ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​ឃុបឃិត​គ្នា​លក់​ដី​រួម​នៅ​ក្នុង​ភូមិ

ប្រជាពលរដ្ឋ​នៅ​ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​សាលាឃុំ​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​បកស្រាយ​ការ​លក់​ដី​រួម​នៅ​ក្នុង​ភូមិ​នីមួយៗ។ ពលរដ្ឋ​ថែមទាំង​ទាមទារ​ឱ្យ​អាជ្ញាធរ​បង្ហាញ​តម្លាភាព និង​ចែក​ប្រាក់​គ្នា ឬ​រក្សាទុក​ដី​សហគមន៍​ក្នុង​ភូមិ​សម្រាប់​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​ដូចដើម​វិញ។ បញ្ហា​នេះ អាជ្ញាធរ​ឃុំ​និយាយ​ថា ការ​សម្រេច​លក់​ដី​សម្បទា​ន​សម្រាប់​ទុក​ជូន​ពលរដ្ឋ​ក្រីក្រ​នោះ គឺ​មិន​មែន​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ទេ ប៉ុន្តែ​មាន​ការ​ឯកភាព​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ផង។
ប្រជាពលរដ្ឋ​ជាង ១០០​នាក់ នាំ​គ្នា​មក​តវ៉ា​នៅ​សាលាឃុំ​បារាយណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ដើម្បី​ស្នើ​ឱ្យ​អាជ្ញាធរ​ឃុំ​បង្ហាញ​តម្លាភាព​ចំពោះ​ការ​លក់​ដី​រួម​នៅ​ក្នុង​ភូមិ។ ពលរដ្ឋ​បញ្ជាក់​ថា ប្រសិនបើ​ដី​រួម​ទាំង​នោះ​បាន​លក់​រួច​ទៅ​ហើយ គប្បី​ផ្ដល់​ថវិកា​ឱ្យ​ពួកគាត់​ទៅ​តាម​ភាព​ជាក់ស្ដែង ឬ​ត្រូវ​រក្សាទុក​ដី​ទាំង​នោះ​ធ្វើ​ជា​របស់​រួម​នៅ​ក្នុង​ភូមិ​ដូចដើម​វិញ។
ប្រជាពលរដ្ឋ​នៅ​ភូមិ​ចតុលោក មួយ​រូប លោកស្រី ប៉េង ចាន់ស៊ី ឱ្យ​ដឹង​ថា ដី​រួម​នៅ​ក្នុង​ភូមិ​ទុក​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ឃុំ លក់​ឱ្យ​អ្នក​មាន​ប្រាក់​កាល​ពី​ពេល​កន្លង​មក។ អ្នកស្រី​ថា ប្រសិនបើ​ដី​នោះ​បាន​លក់​រួច​ទៅ​ហើយ គប្បី​ផ្ដល់​ជូន​ថវិកា​ដល់​ពលរដ្ឋ​ក្រីក្រ​ទៅ​តាម​ភាព​ជាក់ស្ដែង ជៀសវាង​បែងចែក​តែ​បក្ខពួក​របស់​ខ្លួន៖ «មក​កន្លែង​ឃុំ​នេះ លោក​ពូ​មក​ដើម្បី​ចង់​ដឹង​ថា ដី​ដែល​គេ​ថា​ទុក​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ហ្នឹង ដី​អាង ថោង ខុន ហ្នឹង​ខាង​លិច។ រួច​ទៅ​អ្នក​បារាយណ៍ អ្នក​បាណក គេ​បាន​អស់​ហើយ ហេតុ​អី​អ្នក​ភូមិ​ចតុលោក ហ្នឹង​អត់​បាន»
ដី​ស្រែ​នៅ​វាល​ខាងលិច​ជាប់​ទំនប់​អាងទឹក​ខាងលិច​ទួលទន្លេជុំ ជាង ២០០​ហិកតារ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ផ្តល់​ជូន​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​បារាយណ៍ ដែល​មាន​ភូមិ​ចំនួន​១១។ ដី​ទាំង​នោះ ក្រោយ​ពេល​ធ្វើ​អាងទឹក និង​កាត់​ដី​ប៉ះពាល់​ប្រជាពលរដ្ឋ ព្រមទាំង​ផ្តល់​ជូន​ក្រុម​គ្រួសារ​យោធិន​មួយ​ចំនួន​រួច​មក គឺ​នៅ​សល់​ចំនួន​ជាង ១០០​ហិកតារ។ អាជ្ញាធរ​សម្រេច​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​ភូមិ​ទាំង ១១ ដោយ​ក្នុង​មួយ​ភូមិ​ទទួល​បាន​ដី​ចំនួន ១២​ហិកតារ សម្រាប់​បម្រុង​ទុក​ឱ្យ​ក្រុម​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ដើម្បី​បង្កបង្កើនផល។
ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក ដី​ទាំង​នោះ​ត្រូវ​បាន​ជួល​ឱ្យ​ឯកជន​ធ្វើ​ស្រែ​រហូត ពីព្រោះ​ប្រជាពលរដ្ឋ​មិន​មាន​លទ្ធភាព​ធ្វើ​ទេ ដោយសារ​ទំហំ​បែង​ចែក​ជូន​ពួកគាត់​គឺ​មាន​ទំហំ​តូច។ រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០១៦ ទើប​ប្រជាពលរដ្ឋ​ទទួល​ដំណឹង​ថា ដី​ទាំង​នោះ អាជ្ញាធរ​ភូមិ​បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ឃុំ​លក់​ឱ្យ​ឈ្មួញ​បាត់​ទៅ​ហើយ ដោយ​មាន​ភូមិ​ខ្លះ​អាជ្ញាធរ​បាន​បែងចែក​ប្រាក់​មួយ​ចំណែក​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​ភូមិ​ខ្លះ​ទៀត​បាត់​ដំណឹង​សូន្យ។
អ្នក​ភូមិ​ចតុលោក មួយ​រូប​ទៀត លោក លឹម ណន រៀបរាប់​ថា ប្រសិនបើ​អាជ្ញាធរ​មិន​បាន​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​ឱ្យ​មាន​តម្លាភាព ពួកគាត់​នឹង​នាំ​គ្នា​ឡើង​ទៅ​តវ៉ា​ដល់​អាជ្ញាធរ​ខេត្ត​តែម្ដង។ លោក​យល់​ថា អាជ្ញាធរ​សម្រេច​លក់​ដី​រួម​របស់​ពួកគាត់​ទៅ​ឱ្យ​អ្នកមាន​ប្រាក់ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ៖«ដី​ហ្នឹង​ចូល​ទៅ​ក្នុង​នាម​យក​លុយ​មក​ទុក​ខ្លួនឯង លុយ​ហ្នឹង​គេ​ចែក​ទៅ ក្នុង​មួយ​ភូមិ​បាន ១៨.០០០​ដុល្លារ»
​ជំទប់​ទី​២ ឃុំ​បារាយណ៍ លោក អ៊ុច ឡេក មាន​ប្រសាសន៍​ថា រឿង​លក់ដូរ​ដី​សម្បត្តិ​រួម​ក្នុង​ភូមិ​នីមួយៗ​នោះ គឺ​លោក​មិន​បាន​ដឹង​ឡើយ ពោល​គឺ​ជា​ការ​ធ្វើ​ឡើង​រវាង​អាជ្ញាធរ​ភូមិ និង​ទទួល​ស្គាល់​ដោយ​មេ​ឃុំ​បន្ទាប់។ លោក​ថា ដី​នោះ​បាន​បាត់បង់​ជា​ច្រើន​ហិកតារ កាល​ពី​ពេល​កន្លង​ទៅ​ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​យល់​ព្រម​លក់​ដើម្បី​បាន​ប្រាក់​ចែក​គ្នា​ខ្លះ ជៀសវាង​បាត់បង់​អស់​នៅ​ពេល​ក្រោយ៖ «ខ្លះ​គេ​ថា មិន​ចង់​ទុក​ទេ គេ​ថា ទុក​យូរៗ​ទៅ​បាត់ ទុក​ប្រាំ ប្រាំមួយ​ឆ្នាំ បាត់​អស់​ពាក់​កណ្ដាល​ហើយ បើ​ទុក​តិច​ទៀត​ទៅ​ក្រែងលោ​វា​បាត់​ទៀត»
​ទោះជា​យ៉ាង​នេះ​ក្តី មេ​ឃុំ​បារាយណ៍ លោក ធូ សេង បញ្ជាក់​ថា ដី​នោះ​មិន​មែន​ជា​ដី​រួម​នៅ​ក្នុង​ភូមិ​ទេ ប៉ុន្តែ​ជា​ដី​សម្បទាន​បម្រុង​ទុក​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ។ លោក​ថា ក្នុង​ចំណោម​ភូមិ​ទាំង​១១ ដែល​ទទួល​បាន​ដី​សម្បទាន​ចំនួន ១២​ហិកតារ គឺ​មាន​ភូមិ​ចំនួន​ពីរ បាន​ឯកភាព​គ្នា​រវាង​ពលរដ្ឋ និង​មេ​ភូមិ​សម្រេច​លក់​ដី​ទាំង​នោះ កាល​ពី​ឆ្នាំ​២០១០។ លោក​បន្ត​ថា នៅ​ឆ្នាំ​២០១៦ មាន​ភូមិ​ចំនួន ៧ ទៀត​បាន​យល់ព្រម​លក់​ដី​សម្បទាន​នោះ​ទៅ​ឯកជន​បន្ត ហើយ​មាន​ការ​យល់​ព្រម​ពី​ពលរដ្ឋ​ចំនួន ៤០​គ្រួសារ ក្នុង​ភូមិ​នីមួយៗ ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ដី​សម្បទាន​កន្លង​មក៖ «បាទ! យើង​លក់​ឱ្យ​គេ​ហើយ យើង​ចែក​ឱ្យ​គ្នា​ខ្លះ​សែ​ពីរ​គ្រួសារ ខ្លះ​សែ​អ៊ីចឹង​ទៅ ហើយ​អ្នក​ដែល​អត់​បាន​គាត់​ឆោឡោ​មក»
មេ​ឃុំ​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ភូមិ​ចំនួន ៧ ដែល​សម្រេច​លក់​ដី​សម្បទា​ន​នោះ គឺ​អាជ្ញាធរ​ឃុំ​ដោះស្រាយ​បាន​ចំនួន​ពីរ​ភូមិ​ហើយ នៅ​សល់​ក្រៅ​ពី​នោះ អាជ្ញាធរ​កំពុង​សម្រប​សម្រួល​ដោះស្រាយ​តាម​ភាព​ជាក់ស្ដែង។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ស្នើ​សុំ​រក្សា​ជា​ដី​បម្រុង​ទុក​ក្នុង​ភូមិ​វិញ គឺ​មិន​អាច​ទៅ​រួច​ឡើយ ពីព្រោះ​អាជ្ញាធរ​ភូមិ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​យក​ប្រាក់​ចែក​គ្នា​អស់​ទៅ​ហើយ។
សមាជិក​ក្រុមប្រឹក្សា​ស្រុក​បារាយណ៍ គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​តាមដាន​រឿង​នេះ លោក កត សុភាព ឱ្យ​ដឹង​ថា មូលហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា ដោយសារ​អាជ្ញាធរ​សម្រេច​លក់​ដី​រួម​មិន​បាន​ជម្រាប​ជូន​ពលរដ្ឋ​ឱ្យ​បាន​ដឹង​ជា​មុន ម្យ៉ាង​ការ​បែងចែក​ផល​លាភ​មិន​បាន​ស្មើ​ភាព​គ្នា​ទៀត។ លោក​មិន​គាំទ្រ​ទាល់​តែ​សោះ​ចំពោះ​សកម្មភាព​បិទបាំង​ព័ត៌មាន និង​ការ​លក់​ដី​រួម​នៅ​ក្នុង​ភូមិ​មិន​បាន​ពិភាក្សា​គ្នា​ឱ្យ​បាន​ទូលំទូលាយ​បែប​នេះ៖ «ព្រោះ​ដី​ហ្នឹង​ជា​ដី​រួម មិន​អាច​អ្នក​ឯង​ធ្វើ​អី​ស្រេច​តែ​ចិត្ត​អ្នក​ឯង ហើយ​យក​លុយ​មក​ត្បិតត្បៀត លាក់បាំង​ប្រជាពលរដ្ឋ»
ជាមួយ​គ្នា​នេះ មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញូង សាមឿន មើល​ឃើញ​ថា ដី​សម្បទាន​បម្រុង​ទុក​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​សហគមន៍ គឺ​ជា​រឿង​ល្អ ប៉ុន្តែ​បើ​មាន​ការ​ឃុបឃិត​គ្នា​លក់​ដី​ទាំង​នោះ លោក​ថា ជា​រឿង​ខុសច្បាប់។ លោក​បន្ត​ថា ប្រសិនបើ​មាន​ពលរដ្ឋ​ជា​ច្រើន​មិន​ពេញ​ចិត្ត ពួកគាត់​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​ថ្នាក់លើ​តាម​ឋានានុក្រម​បាន៖ «ទាក់ទង​ប្រជាពលរដ្ឋ​គាត់​មាន​ឆន្ទៈ តវ៉ា​ទាមទារ​ដី​ហ្នឹង​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ទុក​ជា​ដី​សាធារណៈ​របស់​រដ្ឋ​វិញ​នោះ វា​ជា​សិទ្ធិ​របស់​គាត់»
មន្ត្រី​សិទ្ធិមនុស្ស​ដដែល​និយាយ​ទៀត​ថា ដើម្បី​កុំ​ឱ្យ​មាន​សកម្មភាព​តវ៉ា​កើត​ឡើង អាជ្ញាធរ​មូលដ្ឋាន​គប្បី​ប្រជុំ​ពិភាក្សា ឬ​ផ្សព្វផ្សាយ​ប្រាប់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ​ជាមុន​ចំពោះ​ការ​សម្រេច​លក់​ដូរ​ទ្រព្យសម្បត្តិ​សាធារណៈ​ក្នុង​សហគមន៍។ បន្ថែម​ពី​នេះ ពួកគេ​ត្រូវ​បង្ហាញ​តម្លាភាព និង​បែងចែក​ផល​លាភ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ស្មើភាព​គ្នា​ជាដើម៕
ផែនទី​ខេត្ត​កំពង់ធំ។

ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​ឃុបឃិត​គ្នា​លក់​ដី​រួម​នៅ​ក្នុង​ភូមិ ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​ឃុបឃិត​គ្នា​លក់​ដី​រួម​នៅ​ក្នុង​ភូមិ Reviewed by Admin on Wednesday, July 27, 2016 Rating: 5
ads
Powered by Blogger.