មន្ត្រី​សុខាភិបាល៖ ស្ត្រី​អ្នក​ភូមិ​រកា​ម្នាក់​ទៀត​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍​បាន​ស្លាប់

ពលរដ្ឋ​នាំ​គ្នា​មក​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព រកា ស្ថិត​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤។

អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​នៅ​ភូមិ​រកា ជា​ស្ត្រី​ម្នាក់​ទៀត​បាន​ស្លាប់​ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយសារ​អេដស៍​មក​ ទល់​ពេល​នេះ បាន​កើន​ចំនួន ១២​នាក់។ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង លោក ស៊ូ សានិត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ថា ស្ត្រី​ម្នាក់​ទៀត​ហើយ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៣ ដោយសារ​ជំងឺ​អេដស៍​នេះ។ បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ លោក​បញ្ជាក់​ថា ពុំ​មាន​សញ្ញា​ណា​មួយ​នៃ​ការ​ឆ្លង​ថ្មី​ទៀត​ដោយសារ​ការ​រីក​រាល​ដាល​ដោយ​ ជំងឺ​អេដស៍ នៅ​ឃុំ​រកា ខេត្ត​បាត់ដំបង។

លោក​ថ្លែង​បន្ត​ថា សព្វថ្ងៃ​នេះ ក្រៅ​ពី​ផ្ដល់​ថ្នាំ​ពេទ្យ​សម្រាប់​ផ្គត់ផ្គង់​អ្នក​ដែល​រស់នៅ​ជាមួយ​ជំងឺ​ អេដស៍​ហើយ លើស​ពី​នេះ​ទៀត ថែម​ទាំង​មាន​សេវា​ថែ​ទាំ​អ្នក​ជំងឺ និង​តាម​ដាន​ជា​ប្រចាំ​ទៀត​ផង។ លោក​បន្ត​ថា «ឥឡូវ​នេះ​យើង​ឲ្យ​ថ្នាំ​គាត់​គ្រប់ ក្នុង​នោះ​យើង​និយាយ​អំពី​មនុស្ស​ពេញ​វ័យ ដក​មនុស្ស​ចាស់​ចេញ សឹង​តែ​មួយ​ភាគរយ គាត់​បើក​ថ្នាំ​មេរោគ​អេដស៍​ហើយ។ មនុស្ស​ចាស់​យើង​ឲ្យ​គាត់​ប្រហែល ៦០​ភាគរយ​ប៉ុណ្ណឹង​ទេ ដោយសារ​សល់​ពី​នោះ​គាត់​មិន​ព្រម​ទទួល»។

មន្ត្រី​សុខាភិបាល​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង លោក ស៊ូ សានិត បញ្ជាក់​ទៀត​ថា អ្នក​រស់នៅ​ជាមួយ​ជំងឺ​អេដស៍​នៅ​ភូមិ​រកា ២៨០​នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​ស្ត្រី។

កាល​ពី​ឆ្នាំ​២០១៤ បន្ទាប់​ពី​ដឹង​ថា​មនុស្ស​ជិត ៣០០​នាក់​បាន​ឆ្លង​មេរោគ​អេដស៍​នៅ​ក្នុង​ឃុំ​រកា ចៅក្រម​នៃ​តុលាការ​ខេត្ត​បាត់ដំបង កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៥ សម្រេច​ផ្ដន្ទាទោស​លោក​គ្រូពេទ្យ យ៉ែម ជ្រិន ដាក់​ពន្ធនាគារ ២៥​ឆ្នាំ ពាក់ព័ន្ធ​ចម្លង​មេរោគ​អេដស៍​ដល់​អ្នក​ភូមិ​រកា៕ប្រភពពី www.rfa.org.khmer
មន្ត្រី​សុខាភិបាល៖ ស្ត្រី​អ្នក​ភូមិ​រកា​ម្នាក់​ទៀត​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍​បាន​ស្លាប់ មន្ត្រី​សុខាភិបាល៖ ស្ត្រី​អ្នក​ភូមិ​រកា​ម្នាក់​ទៀត​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍​បាន​ស្លាប់ Reviewed by Admin on Monday, February 15, 2016 Rating: 5
ads
Powered by Blogger.