អាជ្ញាធរ​បង្ហាញ​សញ្ញា​នៃ​ភាព​លំបាក​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី

អាជ្ញាធរ​កម្ពុជា ចាប់​ផ្តើម​បង្ហាញ​សញ្ញា​នៃ​ភាព​លំបាក​បន្តិច​ម្តងៗ​ជុំវិញ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដោយ​មក​ដល់​ពេល​នេះ អាជ្ញាធរ​គ្មាន​តម្រុយ​បន្ថែម​ទៀត​ទេ​នៅ​ក្នុង​សំណុំ​រឿង​នេះ។ រីឯ​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ក៏​ចាប់​ផ្តើម​អស់​សង្ឃឹម​ពី​ការ​ទទួល​បាន​យុត្តិធម៌។ ពួក​គេ​ថា សមត្ថកិច្ច​អាច​ស្វែងរក​ការ​ពិត​ឃើញ ប្រសិន​បើ​មាន​ឆន្ទៈ​ពិត​ប្រាកដ។
គិត​មក​ដល់​ពេល​នេះ ឃាតកម្ម​លើ​បណ្ឌិត កែម ឡី អ្នក​វិភាគ​ដ៏​ល្បី​នៅ​កម្ពុជា មាន​រយៈពេល​ជាង​កន្លះ​ខែ​ហើយ នៅ​ឡើយ​តែ​យុត្តិធម៌​ដែល​ក្រុម​គ្រួសារ និង​មជ្ឈដ្ឋាន​ទូទៅ​កំពុង​រង់ចាំ​មើល​យ៉ាង​អន្ទះសា ថា​តើ​យុត្តិធម៌​នឹង​អាច​មាន​ដែរ​ឬ​ទេ ឬ​ក៏​ត្រូវ​ក្លាយ​ជា​សព​អយុត្តិធម៌​ដូចជា​សព​អ្នក​ការពារ​ព្រៃ​ឈើ អ្នក​ការពារ​កម្មករ ព្រះសង្ឃ និង​អ្នក​សិល្បៈ​ល្បីៗ​ដទៃ​ទៀត?
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​បេសកកម្ម​ស្រាវជ្រាវ​ឲ្យ​អស់​លទ្ធភាព ដើម្បី​បង្ហាញ​ការ​ពិត ថា​តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ខ្នង​សំណុំ​រឿង​ឃាតកម្ម​ដ៏​សាហាវ​នេះ ព្រោះ​លោក​ក៏​មិន​ជឿ​ថា ផ្ដើម​ចេញ​ពី​ជំពាក់​លុយ ៣​ពាន់​ដុល្លារ​មិន​សង​នោះ​ឡើយ៖ «ពូ​មិន​ទាន់​បាន​ព័ត៌មាន​អី​ថ្មី​ពី​ខាង​ជំនាញ​យើង​ទេ ប៉ុន្តែ​ពូ​គ្រាន់​តែ​ដឹង​ថា ជន​ដៃ​ដល់​វា​រឹង​ក្បាល វា​មិន​ព្រម​ឆ្លើយ​អ្វី​ទាំងអស់ រហូត​វា​ឆ្លើយ​ថា​មិន​ស្គាល់​ម្តាយ​វា​ទៀត​ផង។ វា​មាន​ភាព​រឹងរូស​ក្នុង​ការ​បង្ហាញ​ការ​ពិត​ដល់​សមត្ថកិច្ច​របស់​យើង។ នេះ​ជា​ការ​លំបាក​មួយ​ដែល​យើង​កំពុង​តែ​ខិតខំ​រក​បន្ថែម​ទៀត»
លោក ខៀវ សុភ័គ បន្ថែម​ថា បើ​ទោះ​បី​ជា​ការ​ស្រាវជ្រាវ​ត្រូវ​អូស​បន្លាយ​ពេល​យូរ ឬ​គ្មាន​លទ្ធភាព​ស្រាវជ្រាវ​រក​ឃើញ​ការ​ពិត​ក្តី ក៏​ច្បាប់​របស់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួម​ស៊ើប​អង្កេត​ពី​ក្រុម​ណា​មួយ​ក្រៅ​តែ​ពី​សមត្ថកិច្ច​របស់​កម្ពុជា ឡើយ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង យល់​ថា ការ​បង្ហាញ​សញ្ញា​នៃ​ភាព​លំបាក​បន្តិច​ម្តងៗ​របស់​អាជ្ញាធរ​នេះ ហាក់​ដូចជា​បង្ហាញ​ពី​អសមត្ថភាព និង​គ្មាន​ឆន្ទៈ។ លោក​បន្ថែម​ថា បើ​យោង​ទៅ​លើ​សម្ភារៈ​ភស្តុតាង​ជា​មូលដ្ឋាន ដូចជា​មិន​ពិបាក​ឡើយ ព្រោះ​ឃាតកម្ម​នេះ​កើត​ឡើង​នៅ​ក្នុង​ហាង​ស្តារ​ម៉ាត (Star Mart) កណ្ដាល​ទីក្រុង​ភ្នំពេញ ដែល​មាន​កាមេរ៉ា​សុវត្ថិភាព​ទាំង​ក្នុង ក្រៅ និង​ជ្រុង​ផ្សេងៗ​ទៀត។ លើស​ពី​នេះ ក៏​មាន​មនុស្ស​ចេញ​ចូល​ច្រើន​អាច​ធ្វើ​ជា​សាក្សី​ខុស​ឆ្ងាយ​ពី​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃ​ឈើ​ដែល​គេ​បាញ់​ប្រហារ​ក្នុង​ព្រៃ៖ «បើ​យោង​ទៅ​លើ​ទីតាំង​នៃ​អំពើ​ឃាតកម្ម ខ្ញុំ​យល់​ថា​វា​មិន​លំបាក​រក​ទេ។ យើង​មិន​ចាំ​ពឹង​ផ្អែក​តែ​លើ​ឃាតក​នោះ​ទេ បើ​ឃាតក​ឆ្លើយ​បែប​នេះ យើង​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​អ្វី​ដែល​ជា​ភស្តុតាង​ផ្សេង​ទៀត។ ហើយ​បើ​ខ្លួន​ជួប​ការ​លំបាក​បែប​នេះ ម្ដេច​អាជ្ញាធរ​មិន​រក​អ្នក​ជំនាញ​ស៊ើប​អង្កេត​ខាង​បទល្មើស​ឧក្រិដ្ឋ​បែប​ហ្នឹង​ផ្សេង​ទៀត។ ខ្ញុំ​យល់​ថា បើ​សមត្ថកិច្ច​មាន​សុឆន្ទៈ អាច​សុំ​ទៅ​បណ្ដា​ប្រទេស​ជា​មិត្ត​នោះ ច្បាស់​ជា​គេ​ជួយ»
លោក អេង ឆៃអ៊ាង បន្ត​ថា ប្រសិន​បើ​យុត្តិធម៌​មិន​មាន​នៅ​ពេល​នេះ​ទេ មាន​តែ​រង់ចាំ​ការ​ផ្លាស់ប្ដូរ​អំណាច​គ្រប់គ្រង​តាម​រយៈ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។
ចំពោះ​បញ្ហា​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​នោះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា អាជ្ញាធរ​មិន​ទាន់​បញ្ចេញ​ភ្លាមៗ​តាម​ការ​ទាមទារ​នោះ​ទេ ព្រោះ​ត្រូវ​ទុក​បម្រើ​ការ​ស៊ើប​អង្កេត​បន្ត​ទៀត។ លោក ខៀវ សុភ័គ ក៏​បដិសេធ​ថា រដ្ឋាភិបាល និង​អាជ្ញាធរ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក កែម ឡី នោះ​ទេ។
អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ជឿ​ថា សមត្ថកិច្ច​កម្ពុជា មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ស្វែងរក​ការ​ពិត​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ប្រសិន​បើ​មាន​ឆន្ទៈ​ពិត​ប្រាកដ ហើយ​មិន​មាន​អ្វី​អាថ៌កំបាំង​នៅ​ពី​ក្រោយ៖«ខ្ញុំ​សង្ឃឹម​ថា ករណី​នេះ សមត្ថកិច្ច​លោក​នឹង​ធ្វើ​ការ​ស្រាវជ្រាវ ហើយ​អាច​ចាប់​ឃាតក​ពិត អ្នក​សម​គំនិត ក៏ដូចជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង ទៅ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់ បើ​មិន​អ៊ីចឹង​ទេ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ នឹង​ចោទ​ថា​ការ​បាញ់​សម្លាប់​លោក កែម ឡី គឺ​ជា​រឿង​នយោបាយ»
លោក អំ សំអាត យល់​ថា ប្រសិន​បើ​សមត្ថកិច្ច​កម្ពុជា រក​មិន​ឃើញ​តម្រុយ​ណា​ផ្សេង​នោះ​ទេ គួរ​តែ​មាន​កិច្ច​សហការ​ជាមួយ​ក្រុម​អ្នក​ជំនាញ​ស៊ើប​អង្កេត​ផ្សេង​ទៀត ដូចជា​ភ្នាក់ងារ អេហ្វ.ប៊ី.អាយ (FBI) ជាដើម ដើម្បី​បង្ហាញ​សាធារណជន​ថា ខ្លួន​ពិត​ជា​មាន​ឆន្ទៈ​ធ្វើ​រឿង​នេះ។
សព​លោក​បណ្ឌិត កែម ឡី អ្នក​រិះគន់​រដ្ឋាភិបាល​ដ៏​មាន​ប្រជាប្រិយ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ចុះ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា នៅ​ស្រុក​កំណើត​របស់​លោក ឋិត​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក្រោយ​ពី​ដង្ហែ​ចេញ​ពី​រាជធានី​ភ្នំពេញ​អម​ដោយ​អ្នក​ចូលរួម​ប្រមាណ ២​លាន​នាក់៕ ប្រភពពី www.rfa.org/khmer
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។

អាជ្ញាធរ​បង្ហាញ​សញ្ញា​នៃ​ភាព​លំបាក​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី អាជ្ញាធរ​បង្ហាញ​សញ្ញា​នៃ​ភាព​លំបាក​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី Reviewed by Admin on Wednesday, July 27, 2016 Rating: 5
ads
Powered by Blogger.