ថ្ងៃ​ប៉ុណ្ណោះ មុន​ថ្ងៃ​បោះឆ្នោត​មួយ​ថ្ងៃ ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​សកម្មភាព​ឃោសនា​ឡើយ។
លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​ជាតិ​លេខ​៤៤ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​សីហា នៅ​ខេត្ត​កំពង់ស្ពឺ ក្រៅ​ពី​អះអាង​ថា សមិទ្ធផល​នានា​ដែល​កើត​មាន ព្រោះ​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី លោក​ក៏​បង្ហាញ​ក្ដី​សង្ឃឹម​ថា ពលរដ្ឋ​បន្ត​បោះឆ្នោត​ឲ្យ​លោក​ដឹកនាំ​ប្រទេស​បន្ត​ទៀត៖ «»។
ផ្ទុយ​ពី​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សកម្មភាព​គ្រប់​ពេល គ្រប់​ទី​កន្លែង ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មិន​អាច​វិល​ចូល​ស្រុក​ធ្វើ​សកម្មភាព​នយោបាយ​បាន​ទេ  ព្រោះ​កំពុង​រង​បណ្ដឹង​ពី​តុលាការ​ជា​ច្រើន​ករណី។
​ចំណែក​លោក កឹម សុខា ដែល​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ឃុំ​ខ្លួន​ឯង​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​តុលាការ​ចេញ​ដីកា​ជា​បន្តបន្ទាប់​ជុំវិញ​សំណុំ​រឿង​ស្នេហា​ជាមួយ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ និង​មាន​សារ​ព្រមាន​ចាប់​ខ្លួន​ពី​សំណាក់​លោក ហ៊ុន សែន។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ការ​ប្រកួតប្រជែង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​តម្លាភាព ឬ​គ្មាន​តម្លាភាព មិន​មែន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទេ តែ​ដោយសារ​លោក សម រង្ស៊ី និង​លោក កឹម សុខា  បង្កើត​បញ្ហា​ផ្លូវ​ដោយ​ខ្លួន​ឯង។ លោក​បញ្ជាក់​ថា ការ​ចុះ​មូលដ្ឋាន ឬ​សម្ពោធ​សមិទ្ធផល​របស់​លោក ហ៊ុន សែន ទាំង​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ តែងតែ​ចង់​ឲ្យ​ពលរដ្ឋ​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា៖ «»។
ក្នុង​យុទ្ធនាការ​លោក ហ៊ុន សែន តែង​ជួប​អាជីវករ សិស្សសាលា មន្ត្រីរាជការ និង​ពលរដ្ឋ​ទូទៅ ពេលខ្លះ​លោក​អង្គុយ​ពិសា​គុយទាវ​ដូច​ពលរដ្ឋ​សាមញ្ញ​ផ្សេង​ទៀត​ដែរ៖ «»។
​ពេល​ចុះ​ជួប​ពលរដ្ឋ​ម្ដងៗ លោក​នាយករដ្ឋមន្ត្រី​តែងតែ​ផ្ដល់​លុយ​កាក់​យ៉ាង​ច្រើន​ដល់​ពលរដ្ឋ​ខ្លះ​ដែល​បាន​ជួប​លោក។ ប៉ុន្តែ​ទោះ​យ៉ាង​ណា គេ​កម្រ​ឃើញ​ពលរដ្ឋ​ជួប​បញ្ហា​ដែល​ត្រូវ​ការ​អន្តរាគមន៍​ពី​លោក ងាយស្រួល​បាន​ជួប​លោក​ណាស់ ខណៈ​ជុំវិញ​រូប​លោក​ត្រូវ​កង​អង្គរក្ស​ឈរ​ការពារ​យ៉ាង​ប្រុង​ប្រយ័ត្ន។
កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា លោក ហ៊ុន សែន បាន​ទៅ​ខេត្ត​បាត់ដំបង ដើម្បី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​ជួប​ពលរដ្ឋ​នៅ​ទី​នោះ ប៉ុន្តែ​មុន​ដល់​បាត់ដំបង លោក​បាន​ធ្វើ​ឲ្យ​អាជីវករ​ក្នុង​ខេត្ត​ពោធិ៍សាត់ ភ្ញាក់​ផ្អើល ព្រោះ​លោក​ចូល​ពិសា​គុយទាវ​នៅ​ក្នុង​ផ្សារ​សាមគ្គី ក្រគរ ក្នុង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។
ម្ដង​នេះ ក៏​មិន​ខុស​កាល​ពី​លោក​ពិសា​នំ​បញ្ចុក​នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង​ដែរ អ្នក​លក់​គុយទាវ​បាន​ទទួល​ថវិកា​មួយ​កញ្ចប់​ធំ​ពី​លោក បន្ទាប់​មក​​ទៀត ជា​ទម្លាប់​របស់​លោក​ក្នុង​ពេល​ជួប​ពលរដ្ឋ​នោះ គឺ​ថត​សែលហ្វី (Selfie) ជាមួយ​អ្នក​នៅ​ក្បែរៗ​នោះ​មុន​ចាកចេញ។
ក្រោយ​សម្ពោធ​សមិទ្ធផល​នៅ​ខេត្ត​បាត់ដំបង លោក ហ៊ុន សែន បាន​បន្ត​ដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា លោក​បាន​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​មួយ គឺ​រក្សា​ចំណត​រថយន្ត​ក្រុង​សិរីសោភ័ណ ដោយ​មិន​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​ទីតាំង​ថ្មី​ទេ​ដើម្បី​អ្នក​រត់​ឡាន និង​ពលរដ្ឋ​លក់ដូរ​មួយ​ចំនួន​បាន​ប្រកប​ការងារ​ជា​ធម្មតា​នៅ​ទី​នោះ។
នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ដដែល លោក ហ៊ុន សែន បាន​បន្ត​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ហើយ​ផ្ដល់​អគារ​សិក្សា​ចំនួន ១​ខ្នង ២​ជាន់ មាន ១២​បន្ទប់​ដល់​វិទ្យាល័យ​ក្រឡាញ់ ក្នុង​ខេត្ត​សៀមរាប។ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា នៅ​ខេត្ត​សៀមរាប ដដែល លោក ហ៊ុន សែន បាន​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ខេត្ត​សៀមរាប។
​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា លោក ហ៊ុន សែន បាន​ចុះ​ជួប​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​អាជីវករ​ផ្សារ​ស្ទឹងសែន នៅ​ទី​រួម​ខេត្ត​កំពង់ធំ។ លោក ហ៊ុន សែន បញ្ជាក់​ថា អាជីវករ​ផ្សារ​ស្ទឹងសែន ទាំង​អស់​អាច​លក់ដូរ​អស់​មួយ​ជីវិត​មិន​មាន​កំណត់​អាណត្តិ។
លោក ហ៊ុន សែន បញ្ជា​មិន​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ឈប់​ផ្ដល់​ដី​តំបន់​ទន្លេសាប​ឲ្យ​ក្រុមហ៊ុន ហើយ​ត្រូវ​ទុក​ដីធ្លី​ទាំង​នោះ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​វិញ។
​ថ្ងៃ​ទី​២៦ ខែ​កក្កដា លោក ហ៊ុន សែន ចុះ​ជួប​ពលរដ្ឋ សិស្សសាលា និង​ព្រះសង្ឃ​នៅ​ខេត្ត​ក្រចេះ។  លោក ហ៊ុន សែន និង​ក្រុម​ការងារ​បាន​សម្រេច​ផ្ដល់​អគារ​សិក្សា​មួយ​ខ្នង និង​ទទួល​សាងសង់​ផ្សារ និង​តូប​លក់ដូរ​ជូន​អាជីវករ​នៅ​ផ្សារ​ខេត្ត​ក្រចេះ។
​ចេញ​ពី​ខេត្ត​ក្រចេះ លោក ហ៊ុន សែន ទៅ​ជួប​ពលរដ្ឋ និង​មន្ត្រី​រាជការ​នៅ​ខេត្ត​ស្ទឹងត្រែង។ នៅ​ខេត្ត​ស្ទឹងត្រែង ដដែល ថ្ងៃ​ទី​២៧ ខែ​កក្កដា លោក ហ៊ុន សែន ចុះ​ជួប​ប្រជាពលរដ្ឋ​ដែល​បាន​មក​តាំង​ទីលំនៅ​ថ្មី​នៅ​ក្នុង​ឃុំ​ក្បាលរមាស ស្រុក​សេសាន បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទី​លំនៅ​ពី​តំបន់​ដែល​ត្រូវ​បាន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ក្នុង​ខេត្ត​ស្ទឹងត្រែង នេះ។
ចេញ​ពី​ខេត្ត​ភាគ​ឦសាន លោក ហ៊ុន សែន បាន​ផ្ដល់​ពានរង្វាន់ "ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា" នៅ​វិមាន​សន្តិភាព​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​​៣១ ខែ​កក្កដា ឆ្នាំ​២០១៦ ដែល​ជា​កម្មវិធី​លោក ហ៊ុន សែន បង្កើត​ឡើង​ទាក់ទង​ការ​បង្ហាញ​ស្នាដៃ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។
​យុទ្ធនាការ​ជួប​ពលរដ្ឋ-​មន្ត្រី​រាជការ​ទូទាំង ២៥​រាជធានី ខេត្ត ក្រុង​ដដែល នៅ​ទី​២ ខែ​សីហា នៅ​កំពត លោក ហ៊ុន សែន ប្រាប់​ឲ្យ​អភិបាល​ខេត្ត​រៀបចំ​ជួសជុល​ស្ពាន​ឥន្ទធនូ​ចាស់ ដែល​បាន​កសាង​នៅ​ជំនាន់​បារាំង ដើម្បី​ដាក់​អោយ​ប្រើប្រាស់​ឡើង​វិញ​ដោយ​ឲ្យ​ថ្មើរ​ជើង កង់ និង​ម៉ូតូ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ឆ្លងកាត់។
ថ្ងៃ​ទី​៣ ខែ​សីហា លោក​នាយករដ្ឋមន្ត្រី​ជួប​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​នៃ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស សាលា​បច្ចេកទេស​ដុនបូស្កូ ខេត្ត​កែប និង​អនុវិទ្យាល័យ​សង្គមរាស្ត្រនិយម ក្រុង​កែប។ លោក ហ៊ុន សែន ក៏​បាន​ផ្ដល់​ថវិកា​សាងសង់​អគារ​បន្ថែម​ទៀត។
នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​សីហា ដដែល លោក ហ៊ុន សែន បន្ត​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​មិន​បង្ហាញ​សកម្មភាព​ជួប​ពលរដ្ឋ ឬ​ថត​សែលហ្វី នោះ​ទេ ខណៈ​ពលរដ្ឋ​នៅ​ខេត្ត​នេះ​ជាង ១៩​សហគមន៍ ដែល​មាន​គ្នា​ប្រមាណ ៣០០​នាក់ ឈរ​ទាមទារ​សុំ​អន្តរាគមន៍​លោក​រឿង​ដីធ្លី។ ប៉ុន្តែ​ពួកគេ​មិន​បាន​ជួប​មុខ​លោក​នាយករដ្ឋមន្ត្រី​ទេ បើ​ទោះ​ជា​ត្រូវ​បាន​អភិបាល​ខេត្ត​ចេញ​មក​សម្រួល​ឲ្យ​តំណាង​ពលរដ្ឋ​ទៅ​ជួប​លោក ហ៊ុន សែន នៅ​ក្នុង​សាលាក្រុង​ក្ដី។
ដោយ​ឡែក​នៅ​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី​៤ ខែ​សីហា លោក ហ៊ុន សែន បាន​បដិសេធ​ថា គឺ​គ្មាន​ការ​ធ្វើ​អាកាសយានដ្ឋាន​​នៅ​ខេត្ត​កំពង់ស្ពឺ​ទេ។ លោក ហ៊ុន សែន បន្ត​ថា ចំពោះ​បេនឡាន​ចាស់​គឺ​ទុក​នៅ​ដដែល និរាករណ៍​ចោល​ទាំង​អស់​នូវ​លិខិត​ស្នាម​ពាក់ព័ន្ធ​បេនឡាន​ចាស់​នេះ។
នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៤ ខែ​សីហា វិញ លោក ហ៊ុន សែន សរសេរ​នៅ​លើ​គេហទំព័រ​របស់​លោក​ថា លោក​នឹង​បន្ត​ចុះ​ទៅ​ខេត្ត​ផ្សេងៗ​ទៀត ដើម្បី​ពិនិត្យ​បញ្ហា​ប្រឈម​នៅ​សេសសល់។
ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​បែប​នេះ បន្ទាប់​ពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម។ លោក កែម ឡី កាល​​នៅ​មាន​ជីវិត លោក​ក៏​ធ្វើ​យុទ្ធនាការ​ចុះ​ដល់​មូលដ្ឋាន​ជួប​ពលរដ្ឋ ដែល​យុទ្ធនាការ​នោះ​មាន​ឈ្មោះ​ថា ១០០​រាត្រី​នៃ​គ្រួសារ​ខ្មែរ។  ប្រសិនបើ​គ្មាន​ការ​បាញ់​សម្លាប់​ទេ​នោះ តាម​គម្រោង លោក កែម ឡី នឹង​ចុះ​ជួប​ពលរដ្ឋ​ខ្មែរ ៣០​គ្រួសារ នៅ​បណ្ដា​ប្រទេស​នៃ​ប៉ែក​អឺរ៉ុប។
​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា យុទ្ធសាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​នេះ គឺ​យុទ្ធសាស្ត្រ​បិទ​ទ្វារ​វាយ​ឆ្កែ។ លោក​បន្ត​ថា អ្វី​ដែល​កើត​ឡើង​លើ​គណបក្ស​ប្រឆាំង​តាំង​ពី​ដើម​រហូត​មក​ទល់​ពេល​នេះ ព្រោះ​គណបក្ស​កាន់​អំណាច​រៀបចំ​យុទ្ធសាស្ត្រ​មិន​ឲ្យ​គណបក្ស​ប្រឆាំង និង​ក្បាល​ម៉ាស៊ីន​បក្ស​ធ្វើ​សកម្មភាព​បាន​ងាយ​ស្រួល៖ «»។
អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី បន្ថែម​ថា ទោះ​លោក ហ៊ុន សែន ឬ​គណបក្ស​ប្រជាជន​កម្ពុជា ប្រឹង​ចុះ​មូលដ្ឋាន​យ៉ាង​ណា ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បញ្ហា​សង្គម​ដែល​កំពុង​កើត​ឡើង និង​មិន​អាច​វែក​មុខ​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី ទេ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មិន​អាច​ស្តារ​ប្រជាប្រិយភាព​របស់​ខ្លួន​បាន​ទេ៕ អត្ថបទ ​និង រូបភាព www.rfa.org/khmer
ខ្មែរ | ព័ត៌មាន​ថ្មីៗ | នយោបាយ អ្នក​ធ្វើ​ការងារ​បោះឆ្នោត៖ លោក ហ៊ុន សែន ធ្វើ​សកម្មភាព​ខុស​ពេល​វេលា​ឃោសនា​បោះ​ឆ្នោត ខ្មែរ | ព័ត៌មាន​ថ្មីៗ | នយោបាយ  អ្នក​ធ្វើ​ការងារ​បោះឆ្នោត៖ លោក ហ៊ុន សែន ធ្វើ​សកម្មភាព​ខុស​ពេល​វេលា​ឃោសនា​បោះ​ឆ្នោត Reviewed by Admin on Friday, August 05, 2016 Rating: 5
ads
Powered by Blogger.